យ៉ាងហោចណាស់មានកូដករ ២នាក់បានដួលសន្លប់ និងអ្នកខ្លះទៀតរងរបួសស្រាល បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោក ទៅលើក្រុមកូដករណាហ្គាវើលដ៍ ស្ថិតនៅត្រង់ចំណុចគល់ស្ពានអាកាស ៥មករា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ នៅពេលដែលថ្នាក់ដឹកនាំសហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគម ធ្វើការក្នុងវិស័យសិទ្ធិការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា បូករួមទាំងកូដករបានដើរហែរក្បួន ដើម្បីយកលិខិតចេញពីក្រសួងការងារទៅដាក់នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ការដាក់លិខិតនេះធ្វើឡើងក្នុងគោលបំណង៖ ទី១ ស្នើដោះស្រាយបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលយកថ្នាក់ដឹកនាំសមាជិក សហជីពប្រមាណ១៥នាក់ ចូលធ្វើការវិញជាមួយប្រាក់រំលឹកទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់លើថ្នាក់ដឹកនាំ សកម្មជនសហជីពទាំង១៥រូប ។ ទី២ ស្នើដោះស្រាយសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពសរុបចំនួន៣១ករណី រួមមាន៖ ០៧ ករណី មកពី CATU, ១៩ ករណី C.CAWDU, ២ ករណី មកពី FUFI និង ០១ ករណី មកពីសហជីពការពារសិទ្ធិកម្មករ នៃក្រុមហ៊ុន អិម អិល អិនធីម អឹភែរឹល (KAPEA) ។ ការដើរក្បួននេះ បណ្តាលមកពី មិនមានការឆ្លើយតប ឬចេញមកទទួលលិខិតស្នើទាន់ពេលវេលាទើបថ្នាក់ដឹកនាំសហភាពសហព័ន្ធ សហព័ន្ធសហជីព សហជីពមូលដ្ឋាន រួមទាំងសមាគម និងកូដករសម្រេចដើរហែរក្បួនទៅទីស្តីការគណៈរដ្ឋមន្តី្រ ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែមកដល់ចំណុចស្ពានអាកាស៥មករា ក៏មានតំណាងមកពីក្រសួងការងារមកទទួលលិខិត ហើយសន្យាថា នឹងដាក់លិខិតនេះជូនទៅកាន់ថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ ប៉ុន្តែចំណាត់ការឆ្លើយតបបែបណាគាត់ក៍មិនអាចសម្រេចបានដែរ។ ជាការទាមទាររបស់កូដករ និងតំណាងសហជីព សហព័ន្ធ គឺចង់ឱ្យតំណាងមកពីក្រសួងក្រោយពីទទួលញត្តិហើយសូមធ្វើការដោះស្រាយជូនពួកគាត់ ដោយពួកគាត់ធ្លាប់បានដាក់ញត្តិពីមុនមកដែរតែនៅតែគ្មានដំណោះស្រាយ។ បន្ទាប់មកពួកគាត់បានដើរបន្តទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីដាក់ញត្តិបន្តស្វែងរកការអន្តរាគមន៍ តែពេលដើរតាមផ្លូវក៏មានការមានការរារាំងពីសំណាក់អាជ្ញាធរ និងកងសន្តិសុខខណ្ឌទួលគោកទៅលើក្រុមកូដករណាហ្គាវើលដ៍ កើតមានឡើងស្ថិតនៅគល់ស្ពានអាកាស៥មករា ជាប់ការ៉ាស់សាំងសូគីមិច និងមានដាក់ប៉ារ៉ាស់រារាំងរបស់អាជ្ញាធរមិនឱ្យថ្នាក់ដឹកនាំសហជីព និងកូដករបន្តដំណើរទៅមុខបាន ។ ក្រោយពីប៉ះទង្គិចគ្នា សមត្ថកិច្ចបានបើកផ្លូវ និងសម្រួលឱ្យថ្នាក់ដឹកនាំសហភាពសហជីព សហព័ន្ធសហជីព សហជីមូលដ្ឋាន រួមទាំងសមាគម និងកូដករសម្រេចដើរហែរក្បួនទៅទីស្តីការគណៈរដ្ឋមន្តី្រក្រោមការសម្របសម្រួល របស់អាជ្ញាធរសាលារាជធានីភ្នំពេញ និងបានទទួលញត្តិពេលទៅដល់ទីស្តីការគណៈរដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា ក្រុមកូដករណាហ្គាវើលដ៍បានធ្វើកូដកម្មទាមទារ ឱ្យមានការដោះស្រាយលើករណីវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍នេះ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអូសបន្លាយពេល ជាយូរណាស់មកហើយ រហូតមកទល់ពេលនេះ និងក៏មានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើកច្រើនសារមកហើយផងដែរ ក៏ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ ៕