របាយការណ៍សង្ខេប
ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២
នៅថ្ងៃនេះ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ ដែលនឹងបង្ហាញអំពីស្ថានភាពសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិស្រ្តិ និងកុមារ ដែលបានកើតមានឡើងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២។
ឆ្នាំ២០២២ សមាគមអាដហុក ធ្វើសកម្មភាព អង្កេត និងអន្តរាគមន៍ចំនួន ៩២១ករណី រួមមាន៖ ផ្នែកសិទ្ធិមនុស្សចំនួន៥៩៤ករណី និងសិទ្ធិដីធ្លីចំនួន៨៤ករណី និងផ្នែកស្រ្តី និងកុមារចំនួន២៨៨ករណី ដែលមានអ្នកទទួលសេវា (ជនរងគ្រោះ) សរុបចំនួន១០៧,៨៩៨នាក់ ផ្នែកសិទ្ធិមនុស្សចំនួន៤៦,៨១០នាក់(ស្រ្តី៣៣,៨៤៥នាក់) ផ្នែកសិទ្ធិដីធ្លីចំនួន៣៦,៧៦៦នាក់ (ស្ត្រី១៣,០១៥នាក់) និងផ្នែកស្រ្តី និងកុមារ ចំនួន ២៤,៣២២នាក់។
១. ផ្នែកសិទ្ធិមនុស្សៈ ករណីរំលោភសិទ្ធិមនុស្ស កាន់តែមានសភាពធ្ងន់ធ្ងរឡើងដូចជា នៅក្នុងឆ្នាំ២០២២នេះ ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ធ្វើសកម្មភាពសម្រេចបានលទ្ធផល ១០៤.៥% ធៀបនឹងផែនការប្រចាំឆ្នាំ។តាមការអង្កេតបានបង្ហាញឲ្យឃើញថា ករណីរំលោភសិទ្ធិមនុស្ស មានចំនួនសរុប៥៤៩ករណី កើនឡើង៣៩២ករណីបើធៀបលទ្ធផលឆ្នាំ២០២១ មានត្រឹមតែ១៥៧ករណីប៉ុណ្ណោះ ក្នុងនោះករណីគំរាមកំហែងសកម្មភាព នយោបាយកើនឡើងរហូតដល់២១៨ករណី ការរឹតត្បឹតសេរីភាពជួបជុំចំនួន១១៨ករណី និងរឹតត្បឹតសេរីភាពបាតុកម្មចំនួន ៦៥ករណី។ ឆ្លងតាមការវិភាគបង្ហាញថា ជាង៥០% នៃករណីគម្រាមកំហែងសកម្មជនសិទ្ធិមនុស្សសកម្មជននយោបាយ និងករណីរឹតត្បឹតសេរីភាពមូលដ្ឋាន នៅតែមិនត្រូវបានដោះស្រាយ។ ហើយភាគច្រើនបំផុតនៃជនរងគ្រោះករណីទាំងនោះ សំរេចមិនដាក់ពាក្យបណ្តឹង ពីព្រោះពួកគាត់មិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
- លំហសេរីភាពនយោបាយៈយោងតាមរបាយការណ៍ បរិយាកាសនយោបាយ នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ សមាគមអាដហុកបានបង្ហាញថា៖ មានចំនួន ៨១ករណី បានកើតឡើងក្នុង ១៧ខេត្ត ៥០ស្រុក-ក្រុង ៦០ឃុំ-សង្កាត់ផ្សេងៗគ្នាមានដូចជា គំរាមកំហែងតាមរយៈប្រព័ន្ធតុលាការ បដិសេធលុបឈ្មោះបេក្ខជនចេញពីបញ្ជីឈរឈ្មោះគណបក្ស គំរាម(តាមបណ្តាញសង្គម) បង្ករបួសស្នាម គំរាមឲ្យលាឈប់ពីបញ្ជីឈរឈ្មោះបេក្ខភាពគណបក្ស បំផ្លាញស្លាកសញ្ញាគណបក្ស រារាំងការលើកស្លាកសញ្ញាគណបក្ស និងរឹតត្បឹតសេរីភាពជួបជុំសកម្មជនគណបក្ស។
- ភាពមិនប្រក្រតីពីក្រោយការផ្តិតស្នាមមេដៃលើញត្តិគាំទ្រៈ ជាជ្រុងមួយ នៃយុត្តិធម៌សង្គម ក្នុងការអនុវត្តន៍ការងាររបស់អាជ្ញាធរមូលដ្ឋាន ដែលសមាគមអាហុក បានរកឃើញភាពមិនប្រក្រតីនៅពីក្រោយការគាំទ្រញាតិ៣៣ករណី មកពីបេក្ខភាពគណបក្សភ្លើងទៀនចំនួន១៦០នាក់ ដែលមានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថិតនៅក្នុង៦៣ឃុំ-សង្កាត់ នៃខេត្តចំនួន១១គឺ ខេត្តកណ្តាល បាត់ដំបង តាកែវកំពត កំពង់ស្ពឺកំពង់ចាម កោះកុង ស្ទឹងត្រែង ព្រៃវែង ព្រះសីហនុ និងខេត្តសៀមរាប។
- ករណីទារុណកម្ម និងនិទណ្ឌភាពៈ ជាជ្រុងមួយ នៃយុត្តិធម៌សង្គម ក្នុងការអនុវត្តន៍ការងាររបស់នគរបាលយុត្តិធម៌ ដែសមាគមអាដហុក ទទួលបានព័ត៌មានការធ្វើទារុណកម្មចំនួន១៤ករណីដែលមានជនរងគ្រោះដោយសារអំពើទារុណកម្មចំនួន២៧នាក់(ស្រីម្នាក់)។ ការធ្វើទារុណកម្មដោយហិង្សា ត្រូវបានធ្វើឡើងនូវក្នុងទីកន្លែងដែលជាអាគាររដ្ឋបាលសាធារណៈរបស់រដ្ឋដូចជា៖ ប៉ុស្តី៍រដ្ឋបាលឃុំ-សង្កាត់អធិការដ្ឋានស្រុក-ខណ្ឌ ស្នងការដ្ឋាននគរបាលខេត្ត-ក្រុង ពន្ធនាគា(ត្រពាំងថ្លុង) ហើយអ្នកដែលប្រើហឹង្សាធ្វើទារុណកម្មគឺ មន្រ្តីយុត្តិធម៌ក្នុងតួនាទី មានដូចជា មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តី៍ មន្រ្តីនគរបាលអធិការដ្ឋាន មន្រ្តីនគរបាលស្នងការខេត្តមន្រ្តីកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីអនុរក្សពន្ធនាគារ និងអ្នកទោសដូចគ្នាក្នុងពន្ធនាគារផងដែរ។ ការធ្វើទារុណកម្មក្នុងគោលបំណងបង្ខំឲ្យសារភាពបង្ខំឲ្យសងប្រាក់ បង្រ្កាបឲ្យបាក់ស្បាត។
- បណ្តឹងបរិហារៈ មកត្រឹមបំណាច់ឆ្នាំ២០២២ សមាគមអាដហុក ទទួលបានព័ត៌មាន តំណាងសហគមន៍ ចាប់ពីអំឡុងឆ្នាំ២០១៥ រហូតឆ្នាំ២០២១ តំណាងសហគមន៍ នៅក្នុងខេត្តចំនួន៥ បានរៀបចំឯកសារដាក់ពាក្យ បណ្តឹងបរិហារចំនួន ១៩ករណី ទៅស្ថាប័នតុលាការ អំពីភាពមិនប្រក្រតីក្នុងការបំពេញតួនាទី របស់មន្រ្តីថ្នាក់ក្រោមជាតិ និងអ្នកមានទ្រព្យសម្បត្តិ(ឧកញ៉ា) កាប់រានឈូសឆាយដីព្រៃរបស់រដ្ឋយកជាកម្មសិទ្ធិឯកជន ការលក់ទិញ ដីព្រៃសម្បទានសេដ្ឋកិច្ច និងប្តឹងពីការក្លែងលិខិតសាធារណៈចេញប្លង់កម្មសិទ្ធិដីធ្លីមិនប្រក្រតីសរុបជាងពីរម៉ឺនហិកតា។
២. ផ្នែកសិទ្ធិដីធ្លីៈ តាមការអង្កេតវិវាទដីធ្លី នៅតែបន្តកើតមានឡើងឥតឈប់ឈរ ទន្ទឹមនិងវិវាទរាំរ៉ៃមួយចំនួនធំមិនទាន់បានដោះស្រាយនៅឡើយ ខណៈវិវាទថ្មីៗទៀត បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២២ សមាគមអាដហុកបានរកឃើញ វិវាទដីធ្លីកើតឡើងចំនួន៨៤ករណី ដែល៥០% នៃវិវាទគឺជាករណីរំលោភដោយបុគ្គលមានអំណាច ដែលនាំឲ្យប៉ះពាល់ដល់ជនរងគ្រោះផ្ទាល់ ចំនួន៧,១៤១គ្រួសារ ស្មើ៣៦,៧៦៦នាក់ ដីវិវាទចំនួន៩,៨៣១.១១ហិកតា ជាង៩៧% នៃវិវាទត្រូវបានអូសបន្លាយការរកដំណោះស្រាយរហូតមកដល់បំណាច់ឆ្នាំ២០២២នេះ។
ផ្នែកសិទ្ធិដិធ្លី | ឆ្នាំ២០២០ | ឆ្នាំ២០២១ | ឆ្នាំ២០២២ |
ចំនួនករណីវិវាទ | ១៨២ | ១៦៩ | ៨៤ |
ចំនួនជនរងគ្រោះ | ៧៧,៣៦១ | ៦១,៤៦៩ | ៣៦,៧៦៦ |
ចំនួនដីប៉ះពាល់(ហិចតា) | ៥៧,០៨៦.៨៥ | ៥២,៦០១ | ៩,៨៣១.១១ |
៣. ផ្នែកស្រ្តី និងកុមារៈ នៅក្នុងឆ្នាំ២០២២ សមាគមអាដហុកបានរកឃើញ មានករណីរំលោភបំពាន់លើសិទ្ធិស្ត្រីនិងកុមារ ចំនួន២៨៨ករណី កើនឡើង៦៤ករណី ធៀបនឹងរបកគំហើញឆ្នាំ២០២១ មានត្រឹមតែចំនួន២២៤ករណីប៉ុណ្ណោះ។ ករណីទាំងនោះរួមមាន៖ ការជួញដូរផ្លូវភេទចំនួន៦១ករណី(បង្ខំរៀបការទៅប្រទេសចិន៥៧ករណី) ការជួញដូរកំលាំងពលកម្មចំនួន១៧ករណី (បំរើការក្នុងផ្ទះនៅប្រទេសម៉ាឡេស៊ីចំនួន១០ករណី) អំពើហិង្សាក្នុងគ្រួសារចំនួន៧៨ករណី (ហឹង្សារហូតដល់ស្លាប់ចំនួន២២ករណី) និងរំលោភសេពសន្ថវៈចំនួន១៣២ករណី(រំលោភសម្លាប់ចំនួន០៦ករណី)។
ផ្នែកសិទ្ធិស្រ្តី និងកុមារ | ឆ្នាំ២០២០ | ឆ្នាំ២០២១ | ឆ្នាំ២០២២ |
ចំនួនករណី | ៣០៨ | ២២៤ | ២៨៨ |
ចំនួនជនរងគ្រោះ | ៣៣១ | ២៥៦ | ៣១៥ |
ចំនួនជនរងគ្រោះករណីហិង្សាក្នុងគ្រួសារស្លាប់ | ១៥ | ០៧ | ២២ |
ចំនួនជនរងគ្រោះករណីរំលោភសម្លាប់ | ០៣ | ០៤ | ០៦ |
ទាញយករបាយការណ៍ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២_KH
ទាញយកសង្ខេប_របាយការណ៍ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២_KH
ទាញយករបាយការណ៍ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២_EN
ទាញយកសង្ខេប_របាយការណ៍ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២_EN
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
ទូរស័ព្ទ : ០៨៦ ៣២៤ ៦៦៦ / ០១៦ ៦៦ ២៦ ៤៥