សេចក្ដីថ្លែងការណ៍ លើសេចក្តីសម្រេចលើការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

សមាគម​ការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) ពិតជាមានការ​សោកស្ដាយ និង​ខកចិត្តយ៉ាង​ខ្លាំង ចំពោះការ​សម្រេច​របស់តុលាការ​កំពូល នៅព្រឹក​ថ្ងៃ១៨ ខែវិច្ឆកា ឆ្នាំ២០២២ នេះ ដោយ​បានសម្រេច​តម្កល់សាល​ក្រមសាលាដំបូង​រាជធានី​ភ្នំពេញលេខៈ៧៣០​ក្រ៦”ថ” ចុះថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ និង​សាលដី​កាសាលាឧទ្ធរណ៍​ភ្នំពេញ​លេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែល​សម្រេចផ្ដន្ទាទោស​ទៅលើ បុគ្គលិក​សមាគ​មអាដហុក៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត និង អតីត​បុគ្គលិក​សមាគម ចំនួន២រូប​ផ្សេង​ទៀត គឺលោក ណៃ វ៉ង់ដា និង លោក នី ចរិយា ដាក់​ពន្ធនាគារ​ក្នុងម្នាក់ៗ ​ចំនួន ៥ឆ្នាំ​ ដោយ​អនុវត្តក្នុង​ពន្ធនាគារ​ចំនួន ១៤ខែ ១ថ្ងៃ ចំណែក​ទោសដែល​នៅសល់​ត្រូវព្យួរ​ធម្មតា ពីបទ សូកប៉ាន​សាក្សី និងសម​គំនិតក្នុង​អំពើសូកប៉ាន់​សាក្សី តាម​ប្បទញ្ញត្តិ​មាត្រា២៩ និង​មាត្រា៥៤៨ ក្រម​ព្រហ្មទណ្ឌ នៃព្រះ​រាជាណាចក្រ​កម្ពុជា។

        សមាគម​ការពារ​សិទ្ធិមនុស្ស (អាដហុក) បាន​អង្កេតតាម​ដានយ៉ាង​យកចិត្តទុក​ដាក់​ទៅលើ​ដំណើរការនីតិវិធី​ទាំងមុន​ពេល និងក្នុង​កំឡុងពេល​សវនាការ របស់​សាលា​ដំ​បូងរាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ភ្នំពេញ ដោយបាន​សង្កេតឃើញ​ថា រាល់ការ​ចោទប្រកាន់​មកលើអ្នកទាំង​៥រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី​ លោក យី​ សុខសាន្តលោក ណៃ វ៉ង់ដា​ និងលោ នី ចរិយា មិនបានបង្ហាញ​ឲ្យឃើញនូវធាតុផ្សំពេញលេញ​នៃអំពើសូកប៉ាន់​សាក្សីនោះឡើយ ទាំង​ធាតុច្បាប់ ភស្តុតាង​ដាក់បន្ទុក សកម្មភាព​នៃការប្រព្រឹត្តទៅ​លើអំពើសូក​ប៉ាន់ គឺការសម្រេច​ដោយសំអាងតែទៅ​លើសម្តីសាក្សី​មួយគត់ ដែលការ​សម្រេចនេះ ជាការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ មាត្រា៤១៩​ ក្រមនីតិវិធីព្រហ្មទណ្ឌ​ ដូចជា៖

ការរំលោភអំណាច និងការបំពានច្បាប់ ឬការអនុវត្តខុសច្បាប់ ​ដែលសាលដីកា​ និងសាលក្រម ​ព្យាយាមបក​ស្រាយថា ជាសាក្សី ​ចំពោះជនរង​គ្រោះដែល​មករកសេវាកម្មផ្លូវ​ច្បាប់ពី សមាគមអាដហុក ​ដើម្បីបំពេញ​ឱ្យបាននូវធាតុផ្សំ​បទល្មើសសូកប៉ាន់សាក្សី សំរាប់​​យកមកធ្វើការ​ចោទប្រកាន់​ទៅលើអ្នកទាំង​៥រូប  ទោះបីមានការបញ្ជាក់​យ៉ាងច្បាស់តាមរយៈ​ឯកសារ ភស្តុតាង និងវីដេអូបញ្ជាក់​ពីភាពស្អាតស្អំ​ទាំងនេះ ប៉ុន្តែតុលាការ​មិនបានលើក​យកភស្តុតាង​ទាំងនេះ មកពិចារណា ដើម្បីជាមូលដ្ឋាន​ក្នុង​ការសម្រេច​សេចក្តីនោះឡើយ។

ការស៊ើបអង្កេត និងស៊ើប​សួរកន្លងមក ពុំបានរក​ឃើញភស្តុតាង​នៃធាតុផ្សំ​គ្រប់គ្រាន់ ដើម្បីចោទប្រកាន់​នោះទេ ។ ហេតុផល​ផ្លូវច្បាប់ដូច​បានរកឃើញក្នុង​ចម្លើយខាងលើ​បានបង្ហាញយ៉ាងច្បាស់​ថា ខុម ចាន់តារ៉ាទី ហៅស្រីមុំ​ នៅពេលមក​ស្នើសុំឱ្យសមាគមអាដហុក​ជួយធ្វើ​អន្តរាគមន៍ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ រហូត​ដល់ថ្ងៃទី១៩ ខែមេសា​ ឆ្នាំ២០១៦​ មិន​មែនជាសាក្សីនោះទេ​ គឺជាជនសង្ស័យ​សុទ្ធសាធ ហើយ​ធាតុផ្សំដ៏សំខាន់ គឺភាពជា​សាក្សីរបស់ស្រីមុំ​ក្នុងសំណុំ​រឿងនេះ មិនមាន​ឡើយ។

ការបកស្រាយដោយការរំលោភអំណាច និងបំពានច្បាប់ សាលាដំបូងរាជ​ធានីភ្នំពេញ និងសាលា​ឧទ្ធរណ៍ភ្នំពេញ មិនបាន​គិតពិចារណា​លើវិមតិសង្ស័យ ដែលជាប្រយោជន៍​របស់ជនជាប់ចោទនោះទេ ។ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ នៃតុលាការ​​ទាំងពីរថ្នាក់ ជឿតែទៅលើ​សម្តីសាក្សីតែ​​មួយគត់ ដែលការនិយាយ​របស់​សាក្សីទាំងនោះ គឺជាពាក្យ​សំដី​ទទេសុទ្ធសាធគ្មាន​មូលដ្ឋាន គ្មានហេតុផល និងគ្មាន​ប្រភពច្បាស់លាស់ ដែលបង្ហាញថា បុគ្គលិក​​សមាគមអាដហុក សូកប៉ាន់ដើម្បី​​អត្ថប្រយោជន៍អ្វីមួយ​​នោះទេ។ ផ្ទុយ​ទៅវិញក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃតុលាការ​ទាំងពីរថ្នាក់ បែរជា​បដិសេធ​ចម្លើយ​របស់អ្នក​ទាំង៥រូប     ដូចៗគ្នា ដោយ​គ្មានមូលដ្ឋាន​​ជាក់ស្តែងណា​​មួយមក​អះអាង ក្រៅពីសម្តី​សាក្សី​ដែលម្នាក់​​​ជាមេធាវីប្រចាំសមាគមអាដហុក និងម្នាក់​ទៀត​ជាជនរង​គ្រោះ ដែលមក​​ស្នើសុំឲ្យសមាគមអាដហុក​ជួយ​​នោះទេ។

ការមិនមាន​​សំអាងហេតុគ្រប់គ្រាន់ និងការបំភ្លៃអង្គហេតុ ទាំងនៅ​ដំណាក់​កាល​ចៅក្រម​​ស៊ើបសួរ និងទាំងនៅដំណាក់​កាលជំនុំជម្រះ នៃតុលាការ​ទាំងពីរថ្នាក់ ចៅក្រម​មិនបានកោះ​ហៅសាក្សីឱ្យចូល​ខ្លួនមក​តទល់ ដើម្បីស្វែងរក​ការពិត បង្ហាញ​សុចរិតភាព តាមការ​ស្នើសុំរបស់អ្នក​ទាំង៥រូប និង​មេធាវីរបស់​ពួកគេឡើយ ជាង​នេះទៀតតុលាការ​ទាំងពីរថ្នាក់ ក៏មិនបាន​អនុវត្តវិធាន​ការផ្លូវច្បាប់​ឲ្យបានពេញលេញ ទៅលើការ​មិនចូលខ្លួន​របស់សាក្សី ដូចមានចែងក្នុង​មាត្រា១៥៣ កថាខ័ណ្ឌទី៣ ក្រម​នីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០០៧ នោះដែរ ។

ក្រុមប្រឹក្សា​ជំនុំជម្រះ មិនបានផ្តល់​ការថ្លឹងថ្លែង​ឲ្យបានគ្រប់​ជ្រុងជ្រោយ មុនការ​សម្រេចសេចក្តី ទៅលើធាតុ​ផ្សំនៃបទល្មើស ដោយ​ព្យាយាមការ​បំភ្លៃអង្គហេតុ ដោយផ្តល់​ឋានៈឲ្យ ខុម ចាន់តារ៉ាទី ហៅស្រីមុំ ​ពីជនសង្ស័យ​ទៅជាសាក្សី ដើម្បីបង្កើត​ទៅជាបទល្មើស សម្រាប់ចោទ​ប្រកាន់ និងផ្តន្ទាទោស ដែលសកម្មភាព​បែបនេះ ជាការ​រំលោភអំណាច និងបំពាន​ទៅលើ​សិទ្ធិទទួល​បាន​យុត្តិធម៌ ។

តាមមាត្រា​៥៤៨ នៃក្រម​ព្រហ្មទណ្ឌ បទសូកប៉ាន់​សាក្សី ជនដែលត្រូវបាន​សូកប៉ាន់នោះ ត្រូវមានឋានៈ​ជាសាក្សីក្នុង​សំណុំរឿងរបស់​តុលាការណាមួយ ដែលកំពុង​ដំណើរការ ហើយត្រូវ​បានគេបង្គាប់ឱ្យផ្តល់​សក្ខីកម្មភូត​កុហក ជាថ្នូរនឹង​ការទទួលបាន​នូវអំណោយ ជំនូន ការសន្យា ឬ អត្ថប្រយោជន៍អ្វី​​មួយ មិនថា ដោយផ្ទាល់ ឬ ដោយ​ប្រយោល ។ ប៉ុន្តែករណី​របស់អ្នកទាំង៥រូប ដែលតុលាការ​សម្រេចចោទប្រកាន់ និងឈានដល់ការផ្តន្ទា​ទោសនោះ មិនដឹងថា ខុម ចាន់តារ៉ាទី​ ហៅស្រីមុំនោះ ប្រែក្លាយ​ជាសាក្សីនៅក្នុងសំណុំ​រឿងនេះ ចាប់តាំងពី​ពេលណានោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ជនដែល​តុលាការកំណត់​ឋានៈថា ជាសាក្សីនោះ បែរជាមានដីកា​កោះចូល​ឆ្លើយបំភ្លឺ ជាសង្ស័យ​ក្នុងសំណុំ​រឿងបណ្តឹង​បរិហារកេរ្តិ៍ នៅក្រសួង​មហាផ្ទៃ និង​នៅសាលាដំ​បូងរាជធានី​ភ្នំពេញ​ទៅវិញ។

ទោះបីការ​សម្រេចសេក្តី​របស់តុលាការ​កំពូល បិទផ្លូវ​តវ៉ាយ៉ាង​ណាក៏ដោយ សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) នៅតែចាត់​ទុកថា សកម្មភាព​ដែល​បុគ្គលិក និងអតីតបុគ្គលិក​សមាគមអាដហុក​ទាំង៥រូបបាន​ធ្វើ គឺជាសកម្មភាព​ដែលចូលរួម​ចំណែក លើកកម្ពស់​ការគោរពសិទ្ធិ​មនុស្សនៅ​កម្ពុជា ជាពិសេស ” សិទ្ធិទទួល​បានយុត្តិធម៌ ” ដែលស្ថិត​នៅក្នុងអណត្តិនៃ​បេសកកម្មរបស់ខ្លួន ។ ពិត​ណាស់​កិច្ច​ការលើកកម្ពស់​សិទ្ធិមនុស្ស គឺជាកាតព្វកិច្ច​របស់រាជរដ្ឋាភិបាល​ដែលត្រូវតែធានា​ជូនពលរដ្ឋខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀង​នានា ។ ដូច្នេះសកម្មភាព​របស់បុគ្គលិក​អាដហុកទាំង៥រូប ក៏ដូចជាស​កម្មជន​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏ទៃទៀត ដែលបាន​លះបង់ ក្នុងបុព្វ​ហេតុការពារ​សិទ្ធិមនុស្ស និងយុត្តិធម៌​សង្គមកន្លងមក ពិតជាបានចូល​រួមចំណែក​ក្នុងការបំពេញ​បន្ថែម នូវភាពខ្វះ​ចន្លោះរបស់​រ​ដ្ឋាភិបាល គួរណាស់​ត្រូវបានការ​លើកទឹកចិត្ត ដោយពុំ​គួរទទួលបាន​ការតបស្នង​ត្រឡប់មកវិញ ដោយរង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ និងផ្តន្ទាទោស​យ៉ាងអយុត្តិធម៌​បែបនេះទេ ។ ជាង​នេះទៅទៀត ការដាក់​ទោសទណ្ឌ​មកលើសកម្មភាព​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​កន្លងមក បានបង្ហាញឲ្យ​ឃើញ​យ៉ាងជាក់​ច្បាស់ថា រាជរដ្ឋាភិបាល​កំពុងតែដើរប្រាស់ចាក និងរំលោភ​លើគោលការណ៍សិទ្ធិ​មនុស្ស​ដែលខ្លួន​បានផ្តល់​សច្ចាប័ន ព្រមទាំង​ធានាក្នុង​រដ្ឋធម្មនុញ្ញ នៃព្រះ​រាជាណាចក្រ​កម្ពុជា ដែលជាច្បាប់​កំពូល និងជាពិសេស​រំលោភលើ​សេចក្តីប្រកាស​របស់អង្គការ​សហប្រជាជាតិស្តីពី ” អ្នកការពារ​សិទ្ធិមនុស្ស ” យ៉ាងធ្ងន់ធ្ងរ​ ។

សមាគម​ការពារសិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក) សូមធ្វើការ​អំពាវនាវដល់​រាជ​រដ្ឋាភិបាល ធ្វើយ៉ាង​ណាងៀក​មកអនុវត្តកាត​ព្វកិច្ចសិទ្ធិមនុស្ស ក្នុងនាម​ជារដ្ឋភាគី​ហត្ថលេខីនៃលិខិត​តុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងអស់ ដោយបញ្ឈប់​រាល់ការ​ប្រើប្រាស់​នូវយន្ត​ការតាមផ្លូវតុលាការ ដើម្បី​ធ្វើការគម្រាម​កំហែង​បំបាក់​ស្មារតី តាមរយៈ​ការចោទ​ប្រកាន់ ចាប់ខ្លួន ដាក់​ទោសទណ្ឌទាំង​បំពាន​ចំពោះ​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស ផ្ទុយទៅវិញរាជ​រដ្ឋាភិបាលត្រូវ​ខិតខំបង្កើតយន្ត​ការធ្វើយ៉ា​ងណា ដើម្បីធានា​ឲ្យមានប្រសិទ្ធិ​ភាពខ្ពស់ ដល់អ្នកការពារ​សិទ្ធិមនុស្ស ​។

ជាមួយគ្នា​នេះដែរ សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (អាដហុក) សូមអំពាវ​នាវដល់ស្ថាប័ន​តុលាការ​គ្រប់ជាន់​ថ្នាក់ គួរតែ​ធ្វើការ​កែលំអរនូវ​ការ​អនុវត្ត​ច្បាប់ឲ្យ​បាន​ល្អ​ប្រសើរ ស្រប​តាម​គោលការណ៍​នីតិរដ្ឋ​ពិត​ប្រាកដ ដើម្បី​ធានា​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូនដល់​ប្រជា​ពលរដ្ឋគ្រប់រូប ដោយ​មិនប្រកាន់​បក្សពួក និន្នាការ និងជៀសវាង​នូវអគតិ​ទាំង៤ ដូចមាន​ចែងក្នុង​ក្រមសីលធម៌​ចៅក្រម ព្រះរាជ​អាជ្ញា ដើម្បីផ្តល់​ឲ្យពលរដ្ឋ និងសង្គម​ទាំងមូល​ទទួលបាន​យុត្តិធម៌យ៉ាង​ពិតប្រា​កដ៕

ទាយយកសេចក្តីថ្លែងការណ៍

Statement Download

ព័ត៌មានបន្ថែម សូមទំនាក់​ទំនង

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក )ទូរស័ព្ទៈ ០៨៦ ៣២៤ ៦៦៦​ / ០១៦ ៦៦ ២៦ ៤៥

អ៊ីម៉ែលៈ senkarunasoeng@adhoccambodia.org