ប្រជាសហគមន៍ដីធ្លីដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ចរបស់រដ្ឋបាលខេត្តកោះកុង ទាមទារឱ្យអាជ្ញាធរ ចុះវាយតម្លៃឱ្យបានត្រឹមត្រូវ

ពលរដ្ឋប្រមាណ ៣០០នាក់ មកពីសហគមន៍ដីធ្លី៩៥៥ នៅក្នុងស្រុកស្រែអំបិល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ព្រឹកនេះ បានជួបជុំគ្នានៅបរិវេណសាលាស្រុកស្រែកអំបិល ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណង ទាមទារឱ្យអាជ្ញាធរស្រុកស្រែអំបិល ចុះវាយតម្លៃប្រជាពលរដ្ឋដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ចរបស់រដ្ឋបាលខេត្តកោះកុង ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងគ្មានភាពលំអៀង។ តាមសម្តី អ្នកស្ត្រីចាន់ គៀន ជាប្រធានក្រុមនៅភូមិតាថោង ប្រាប់ថា កាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៣  រដ្ឋបាលស្រុកស្រែអំបិលបានចុះវាយតម្លៃម្ដងរួចមកហើយ តែត្រូវប្រជាពលរដ្ឋបដិសេធ ថាការវាយតម្លៃរបស់រដ្ឋបាលស្រុកស្រែអំបិល គឺគ្មានតម្លាភាព។ រដ្ឋបាលស្រុកស្រែអំបិល គ្រោងនឹងចុះវាយតម្លៃពលរដ្ឋដែលត្រូវទទួលដីសម្បទានសង្គមកិច្ចសាជាថ្មី នៅថ្ងែទី១៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕