សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សាលា​ដំបូងរាជធានី​ភ្នំពេញបាន​បន្តសវនាការ​លើកទី៥ លើថ្នាក់ដឹកនាំ និងសកម្មជន​សហជីព​ទ្រទ្រង់សិទ្ធិការងារ​កម្មករខ្មែរ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ ៩រូប  រួមមាន៖ ១.កញ្ញា ឈឹម ស៊ីថរ ២.កញ្ញា ឈឹម សុខន ៣.អ្នកស្រី រី សុវណ្ណឌី ៤.អ្នកស្រី សុន ស្រីពេជ្រ ៥.អ្នកស្រី ហៃ សុភាព ៦.អ្នកស្រី ឃ្លាំង សុបិន្ត ៧.កញ្ញា ទូច សិរីមាស ៨.លោក សុខ ណារិទ្ធ និងទី៩.លោក សុខ គង្គា ក្រោមបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” កំឡុងពេលកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើកូដកម្មដើម្បីទាមទារ ឲ្យថៅកែក្រុមហ៊ុននេះ ធ្វើការដោះស្រាយវិវាទការងារជាមួយក្រុមកូដករ ដែលអូសបន្លាយពេលជាង១ឆ្នាំ មកហើយ។ សវនាការលើកទី៥នេះ បានបន្តបន្ទាប់ពីសវនាការលើកទី៤ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ព្រឹក ដោយសវនការបានសាកសួរដេញដោលបានចំនួន ៤រូប រួមមានកញ្ញា ស៊ុន ស្រីពេជ្រ, អ្នកស្រី រី សុវណ្ណឌី ,អ្នកស្រី ហៃ សុភាព និងកញ្ញា ទូច សិរីមាស ។ ប៉ុន្តែដោយឡែក កញ្ញា ទូច សិរីមាស បានបន្តពេលវេលាសវនាការថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ។ ថ្ងៃនេះទាំង ចៅក្រម និង មេធាវី បានបន្តសាកសួរដេញដោលលើកញ្ញា ទូច សិរីមាស រួមទាំង ២រូប ទៀតគឺបានសួរបន្ថែម លើ លោក សុខ គង្គារ និង លោក សុខ ណារឹទ្ធិ។ សវនាការបានបញ្ចប់នៅម៉ោង១១និង៣៥នាទី នឹងបន្តទៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បន្តទៀត។ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញមានក្រុមកូដករណាហ្គាវើលដ៍ មានប្រហែល​ ៣៥នាក់ បានមកជួបជុំគ្នាដើម្បីមកគាំទ្រផងដែរ ៕