លោក ថោង ច័ន្ទតារា កើតថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៥ នៅខេត្តស្វាយរៀង និងចូលបម្រើការងារ លើកកម្ពស់សិទ្ធិមនុស្ស ជាមួយសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដែលមានតួនាទីជាអ្នកសម្របសម្រួល ប្រចាំខេត្តកោះកុង។
ជាអកុសល លោក ថោង ច័ន្ទតារា បានទទួលមរណភាព នៅថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១ និង ៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយជម្ងឺលើសឈាម។
“ មនុស្សកើតមកមានសិទ្ធិ ដូច្នេះយើងត្រូវតែរួមគ្នាការពារសិទ្ធិរបស់យើង និងអ្នកដែលត្រូវបានគេរំលោភសិទ្ធិ! “
លោក ថោង ច័ន្ទតារា បានចូលបម្រើការងារជាមួយសមាគមអាដហុក ដើម្បីចង់ឃើញសង្គមកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងច្បាប់។ រយៈពេលជាង ៣ ឆ្នាំនេះ លោកបានក្លាយជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្ម និងមានភាពក្លាហាន ត្រេកត្រអាលចង់ចេះចង់ដឹង មានទំនាក់ទំនងល្អ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារដល់សហគមន៍ និងប្រជាពលរដ្ឋដែលបានធ្វើការងារជាមួយលោក។
លោកស្ម័គ្រចិត្តបម្រើការងារយ៉ាងសកម្មក្នុងវិស័យសិទ្ធិមនុស្ស និងច្បាប់។ លោកបានចុះឃ្លាំមើល តាមអង្កេតគ្រប់ពេលវលានូវការការរិតត្បិតសេរីភាព និងរំលោភសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋ និងសហគមន៍ ដោយលោកបានផ្តល់នូវកិច្ចអន្តរាគមន៍ដល់ជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សទាន់ពេលវេលា។ លោកបានពង្រឹងសិទ្ធិអំណាចដល់ប្រជាសហគមន៍តាមរយៈការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពដោយមានវគ្គលើកកម្ពស់ការយល់ដឹង សិក្ខាសាលា កិច្ចប្រជុំ និងកសាងបណ្ដាញសហគមន៍។ លោកបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំរវាងអាជ្ញាធរ សហគមន៍ និងជនរងគ្រោះ ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យធ្វើការចែករំលែកព័ត៌មាន រួមគ្នាស្វែងរកដំណោះស្រាយសម្រាប់ករណីវិវាទ និងបញ្ហាប្រឈមផ្សេងៗដែលសហគមន៍បានជួបប្រទះ។
មរណភាពរបស់លោក ថោង ច័ន្ទតារា គឺជាការបាត់បង់ដ៏ធំធេង របស់សមាគមអាដហុក ក៏ដូចប្រជាពលរដ្ឋកម្ពុជា នូវធនធានមនុស្ស និងអ្នកការពារសិទ្ធិមនុស្សម្នាក់ ដែលពោរពេញដោយចំណេះដឹង ជំនាញ និង បទពិសោធន៍ជាច្រើន។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ សមាគមអាដហុក សូមសំដែងនូវសមានទុក្ខ ការស្តាយស្រណោះ អាឡោះអាល័យ និងក្តីសង្វេគជាអនេកកប្បការ ចំពោះមរណភាពរបស់លោក ថោង ច័ន្ទតារា និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារទាំងអស់នៃសព ព្រមទាំងសូមឧទ្ទិសឲ្យវិញ្ញាណក្ខន្ធលោក ថោង ច័ន្ទតារា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕