ការចូលបំភ្លឺនេះធ្វើឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លើបុគ្គលិក ណាហ្គាវើលដ៍ ចំនួន ២រូប គឺ កញ្ញា សុខ ថាវុធ បានចូលបំភ្លឺនៅពេលព្រឹក និង កញ្ញា នេត ចរិយា បានចូលបំភ្លឺនៅពេលរសៀល។
ក្នុងចំណោម បុគ្គលិកណាហ្គាវើលដ៍ ទាំងអស់ ៨រូប ត្រូវបានតុលាការចេញដីការកោះហៅបន្តបន្ទាប់គ្នានោះ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធិត (NAGAWORLD LIMITED) ដែលបានប្តឹងកូដករ ក្រោមបទចោទ “រំលោភលើលំនៅឋាន, ធ្វើឲ្យខូចខាតដោយចេតនាស្ថានទំងន់ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់” ទៅលើសកម្មភាពកូដកម្មរបស់ពួកគេដែលទាមទារឱ្យម្ចាស់ក្រុមហ៊ុនមួយនេះចេញមុខមកដោះស្រាយវិវាទការងារដែលជាប់គាំងមួយនេះ។
ថ្ងៃនេះផងដែរ លោក ឆាយ ហុង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទសួរ សំណួទៅលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរងពាក្យបណ្តឹងទាំង៣បទចោទ ទៅលើបុគ្គលិកទាំង២រូប ដូចៗគ្នា ដោយការឆ្លើយរបស់អ្នក ទាំង២រូប បានបដិសេធចំពោះការចោទរបស់ក្រុមហ៊ុន ដែលបានលើកឡើងថា ពួកគាត់បានធ្វើឲ្យខូចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងបញ្ជាក់ថាពួកគាត់គ្មានសិទ្ធិទៅបង្ខាំងបុគ្គលិក និងភ្ញៀវទេគឺថៅកែក្រុមហ៊ុនទេដែរប្រាប់ទៅសន្តិសុខឲ្យបិទច្រកចេញ និងមិនឲ្យភ្ញៀវចេញចូល ដោយពួកគាត់គ្រាន់តែឈរកាន់បដារនៅមុខក្រុមហ៊ុនតែប៉ុននោះ។
#សមាគមអាដហុកសង្កេតឃើញថាមានវត្តមានក្រុមបុគ្គលិកណាហ្គាវើលដ៍ ប្រមាណជាជាង ៣០នាក់ ដែលក្នុងដៃមានកាន់បដាដោយសរសេរពាក្យថា “ខ្ញុំមកធ្វើជាសាក្សី” រួមទាំងក្រុមអ្នកសារព័ត៌មានអង្គការសង្គមស៊ីវិល និងមានអាជ្ញាធរស្លៀកពាក់ជាឯកសណ្ឋាន ខ្លះស្លៀកពាក់ស៊ីវិលប្រហែលជាង ១០នាក់ ឃ្លាំមើល និងថតរូបផងដែរ ។
គួរបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍ នៅតែបន្តធ្វើកូដកម្មទាមទារ ឱ្យមានការដោះស្រាយ ចាប់តាំពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេលជាយូរណាស់មកហើយ និងមានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើក ហើយបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យសម្តេច ហ៊ុន សែន ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនលើកមកហើយផងដែរ រួមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធ សម្ពន្ធ័សហជីព សហជីពមូលដ្ឋាន និងអង្គការសមាគម ដែលធ្វើការលើវិស័យការពារ និងលើកកម្ពស់សិទ្ធិការងារ ដើម្បីស្នើឱ្យមានដំណោះស្រាយ បញ្ចប់វិវាទការងារផងដែរ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ និងកំឡុងពេលធ្វើកូដកម្មទាមទារឲ្យមានការដោះស្រាយកូដករចំនួន ៨រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅឲ្យចូលបំភ្លឺបន្តបន្ទាប់គ្នា ទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ៕
#ADHOC #NagaWorld #សិទ្ធិការងារ #កូដកម្ម #វិវាទការងារ