យើងទាំងអស់គ្នាតំណាងឱ្យ សមាគម បណ្តាញ សហគមន៍មូលដ្ឋាន សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការងារផ្នែកសិទ្ធិមនុស្ស សិទ្ធិការងារ បរិស្ថាន និងសង្គម មានដូចជា ឧស្សាហកម្មកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ កម្មករធ្វើការងារតាមផ្ទះ កសិករ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញយុវជនបានរួមសហការគ្នា ជាដើម បានរៀបចំ ទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១១៣ ក្រោមប្រធានបទ “ធានាសិទ្ធិសេរីភាពស្រ្តីនិងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម” និងសូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទីស្តីការគណៈរដ្ឋមន្រ្តី និងវិស័យឯកជន សូមឱ្យចាត់នូវវិធានការក្នុងការឆ្លើយតបជាអាទិភាពចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្រ្តីក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់លើស្រ្តីនិងក្មេងស្រី ជាពិសេសនៅក្នុងវិស័យការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បរិស្ថាន និងវិស័យគាំពារសង្គម ។
យើងខ្ញុំពិតជាទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ កន្លងមកអស់រយៈពេលជិត៣០ឆ្នាំមកនេះ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថាការអើសអើងមួយចំនួនមកលើស្រ្តីនៅតែបន្តកើតមានស្ទើរតែគ្រប់វិស័យ គ្រប់ទម្រង់ និងគ្រប់ទីកន្លែង រួមមាននៅក្នុងផ្ទះ នៅក្នុងសហគមន៍ កន្លែងធ្វើការ និងនៅតាមទីសារធារណៈ ដែលមានដូចជា ការប្រើអំពើហិង្សាដោយផ្អែកលើយេនឌ័រមកលើស្រ្តី ក្មេងស្រី និងអ្នកស្រលាញ់ភេទដូចគ្នា ការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងមកលើសកម្មជនស្ត្រីដែលជាតំណាង អង្គការសង្គមស៊ីវិល សហជីព សកម្មជនដីធ្លី សកម្មជននយោបាយ និងអ្នកសារព័ត៌មានជាស្ត្រីគ្រប់រូបភាពផង។
ស្ថានភាពកូវីដ-១៩ បានធ្វើឱ្យជីវភាពរបស់អ្នកងាយរងគ្រោះ ត្រូវបានធ្លាក់ក្នុងស្ថានភាពកាន់តែរងគ្រោះជាងមុន ហើយបញ្ហាថ្មីបានកើតឡើងក្នុងអំឡុងពេលនោះ ដែលនេះជាបន្ទុកធ្ងន់ដល់ពួកគេ។ តាមរយៈការបាត់បង់ចំណូល និងការកើនឡើងបំណុលបន្ថែម ធ្វើឲ្យកូនៗរបស់កម្មករនិយោជិតមួយចំនួនត្រូវបង្ខំចិត្តបោះបង់ការសិក្សា ដើម្បីចេញធ្វើការងារ ជួយដោះបំណុលរបស់ក្រុមគ្រួសារ រីឯគ្រួសារកម្មករទាំងនោះព្យាយាមកាត់បន្ថយអាហារដើម្បីសន្សំថវិការបង់ធនាគារ។ ការបាត់បង់ការងារ និងការប្រែក្លាយពីកម្មករដែលស្ថិតនៅក្នុងប្រព័ន្ធដែល រួមមានកម្មករក្នុងវិស័យសេវាកម្សាន្ត វិស័យសំណង់ និងជាពិសេសកម្មការដែលធ្វើការនៅឡឥដ្ឋជាដើម ដែលទទួលបានការចុះបញ្ជីពីបេឡាជាតិសន្តិសុខសង្គមទៅជា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធលែងទទួលការការពារ និងការគាំពារសង្គម ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម ដោយសារតែកង្វះខាតនៃការធ្វើអធិការកិច្ចការងារនៅក្នុងគ្រឹះស្ថាន និងកន្លែងការងារទាំងនោះ។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ «សម្ពាធក្រោមថ្នេរសាច់ក្រណាត់» កម្មករចំនួន៩១% ជំពាក់បំណុលគេ ហើយ ៧០% កើនបំណុល ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមស្ថានភាពនេះ និយោជកមួយចំនួនបានបិទសហគ្រាស ដោយមិនមានការទូទាត់ប្រាក់សំណងសមរម្យជូនដល់ កម្មករនិយោជិតឡើយ។ និយោជកមួយចំនួន បានយកហេតុផលថា ដោយសារស្ថានភាពកូវីដ-១៩ ហើយក៏បានធ្វើការរំសាយកម្មករនិយោជិត ដែលរួមមានទាំងថ្នាក់ដឹកនាំសហជីពផងដែរ។ បើទោះបីរាជរដ្ឋាភិបាលបានអន្តរាគមន៍តាមរយៈគោលនយោបាយក្តី ក៏ការអន្តរាគមន៍នេះ បានគ្របដណ្តប់បានតែលើកម្មករនិយោជិតចំនួនតិចតួចតែប៉ុណ្ណោះ។ នេះមានន័យថាកម្មករនិយោជិតតិចតួចតែប៉ុណ្ណោះ ដែលបានជំនួយឧបត្ថម្ភពីកម្មវិធីរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធជំនួយសង្គមនេះ។
ដូច្នេះក្នុងឱកាស ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ នេះ យើងទាំងអស់គ្នា សូមលើកយកតម្រូវការ និងដំណោះស្រាយជាអាទិភាពចំនួន ១៦ចំណុច ដែលយើងទាំងអស់គ្នាធ្លាប់បានលើកឡើងកន្លងមក តាំងពីឆ្នាំ២០១៩ ដូចខាងក្រោម ដាក់ជូនដល់រាជរដ្ឋាភិបាល សូមលោកមេត្តាជួយដោះស្រាយជាអាទិភាព។ យើងខ្ញុំក៏ធ្លាប់បានស្នើសុំពីមុនមកផងដែរ ដោយបានដាក់ញត្តិជូនទៅកាន់ក្រសួងពាក់ព័ន្ធ និងអ្នកតាក់តែងគោលនយោបាយផងដែរ។ យើងខ្ញុំបានធ្វើលិខិតណាត់ជួបជាបន្តបន្ទាប់ ដើម្បីចូលរួមបំភ្លឺ និងសន្ទនាលើស្ថានភាពទាំងនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលបានដឹងលឺដោយផ្ទាល់ ហើយចូលរួមដោះស្រាយបញ្ហារបស់កម្មករនិយោជិត និងប្រជាពលរដ្ឋ។ តែគួរឱ្យសោកស្តាយ លិខិតស្នើណាត់ជួបដើម្បីសន្ទនាបញ្ហាទាំងនោះ មិនទទួលបានការឆ្លើយតបនោះទេ។
ជាថ្មីម្តងទៀតយើងទាំងអស់គ្នា សូមទទូចដល់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ សូមលោកមេត្តាពិនិត្យ និងដោះស្រាយនូវតម្រូវការ ដែលមានចំណុចដូចខាងក្រោម៖
តម្រូវការទី១៖ បង្កើនចំនួនមត្តេយ្យសហគមន៍ និងទារកដ្ឋាន និងពង្រឹងគ្រឹះស្ថានដែលមានស្រាប់ឱ្យមានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ
តម្រូវការទី២៖ ធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបង្កើតឱ្យមានជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតាមផ្ទះ កម្មករចំណាកស្រុក និងស្ត្រីងាយរងគ្រោះនៅតាមសហគមន៍
តម្រូវការទី៣៖ ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរឹងចំពោះអំពើហិង្សា ចំពោះការបៀតបៀន គ្រប់ទម្រង់មកលើស្ត្រី ដោយគ្មានការលើកលែង
តម្រូវការទី៤៖ ចាត់វិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិការងារ និងការងារបរិស្ថាន
តម្រូវការទី៥៖ ធ្វើការកែទម្រង់ និងពង្រឹងសុវត្ថិភាពស្តង់ដារនៃមធ្យោបាយដឹកជញ្ជូនកម្មករ ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើង
តម្រូវការទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ
តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុក ចំពោះការកេងប្រវ័ញ្ចកម្លាំងពលកម្មកជួញដូរមនុស្ស និងទាសភាពសម័យទំនើប
តម្រូវការទី៨៖ ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជំរុញឱ្យមានការចុះបញ្ជី និងការបង់វិភាគទាន ប.ស.ស ក្នុងចំណោមនិយោជកជាពិសេសកម្មករនៅក្នុងវិស័យសំណង់ និងរោងចក្រកាត់ដេរ វាយនភ័ណ្ឌដែលធ្វើការស៊ីឈ្នួលដេរបន្ត (Sub-Contract)
តម្រូវការទី ៩៖ ត្រូវធានាថាកម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព និងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់ និងសហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីជាសមាជិក ប.ស.ស
តម្រូវការទី១០៖ ដាក់បញ្ចូល និងទទួលស្គាល់កសិករខ្នាតតូចនៅជនបទ ពិសេសកសិករជាស្រ្តីក្នុងគោលនយោបាយ កិច្ចគាំពារសង្គម គាំទ្រ បណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភទុន
តម្រូវការទី១១៖ ត្រូវរៀបចំផ្តល់ទីកន្លែងសម្រាប់អ្នកលក់ដូរតូចតាចតាមចិញ្ចើមផ្លូវ និងផ្តល់នូវតម្លៃធូរថ្លៃ រួមមានតាមផ្សារ តាមឆ្នេរ និងតំបន់ទេសចរណ៍
តម្រូវការទី១២៖ ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍ សម្រាប់ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និងកន្លែងស្នាក់នៅឥតគិតថ្លៃ ជាពិសេសក្មេងស្រីមកពីជនបទ
តម្រូវការទី១៣៖ ធ្វើការផ្តល់សេវាជួយដល់ស្រ្តី ពិសេសស្រ្តីមានពិការភាព ក្នុងការទទួលសេវាគាំពារផ្នែកសុខភាព ផ្លូវចិត្តនិងផ្លូវច្បាប់
តម្រូវការទី១៤៖ ធ្វើការវិសោធនកម្មច្បាប់ និងប្រកាសបេឡាជាតិរបបសន្តិសុខសង្គម ដោយត្រូវធ្វើការកែសម្រួលលក្ខខណ្ឌ ដោយតម្រូវឱ្យនិយោជកនៃសហគ្រាសនោះបានបង់ប្រាក់ភាគទាន ៩ខែម្តង ទើបកម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ៧០ភាគរយនៃប្រាក់ជាប់ភាគទាន
តម្រូវការទី១៥៖ ពង្រីកទីផ្សារការងារក្នុងស្រុក និងបង្កើនជំនាញថ្មី រួមទាំងពន្លឿនការអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភ អំឡុងពេលបាត់បង់ប្រាក់ចំណូល ឬអត់ការងារធ្វើ
ជាពិសេសសម្រាប់ស្ត្រីនិងយុវជន
តម្រូវការទី១៦៖ ពន្លឿនការចុះបញ្ជីពលរដ្ឋដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈ ការនិរាករណ៍ប្រកាសអន្តរក្រសួង ៤០៤
ទំនាក់ទំនងព័ត៌មានបន្ថែម៖
១. អ្នកស្រី អ៊ូ ទេពផល្លីន លេខទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣
២. កញ្ញា កែវ ចាន់រ៉ា លេខទូរស័ព្ទ៖ ០៩៦ ៥៥៦ ៦៦៣
៣. លោក ឈឹម អូន លេខទូរស័ព្ទ៖ ០៨៦ ២៥៩ ៣៩៤
*បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលសហការរៀបចំ៖
១.សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា) (CFSWF)
២.សហព័ន្ធសហជីពកម្ពុជា (CATU)
៣.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤.សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៥.អង្គការសមាគមធាងត្នោត (STT)
៦.អង្គការសមធម៌កម្ពុជា (EC)
៧.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨.អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៩.អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១០.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១១.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១២.អង្គការក្លាហាន (Klahaan)
១៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៤.គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តី ភេទ(NGO-CEDAW)
១៥.អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)
១៦.អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៧.អង្គការបន្ទាយស្រី (Banteay Srei)
១៨.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
១៩.វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
២០.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២១.សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២២.សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)