ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើកទី៧ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ ៩រូប ក្រោមបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ក្នុងនោះរួមមាន៖១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច សិរីមាស ៨.លោក សុខ ណារិទ្ធ និងទី៩.លោក សុខ គង្គា ។ ក្នុងចំណោមអ្នកទាំង៩នាក់នេះ មានតែកញ្ញា ឈឹម ស៊ីថរ ម្នាក់ប៉ុណ្ណោះ កំពុងស្ថិតក្នុងការឃុំខ្លួននៅពន្ធនាគារ ។ សវនាការនាព្រឹកថ្ងៃនេះ បានសួរដេញដោលជាមួយមន្ត្រីនគរបាល ដែលមកពី នាយកដ្ឋានកណ្តាលសន្តិសុខ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្តីអំពីសកម្មភាពទំនាក់ទំនងតាមប្រព័ន្ធឌីជីថលរបស់ជនជាប់ចោទ ក្នុងកំឡុងពេលធ្វើកូដកម្ម ។ សវនការបានបញ្ចប់ការសាកសួរនៅម៉ោង១១និង៣០នាទី និងបន្តទៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២៣។
ជាការកត់សម្គាល់ នៅខាងមុខសាលាដំបូង មានវត្តមានរបស់អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា ២០នាក់ ដែលមកគាំទ្រលើកទឹកចិត្ត និងមានការចូលរួមឃ្លាំមើលពីសមាគមអាហុក លីកាដូ អង្គការសង់ត្រាល់ មានក្រុមអាជ្ញាធរ និងអ្នកស្លៀកពាក់ស៊ីវិលជិត ១០នាក់ នៅឃ្លាំមើលថតរូបអ្នកមកគាំទ្រ និងមន្ត្រីសង្គមស៊ីវិលដែលមកឃ្លាំមើលផងដែរ ៕