សេចក្តីថ្លែងការណ៍រួម ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហជីព ពិតជាមានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លើករណី លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) ដោយផ្តន្ទាទោសដាក់ពន្ធាគារ រយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល លើស្ថានទម្ងន់ទោសមិនរាងចាល និងសម្រេចរឹបអូសទូរស័ព្ទមួយគ្រឿងក្រោមបទចោទ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា សកម្មភាពរបស់លោក កើត សារ៉ាយ បានចុះទៅជួបប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលរងការបណ្តេញចេញពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤  និងការអំពាវនាវឱ្យអាជ្ញាធរមានការអត់ធ្មត់ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាការប្រើប្រាស់សិទ្ធិដោយស្របច្បាប់ ។ យោងមាត្រា៣៥ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ”ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ…” ហើយដែលភាពសកម្មទាំងនេះមិនគួរត្រូវបានចោទប្រកាន់ និងដាក់ទោសទណ្ឌនោះទេ ។ ផ្ទុយមកវិញ ពួកគេគួរតែត្រូវបានការកោតសរសើរ និងលើកទឹកចិត្តពីរដ្ឋាភិបាលទៅវិញទេ ។

យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា ការសម្រេចផ្តន្ទាទោសលើលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គឺជាការបង្ហាញជាថ្មីទៀតនូវការគំរាមកំហែង និងការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់​ប្រជាពលរដ្ឋ ជាពិសេសសកម្មជនសិទ្ធិមនុស្ស ដីធ្លី ព្រៃឈើ បរិស្ថាន  និង សកម្មជនសង្គមផ្សេងទៀត ដែលបានធ្វើសកម្មភាពក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជា        ធិបតេយ្យ និងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់របស់ពួកគេ ហើយក៏បានបង្ហាញពីការខកខានរបស់រដ្ឋាភិបាល ចំពោះកាតព្វកិច្ចសិទ្ធិមនុស្សក្នុងនាមជារដ្ឋហត្ថ   លេខី នៃកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាផងដែរ ។

ដូច្នេះ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហជីព សហគមន៍ ស្នើឱ្យតុលាការ​ផ្តល់យុតិ្តធម៌ដល់លោក កើត សារ៉ាយ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ ដើម្បី​ឱ្យគាត់បានបន្តបេសកកម្មក្នុងកិច្ចការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ​ សម្រាប់ជាឧត្តមប្រយោជន៍ដល់​ប្រទេសជាតិ និងប្រជាជន​​ ហើយក៏សូមស្នើដល់រាជរដ្ឋាភិបាល បើកនូវលំហសេរីភាពដល់ប្រជាពលរដ្ឋ សកម្មជន គ្រប់និន្នាការទាំងអស់ ដើម្បីអាចចូលរួមសកម្មក្នុងបុព្វហេតុសង្គមជាតិដោយសេរី និងគ្មានការភ័យខ្លាច ៕

­សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

២. អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)

៣. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

៤. អង្គការភាពជាដៃគូដើម្បរិស្ថាន និងអភិវឌ្ឍ (PED)

៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៦.​ អង្គការសមាគមធាងត្នោត (STT)

៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)

៨. សមាគមប្រជាធិបតេយ្យឯករាជ្យ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៩. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១០. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ទាញយកសេចក្តីថ្លែងការណ៍