ថ្ងៃពុធ១២កើត ខែអាសាឍ ឆ្នាំរោងឆស័កព.ស២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤
សមាគមអាដហុកមានការសោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាជ្ញាធរក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានលើកគ្នាជាច្រើននាក់សម្រុកមកដោះបដាដែលចង់នៅមុខទីស្នាក់ការសាខាសមាគមអាដហុក ខេត្តកំពង់ចាម ទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលត្រូវសមត្ថកិច្ចឃុំខ្លួនកាលពីថ្ងៃ ០៥ មេសា ២០២៤ ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៩ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានកំលាំងស្លៀកពាក់ស៊ីវិលប្រមាណជា១២នាក់ ស្រី ២នាក់ បានចូលមកកាត់យកបដាដែលចងនៅនឹងទ្វាររបងទីស្នាក់ការសមាគមអាដហុកខេត្តកំពង់ចាម ខណៈទីស្នាក់ការកំពុងបិទទ្វារដោយបុគ្គលិកសមាគមមិននៅ ។ ការចុះមករុះរើនេះ គឺនៅបន្ទាប់ពីសមាគមបានទទួលលិខិតមួយច្បាប់របស់រដ្ឋបាលក្រុងកំពង់ចាមលេខ៣៣១/២៤លខចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈតេឡេក្រាមលោកមេភូមិ១ ក្នុងន័យដាក់ឱសានវាទដល់សមាគមរុះរើបដា ឬខិតប័ណ្ណទាមទារឱ្យមានការដោះលែងលោក កើត សារាយ ចេញឱ្យអស់ត្រឹមម៉ោង ៩ព្រឹក ថ្ងៃ១៧ កក្កដា ២០២៤ ដោយសំអាងថា បដាទាមទារនោះ ជាការរំខានដល់ស្ថាប័នតុលាការ ជាស្ថាប័នឯករាជ្យក្នុងការអនុវត្តនីតិវិធីច្បាប់ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។
សមាគមអាដហុកយល់ឃើញថា សកម្មភាពរបស់រដ្ឋបាលក្រុងកំពង់ចាមខាងលើគឺជាការរិតត្បឹត និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់ជាតិ អន្តជាតិ ជាពិសេស រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា៣៥, មាត្រ៤១ និងមាត្រា១៩ នៃកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋនយោបាយ ។
សមាគមអាដហុកយល់ឃើញថា ការអះអាងរបស់រដ្ឋបាលក្រុងកំពង់ចាមថា ការបិទផ្សាយនូវបដា ឬខិតប័ណ្ណទាមទារឱ្យមានការដោះលែងលោកកើត សារ៉ាយ គឺកំពុងរំខានដល់ស្ថាប័នតុលាការ និងកំពុងបង្ករឱ្យមានការប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងកំពង់ចាម គឺជាការអះអាងមួយដោយមិនមានហេតុផលសមស្របឡើយ ព្រោះក្នុងក្រុងកំពង់ចាមយើងសង្កេតឃើញមានការដាក់តាំងបដា ក៍ដូចជាស្លាកប៉ាណូជាច្រើនហើយមានទំហ៊ំធំៗជាងបដារូបកើត សារ៉ាយ ហើយនៅតាមទីសាធារណៈថែមទៀតផង មួយវិញទៀតបដាទាមទារនេះពុំមែនមាននៅតែស្នាក់ការសមាគមអាដហុក ខេត្តកំពង់ចាមមួយទេគឺ ក៍មាននៅតាមបណ្តាអង្គការ សមាគម តាមខេត្ត ក្រុងផ្សេងៗជាច្រើនទៀតដែរ ។
សមាគមអាដហុកសូមស្នើដល់ក្រសួងមហាផ្ទៃ មេត្តាធ្វើការពិនិត្យ និងមានវិធានការណ៍សមស្រប ចំពោះរដ្ឋបាលក្រុងកំពង់ចាម ដើម្បីធានាដល់លំហរសេរីភាព ក្នុងការធ្វើសកម្មភាពរបស់អង្គការ សមាគម ដោយគ្មានការរិតត្បឹត ៕
ព័ត៌មានបន្ថែមសូមទាក់ទង
លោក យិន ម៉េងលី ០៨៦ ៤០៨ ៦៦៦