សេចក្តីថ្លែងការណ៍រួម បញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលដែល​មាន​រាយ​នាមដូច​ខាង​ក្រោម សូមអំពាវនាវដល់រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការឱ្យ​បាន​ឆាប់​រហ័ស និង​​ជាក់លាក់ ដើម្បីធានានូវ​ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ​និងអ្នក​ការ​ពារ​សិទ្ធិមនុស្ស ​ដែល​បាន​ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

យោង​តាម​កំណត់ត្រា​ដែល​បាន​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​យ៉ាង​ហោច​ណាស់​អ្នក​សារព័ត៌មានចំនួន១៥​នាក់​ត្រូវ​បាន​​សម្លាប់​នៅ​ក្នុងប្រទេសកម្ពុជាចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក ហើយ​ពួក​គេ​នៅ​មិនទាន់​ទទួល​​បាន​យុត្តិធម៌​នៅ​ឡើយ​។ ក្នុង​ចំណោមនោះ អ្នកសារព័ត៌មានចំនួន១២នាក់បានរាយការណ៍អំពីបញ្ហារសើបមុនពេលពួកគេត្រូវបានសម្លាប់។

ការយាយី និងការគំរាមកំហែង លើអ្នកសារព័ត៌មាននៅតែជាក្តីបារម្ភនៅ​ឆ្នាំ២០២៤នេះ​។ យោងតាមសមាគម​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) អ្នកសារព័ត៌មាន ចំនួន ៤៦នាក់ បានរង​ការ​យាយីក្នុងរយៈពេល០៩ខែ ក្នុងឆ្នាំ២០២៤  (ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៤)។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង៤៦នាក់នេះ មានអ្នកសារព័ត៌មាន ៣៤​នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការដែ​ល​​រួមបញ្ចូល ការកោះហៅមកសាកសួរ ការកោះ​ហៅមកបង្ហាញខ្លួននៅ​តុលាការ ​និង​ការ​ឃាត់ខ្លួន។​ បន្ថែមពីនេះ អ្នក​សារព័ត៌​មាន​ចំនួន​៧​នាក់រង​នូវ​ការ​បៀតបៀន​លើរាង​កាយ​ និង​អ្នក​សារព័ត៌​មាន​ចំនួន​៥​នាក់ទៀត​ប្រ​ឈមនឹង​ការ​រឹតត្បិតក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន។​​ អាជ្ញាបណ្ណសារព័ត៌មានចំនួន៣ ត្រូវបានដកហូត។ ជាលទ្ធផល ​អង្គ​​ការ​អ្នកសារព័ត៌​មាន​គ្មា​នព្រំដែន​បាន​ចាត់​ថ្នាក់​ប្រ​ទេសកម្ពុជានៅលេខ​១៥១ ក្នុង​ចំណោម១៨០ប្រទេសនៅក្នុង​ឆ្នាំ​២០២៤ ហើយ        ​ចំណាត់ថ្នាក់នេះបង្ហាញថា​ស្ថានភាព​នៃសេរីភាព​សារព័ត៌​មាន​គឺមិន​ល្អ​។​

ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារព័ត៌មាន ជា​ពិសេស​អ្នក​​ដែលកំពុងរាយការណ៍លើប្រធានបទសិទ្ធិមនុស្ស ​ធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងការបញ្ចេញមតិ និងសារព័ត៌មាន បង្ក​ជា​ការ​គំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន។ ការយាយី និងការធ្វើទុក្ខបុកម្នេញនេះកាន់​តែ​បង្ក​ផល​​លំបាក​ថែម​ទៀត ក្នុង​ការ​នាំ​ឱ្យ​បុគ្គលមានអំណាចទទួលខុសត្រូវចំពោះ​កំហុស​របស់​ខ្លួន​។ នៅពេលដែលអាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតត្រឹមត្រូវ និងផ្តន្ទាទោសអ្នក​ប្រព្រឹត្ត​លើអ្នកសារព័ត៌មានជាសារមួយបង្ហាញថា បទល្មើសបែបនេះត្រូវបានអនុញ្ញាត ។

និទណ្ឌភាព​ចំពោះ​បទឧក្រិដ្ឋបែប​នេះ​  មិនមែន​​កើត​មាន​ចំពោះ​​តែ​ទៅលើការ​វាយ​ប្រ​ហារលើ​អ្នក​សារព័ត៌​មាន​​​ប៉ុណ្ណោះ​ទេ។ កង្វះខាតនូវការស៊ើបអង្កេត ​និង​នីតិ​វិធីព្រហ្មទណ្ឌត្រឹម​ត្រូវ​ក្នុង​ករណី​ឃាតកម្ម​លើសកម្ម​ជនបរិស្ថាន​ លោក ឈុត វុទ្ធី សកម្មជនសហជីព លោក ជា វិជ្ជា និង​លោក រស់ សុវណ្ណារ៉េត​ អ្នក​វិភាគនយោបាយ            លោកបណ្ឌិត កែម ឡី កាន់​តែ​បង្ហាញ​ពីការរីករាលដាល​នៃ​វប្បធម៌និទណ្ឌភាពដែល​មាន​នៅក្នុង​ប្រ​ទេសកម្ពុជាបន្ថែម​ទៀត​។​ ករណីរៀប​រាប់​ខាង​លើ​គ្រាន់​តែ​ជា​ផ្នែកមួយនៃករណីជា​ច្រើន​ទៀតនៃ​ការ​រំលោភបំពាន​លើ​អ្នក​សារព័ត៌​មាន​ អ្នក​ការ​ពារ​សិទ្ធិមនុស្ស ​សមាជិក​នយោបាយ​ជំទាស់​ សហជីព និង​សកម្មជនផ្សេងៗទៀត​ដែល​ករណី​ពួក​គេមិន​ត្រូវ​បាន​ដោះស្រាយពីសំណាក់​ស្ថាប័នដែល​មាន​តួ​នាទី​ការ​ពារសិទ្ធិមូលដ្ឋាននៅក្នុងប្រ​ទេសកម្ពុជា។​

ដូច្នេះ យើងខ្ញុំសូម​អំពាវ​នាវដល់រដ្ឋាភិបាល​​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យទៅលើឧក្រិដ្ឋកម្មដែល​បាន​ប្រ​ព្រឹត្ត​លើ​អ្នក​សារព័ត៌​មាន​ និង​អ្នក​ការ​ពារសិទ្ធិមនុស្ស។ ​​ការ​ស៊ើបអង្កេតទាំងនេះត្រូវតែប្រព្រឹត្តទៅដោយ​ឆាប់​រហ័ស និងស្រប​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិដែល​រួម​​បញ្ចូល​ទាំង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ ​និងសិទ្ធិនយោបាយ ផែន​ការ​សកម្មភាពនៃ​អង្គ​ការសហប្រ​ជា​ជាតិស្តីពីសុវត្ថិភាពរបស់​អ្នក​សារព័ត៌​មាន​ និងបញ្ហា​និទណ្ឌភាព ​និង​គោល​ការណ៍សម្រាប់​ការ​ពារ ​និងលើកកម្ពស់សិទ្ធិមនុស្សតាម​រយៈសកម្មភាពប្រឆាំងនិទណ្ឌភាព ដែលក្រុម​ប្រឹក្សាសេដ្ឋកិច្ច ​និង​សង្គមរបស់អង្គ​ការ​សហប្រ​ជាជាតិ​បាន​ធ្វើ​បច្ចុប្បន្នភាព​។  ​

យើងខ្ញុំសូម​ទាម​ទារ​យុត្តិធម៌សម្រាប់​អ្នកទាំង​ឡាយណា​ដែល​សិទ្ធិរបស់​គេ​មិន​ត្រូវ​បាន​អើពើ។​                រដ្ឋាភិបាល​កម្ពុជា​​​ត្រូវ​តែថ្កោលទោស​ ​និង​បញ្ចប់នូវ​និទណ្ឌភាពចំពោះ​​ឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ​និងអ្នក​ការ​ពារ​សិទ្ធិមនុស្ស។​

សេចក្ដីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

២.​ សហព័ន្ធសហជីពកម្ពុជា​(CATU)

៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)

៤.​ មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រ​ព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM)

៥.​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(សមាគមអាដហុក)

៦.​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)

៧.​វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៨.​ Centre for Independent Journalism (CIJ) Malaysia

៩.​គណៈកម្មាធិការដើម្បីការ​បោះឆ្នោតដោយសេរី ​និង​យុត្តិធម៍នៅកម្ពុជា(COMFREL)

១០.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១១.​អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស (លីកាដូ)​

១២.​សមាគមបណ្តាញយុវជន​កម្ពុជា(CYN)

១៣.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១៤.​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

ទាញយកសេចក្តីថ្លែងការណ៍