នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ មកពី ២៤៧ គ្រួសារ ដែលនឹងរងផលប៉ះពាល់ពីការបណ្តេញចេញដោយអាជ្ញាធរខេត្ត ចំនួន៧ភូមិ រួមមានភូមិព្រែកតាអាំ ភូមិព្រែកតាថឹង ភូមិបុសលាវក្រោម ភូមិតាលុស ភូមិព្រះគន្លង ភូមិព្រែកកូវ និងភូមិពោធិ៍ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានផ្ទុះការតវ៉ាស្ថិតនៅភូមិទូលតាឃីន និងទួលដំរីលាប។ ការតវ៉ានេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ មានអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ខេត្ត ប្រហែលជា២០នាក់ មានមន្ត្រីសូរិយោដី អាវុធហត្ថខេត្ត អាជ្ញាធរខេត្ត ប្រជាការពារ និងមេភូមិ បានចុះទៅចុចGPS លើដីជូនប្រជាពលរដ្ឋ ដែលមួយគ្រួសារទទួលបានដីភូមិ១៥ម៉ែត្រ និងដីចំការ៥០ម៉ែត្រ ។ ប៉ុន្តែប្រជាពលរដ្ឋមិនមានការយល់ព្រមតាមការចែកពីអាជ្ញាធរនោះទេ។
ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ ១៩៧៩ មកម្លេះ ហើយអាជ្ញាធរភូមិឃុំបានទទួលស្គាល់ប្រជាពលរដ្ឋទាំងអស់ ហើយបានចេញអត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅឲ្យពួកគាត់ផងដែរ។ នៅអំឡុងឆ្នាំ២០០០ អតីតនាយករដ្ឋមន្ត្រីធ្លាប់អញ្ចើញចុះទៅចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់នៅតំបន់នោះ ហើយក៏ធ្លាប់បានមានប្រសាសន៍ថា៖ “ បើបងប្អូនប្រជាពលរដ្ឋអាចរស់នៅលើទំតាំងដីនោះបាន សូមឲ្យអាជ្ញាធរខេត្តត្រូវរៀបចំចាត់ចែង និងវាស់វែងឲ្យពួកគាត់រស់នៅឲ្យបានស្របច្បាប់ផង ” ។
ប៉ុន្តែយ៉ាងណារដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសជូនដំណឹងលេខ ៣០៦/២៣ សជណថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយអភិបាលខេត្តលោក វ៉ា ថន ដោយបញ្ចាក់ក្នុងលិខិតនោះថា ឲ្យប្រជាពលរដ្ឋត្រូវបញ្ឈប់ការកាន់កាប់ ដាំដុះបន្ថែម និងរុះរើរបង ពូជដំណាំ និងសម្ភារផ្សេងៗ រួចចាកចេញពីទីតាំងដីទាំងនោះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។ ផុតកាលបរិច្ឆេទនេះ ក្រុមការងារខេត្តនឹងដាក់គ្រឿងចក្រចូលសម្អាត។ ករណីមិនសហការ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីចេញសេចក្តិប្រកាសជូនដំណឹងនេះ រហូតដលើព្រឹកមិញនេះ ទើបឃើញក្រុមសមត្ថកិច្ចចម្រុះចុះមកវាស់វែងដី តែត្រូវបានប្រជាពលរដ្ឋបដិសេធមិនព្រមទទួលយកដីដែលអាជ្ញាធរវាសើវែងនោះទេ ដោយលើកគ្នាមកតវ៉ា ដោយសារពួកគាត់មានការព្រួបារម្ភនឹងវិធានការបណ្តេញពួកគាត់ឲ្យចាកចេញតាមសេចក្តីជូនដំណឹងនេះ ។ ក្រោយពីមានប្រជាពលរដ្ឋចេញមកតវ៉ាបែបនេះ សមត្ថកិច្ចបានដកថយវិញ នៅវេលាម៉ោងប្រមាណជាម៉ោង១២ និង៣០នាទី ដោយមិនទាន់បញ្ចាក់ឲ្យដឹងថា នឹងមានវិធានការអ្វីចំពោះប្រជាពលរដ្ឋបន្តទៀតឡើយ ៕