សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប
សាលាដំបូងខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នប្រជាពលរដ្ឋ៩រូប ក្នុងនោះស្ត្រីម្នាក់មានកូនតាមម្តាយមួយរូបទៅពន្ធនាគារខេត្តកោះកុង ខណៈដែលដោះលែងស្ត្រីមួយរូបតាមសំណើរសុំនៅក្រៅឃុំដោយមានកូនតូចនៅតាមម្តាយ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ។ ចំណែកស្ត្រីមួយរូបទៀតដែលកំពុងជាប់ឃុំមានកូនតាមម្តាយ ដែលមិនត្រូវបានដោះលែងឲ្យក្រៅឃុំដែរនោះ គឺលោកស្រី ផាវ ញ៉ឺង ជាសកម្មដីធ្លីដ៏សកម្មម្នាក់នៅសហគមន៍១៧៥ និងកូនប្រុសតូចម្នាក់អាយុជាង០១ឆ្នាំ ដែលសហគមន៍ពួកគាត់កំពុងទាមទារសុំឲ្យអាជ្ញាធរចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ។
សូមបញ្ជាក់ជូនថា កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋសហគមន៍ដីធ្លី នៅស្រុកស្រែអំបិល ប្រមាណជា២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកោះកុង ចំនួន១២នាក់ រួមទាំងកុមារតាមម្តាយផងដែរ នៅចំណុចចំណោតអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងខណ:ពេលដែលប្រជាពលរដ្ឋទាំងនោះ ធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនមកសាលាដំបូងខេត្តកោះកុង នារសៀលថ្ងៃដដែលនេះ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះតែម្តង ។ ករណីនេះសមាគមកាពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) រួមនឹងអង្គការសង្គមស៊ីវិលដែលបម្រើការងារលើវិស័យការពារសិទ្ធិមនុស្សជាដៃគូផ្សេងទៀត កំពុងតែយកចិត្តដាក់ឃ្លាំមើលចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ និងពិចារណាដាក់មេធាវីការពារក្តីជូនពួកគាត់ដែលកំពុងរងការចោទប្រកាន់នេះ តាមនីវិធីច្បាប់ ៕