ព្រឹកនេះសាលាដំបូងខេត្តក្រចេះបានបើកការស៊ើបសួរលើពលរដ្ឋមានវិវាទដីធ្លី ៤រូប

ការស៊ើបសួរនេះធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លើពលរដ្ឋ ៤រូប រួមមាន៖ ១. ឈ្មោះ រ៉ាត កើត ភេទប្រុស អាយុ ៥៨ ឆ្នាំ ២. ឈ្មោះឈួន ចាន់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ

៣. ឈ្មោះ វ៉ាន់ វី ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ៤. ឈ្មោះ សារ៉ែន កែត ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវបានក្រុមហ៊ុន CIV បានប្តឹងពួកគាត់ពីបទ “រំលោភបំពារបំពាន ប៉ះពាល់ដីកម្មសិទ្ធិរបស់ក្រុមហ៊ុន បំផ្លាញទ្រព្យសម្បត្តិ និងប្លន់” ប្រព្រឹត្តនៅចំណុច ភូមិត្រពាំងក្បាលដំរី ឃុំ២ធ្នូ ស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៨។ ថ្ងៃនេះឃើញថា មានពលរដ្ឋមកពី ភូមិក្របីចូលរូង ភូមិក្បាលល្ពៅ និងភូមិត្រពាំងក្បាលដំរី ឃុំ២ធ្នូ និងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មកចូលរួមឃ្លាំមើលប្រមាណ ៦០នាក់ ដោយអង្គុយនៅខាងមុខតុលាការ។ បន្ទាប់ពីសាកសួរចប់តុលាការបានធ្វើកំណត់ហេតុបិទបញ្ចប់សំណុំរឿងពួកគាត់ទាំងបួននាក់ ។

តាមសម្តីរបស់តំណាងពលរដ្ឋរងគ្រោះដីធ្លីម្នាក់គឺ លោក សារ៉ែន កែត បានប្រាប់ថា ដីស្រែចំការរបស់ពួកគាត់ ៥០០គ្រួសារ បានទទួលបានប្លង់កម្មសិទ្ធិរួចហើយ ដោយអតីតនាយករដ្ឋមន្ត្រី ជាអ្នកចែកជួនពួកគាត់ដោយផ្ទាល់ កាលពីថ្ងៃទី២១ ខែកក្កដា ២០១២ ។ ចាប់តាំងពីកើតហេតុមកដល់ឥឡូវនេះរយៈពេល១៦ឆ្នាំជាងហើយ ហើយមិនគួរណាក្រុមហ៊ុនបន្តប្តឹងពួកគាត់នោះទេ ៕