នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង២នឹង៣០នាទី ក្រុមកូដករបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ប្រហែលជាង ២០នាក់ បានមកជួបជុំគ្នានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុង ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយបញ្ចប់វិវាទការងារឲ្យពួកគេបានចូលធ្វើការងារវិញ និងស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីថ្មីដោះស្រាយវិវាទនេះ និងស្នើឲ្យតុលាការដោះលែង កញ្ញា ឈឹម ស៊ីថរ ទម្លាក់ចោលបទចោទប្រកាន់មកលើសមាជិកសហជីពរបស់ពួកគេ។ សកម្មភាពរបស់ពួកគេគឺ ឈរលើកបដា វាយស្គរ ស្រែកទាមទារដោយមានភ្ជាប់រូបថតនាយករដ្ឋមន្ត្រីថ្មី រូបរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មី និងរូបថៅកែណាហ្គវើលដ៍។ នៅជិតកូដករឃើញមានសន្តិសុខរបស់ក្រុមហ៊ុនប្រហែល ជាង១០នាក់ បានឈរការពារជាប់នឹងក្រុមកូដករ ចំណែកនៅខាងមុខក្រុមហ៊ុនមានក្រុមជនស៊ីវិលប្រហែល៥ឬ៦នាក់បានតាមថតរូបកូដករ និងអ្នកឃ្លាំមើលជាប្រចាំ។
គួរបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍ នៅតែបន្តធ្វើកូដកម្មទាមទារ ឱ្យមានការដោះស្រាយ ចាប់តាំពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេលជាយូរណាស់មកហើយ និងមានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើក ហើយបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនលើកមកហើយ រួមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធ សម្ពន្ធ័សហជីព សហជីពមូលដ្ឋាន និងអង្គការសមាគម ដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស និងលើកកម្ពស់សិទ្ធិការងារ ដើម្បីស្នើឱ្យមានដំណោះស្រាយបញ្ចប់វិវាទការងារផងដែរ ប៉ុន្តែតែរហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ ៕