ថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣
សេចក្តីថ្លែងការណ៍រួម
ការស្នើពន្យារពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយនាមខាងក្រោម មានកង្វល់យ៉ាង ខ្លាំងចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅមុនការបោះឆ្នោតថ្នាក់ជាតិដែលខិតជិតចូលមកដល់ខាងមុខនេះ ។ ការធ្វើវិសោធនកម្មនេះ ធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ និងពុំបានពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលផងដែរ ដែលនេះ គឺជាការប្រាសចាកពីគន្លងប្រជាធិបតេយ្យ ដែលតម្រូវឱ្យមានការចូលមតិយោបល់ពីភាគីពាក់ព័ន្ធ ។ ម៉្យាងទៀត ច្បាប់បោះឆ្នោត គឺពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត របស់គណបក្សនយោបាយនានា និងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូចនេះការធ្វើវិសោធនកម្មណាមួយគួរត្រូវបានធ្វើឡើងក្នុងពេលវេលាសមស្រប ។ យើងខ្ញុំស្នើឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិចារណាឡើងវិញ ចំពោះសំណើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដោយគួរធ្វើឡើងនៅបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ដើម្បីឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា និងពិភាក្សាលើផលប៉ះពាល់ប្រជាធិបតេយ្យដោយសេរី សេរីភាពនៃការបញ្ចេញមតិរបស់អ្នកបោះឆ្នោត សិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជន ។
យើងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងន័យដកសិទ្ធិចូលរួមប្រកួតប្រជែងរបស់អ្នកនយោបាយ និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងករណីខកខានមិនបានទៅបោះឆ្នោត ខណៈដែលអាចមានប្រជាពលរដ្ឋ និងអ្នកនយោបាយមិនអាចបំពេញកាតព្វកិច្ចបោះឆ្នោត វាអាចជះឥទ្ធិពលជាអវិជ្ជមានដល់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សជាអន្តរជាតិ ។ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរាជរដ្ឋាភិបាលបានដាក់ជូនទៅរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានរដ្ឋសភាអនុម័ត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបានរៀបចំតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ដោយបន្ថែមមាត្រាមួយចំនួន ដូចជាមាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មីនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សំដៅ «…ដោយដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត…» ។
ជាគោលការណ៍ ច្បាប់ការពារការអនុវត្តសិទ្ធិពលរដ្ឋចូលរួមផ្នែកនយោបាយ ដូចមានចែងក្នុងមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលបញ្ញត្តិថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ…។ វិសោធនកម្មច្បាប់មិនត្រូវរារាំងការចូលរួមរបស់ប្រជាពលរដ្ឋនោះទេ ពួកគេត្រូវមានសេរីភាពភាពគ្រប់ដំណាក់កាលក្នុងការសម្រេចចិត្តនាពេលបច្ចុប្បន្ន និងពេលអនាគត ។ តាមរយៈវិសោធនកម្មច្បាប់នេះ ប្រជាពលរដ្ឋមួយចំនួនដែលមិនមានលទ្ធភាពទៅបោះឆ្នោត អាចឱ្យពួកគេបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងផ្ទុយពីមាត្រា៣៤ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលបានបញ្ញត្តិថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។
យើងខ្ញុំយល់ឃើញថា ដើម្បីលើកស្ទួយសិទ្ធិចូលរួមបោះឆ្នោត និងធានាលើកកម្ពស់គុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដោយជ្រើសរើសតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស រាជរដ្ឋាភិបាលមិនគួរចាំបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំដៅកាត់បន្ថយ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” នោះទេ ។
យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព សូមស្នើពន្យារពេលការធ្វើវិសោធនកម្មច្បាប់ នៅមុនការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ ។ យើងខ្ញុំ ក៏សូមសំណូមពរឱ្យរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ត្រូវលើកទឹកចិត្ត និងបើកឱកាសឱ្យមានការជជែកពិភាក្សាពីប្រជាធិបតេយ្យ សិទ្ធិ និងការចូលរួមឱ្យបានទូលំទូលាយទៅលើសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ សេរីភាពនៃសមាគម សិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោត និងសិទ្ធិបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋរស់នៅ ឬធ្វើការនៅក្រៅប្រទេស ដើម្បីអាចឱ្យពួកគេប្រើប្រាស់សិទ្ធិពេលលេញ ស្របតាមរដ្ឋធម្មនុញ្ញ និងសេចក្តីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ននៅក្នុងឆ្នាំ១៩៩២ ៕
ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលចូលរួមគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖
១. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
២. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៥. អង្គការតម្លាភាពកម្ពុជា (TIC)
៦. អង្គការសមាគមធាងត្នោត (សធត)
៧. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
១០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១១. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
១២. សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
១៣. សហភាពការងារកម្ពុជា (CLC)
១៤. បណ្តាញពហុវិស័យ
១៥. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១៦. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៧. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC )
១៨. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៩. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
២០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
២១. សហព័ន្ធសហជីពកម្ពុជា (CATU)
២២. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
២៣. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២៤. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)