សេចក្តីថ្លែងការណ៍រួម ស្តីពីសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករដែលកំពុងតែធ្វើកូដកម្មនៅ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធិត

ភ្នំពេញ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

         

យើង​ខ្ញុំជា​សហជីព​ រួម​ជាមួយ​ស្ថាប័ន​សិទ្ធិមនុស្ស ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​ សិទ្ធិ​ការ​ងារ​ សិទ្ធិ​ស្ត្រី​ ជម្រុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សមភាព​យេន​ឌ័រ​ ក្នុង​សង្គម​កម្ពុជា​។យើងខ្ញុំសូមថ្កោលទោសនូវសកម្មភាពបង្រ្កាបរបស់អាជ្ញាធរ​ទៅលើ​កូដករ​ស្រ្តីដែល​កំពុង​តែធ្វើ​កូដកម្ម ចំពោះវិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ណាហ្គាវើលដ៍ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ក្នុង​គោលបំណង​ទាមទារ​ឲ្យក្រុមហ៊ុន​ណាហ្គាវើលដ៍​យកតំណាង​កម្មករ​និយោជិត និង​សមាជិក​របស់​ពួកគេចូល​ធ្វើការងារ​វិញ ដោយ​ការបញ្ឈប់​នេះ គឺជាការ​បញ្ឈប់​ដោយ​ភាព​អយុត្តិធម៌។

ចំពោះ​សកម្មភាព​បង្ក្រាប​យ៉ាង​ព្រៃ​ផ្សៃ​ ដើម្បី​រារាំង​មិន​ឲ្យ​កូដករ​ ទៅ​ធ្វើកូដ​កម្ម​នៅ​ក្បែរ​របង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បើ​ទោះ​ជាកូដ​ករ ព្យាយាម​អង្វរ​សុំ​ឲ្យ​ពួកគេ​ ទៅ​ឈរ​ធ្វើកូដ​កម្ម​នៅ​ជិត​ក្រុម​ហ៊ុន​ដែល​ជា​ទីកន្លែង​ដែល​ពួកគេ​ គួ​រត្រូវ​ឈរ និង​សម្តែងមតិ​ស្រប​ទៅ​តាម​ច្បាប់​ស្តី​ពីការងារ​។​ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​មាន​ការ​បង្រ្កាប​ដោយ​ទង្វើ​អមនុស្ស​ធម៌ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ចោទ​ប្រកាន់​ថាជា​កម្មករ​និយោ​ជិតដែល​បាន​ប្រើប្រាស់​អំពើហិង្សា​ទៅលើ​អាជ្ញាធរ ទៅ​វិញ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ការ​ពារ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដោយ​មិន​បាន​យក​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​ដើម្បី​ព្រមាន​នោះ​ឡើយ​ ទង្វើ​បែប​នេះ​គឺ​ អាជ្ញា​ធរ​បាន​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​សង្គម​កម្ពុជា កាន់​តែ​មាន​គម្រូរូប​ភាព​កើន​ឡើង​នូវ​ការ​​បង្ក្រាប​ពី​អាជ្ញា​ធរ​ នៅពេល​ដែល​កម្មករ​និយោជិត​ ប្រើ​ប្រាស់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួកគេ​ គឺ​សិទ្ធិ​ធ្វើ​កូដ​កម្ម​ ដែល​ធានា​ដោយ​អនុសញ្ញា​អង្គការ​ពលកម្មអន្តរជាតិ​លេខ​ ៨៧ និង​៩៨ ដែ​លព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

កាល​ពីល្ងាច​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ចោទ​ប្រកាន់ថា​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែកម្មករ​និយោ​ជិតបាន ‹‹ធ្វើការ​បុកទម្លុះ​ប៉ារាស និង​បង្កអំពើ​ហិង្សា​មកលើ​សមត្ថកិច្ច›› ហើយ​ក៏បានគំរាម​កំហែង​ថា ‹‹អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចងក្រង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាកា​រ ដើម្បី​នាំជនដៃ​ដល់​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​នូវសកម្មភាព​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ​ប្រើអំពើ​ហិង្សា​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏ដូច​ជាប្រមាថ​មក​លើមន្ត្រី​រាជការ​កំពុង​បំពេញ​ភារកិច្ច។ ›› យើង​ខ្ញុំ​សូម​បញ្ជាក់​ថា​នេះ​មិនមែន​លើក​ទីមួយ​នោះ​ទេដែល​កម្មករនិយោ​ជិត ជួប​ប្រទះ​នូវ​អំពើហិង្សាពី​អាជ្ញា​ធរ ហើយ​រៀង​រាល់​ពេល​ដែល​កើត​មាន​ឡើង​ សាលា​រាជធានីភ្នំពេញ​ចេញ​លិខិត​ប្រកាស​ព័ត៌មាន​ ការ​ពារ​អ្នក​ប្រព្រឹត្ត​ ហើយ​ចោទប្រកាន់​មក​លើ​កូដករដែល​ធ្វើកូដកម្មដោយសន្តិវិធី។ សកម្មភាព​បង្រ្កាបនៅថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២២ មាន​កូដករ​ស្ត្រីយ៉ាង​តិចចំនួន​១៧ នាក់​បាន​រងរបួស ទាំង​មុខ​ទាំង​ច្រមុះ និង​ស្ត្រីពីរ​នាក់ទៀត​បាន​ដួល​សន្លប់ បន្ទាប់​ពីអាជ្ញាធរ​មួយ​ក្រុម​ធំបាន​ប្រើ​ប្រាស់​ហិង្សា​លើ​កម្មករ​និយោ​ជិត​ដែលកំពុង​តែធ្វើ​កូដកម្ម។ ក្នុងនាម​ជាអ្នក​តំណាង​កម្មករនិយោជិត​ក្នុងវិស័យ​ការងារ រួម​ជាមួយ​ស្ថាប័ន​សិទ្ធិមនុស្ស ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​ សិទ្ធិ​ការ​ងារ​ សិទ្ធិ​ស្ត្រី​ ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សមភាព​យេន​ឌ័រ​ ក្នុង​សង្គម​កម្ពុជា យើងខ្ញុំ​ទាំងអស់​គ្នាថ្កោល​ទោសរាល់​ករណីនៃ​អំពើហិង្សា​ទៅលើ​កម្មករ​និយោ​ជិត និង ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ទៅ​លើជន​ដែល​ប្រព្រឹត្ត​អំពើរ​ហិង្សា​មកលើស្រ្តី​កូដករ ដើម្បី​លើក​កម្ពស់​នូវការ​បញ្ឈប់​អំពើហិង្សា​លើស្រ្តី និង ជាគម្រូភាព​សម្រាប់​ការ​អនុវត្ត​ច្បាប់។

កូ​ដកម្ម​រយៈពេល​៨ខែកន្លង​មក​នេះ កម្មករ​និយោ​ជិតជួប​ប្រទះ​នូវ​សកម្មភាព​មាន​ជា​អាទិ៍ ៖ ទះកំផ្លៀង ទាត់ ចាប់អូស បោះ ជេរប្រមាថ បៀត​បៀនរាង​កាយ​​ពី​អាជ្ញាធរ និង ករណីរលូត​កូនក៏មាន​ផងដែរ​។ ការប្រើប្រាស់​អំពើ​ហិង្សា​ទៅលើស្ត្រី​ដែល    អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន​គឺជា​ទង្វើមួយ​ដែលមិន​ស្របតាម​គោលការណ៍​មូលដ្ឋាន​នៃសង្គម​ប្រជាធិប​តេយ្យឡើយ។

រាជរដ្ឋា​ភិបាលមានកិច្ច​សន្យាសង្គម​ចំពោះ​ពលរដ្ឋ​ខ្លួន​ “ ​មិន​​ទុក​នរណាម្នាក់​ចោល ” និង​ការ​ពារ​អ្នក​រងគ្រោះដោយ​មិន​ត្រូវ​បន្ត​ឲ្យ​មាន​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ជាមូល​ដ្ឋាន​ និង​ភាព​អយុត្តិ​ធម៌ចំពោះ​ជន​រងគ្រោះ​​នោះឡើយ​ ។ រដ្ឋាភិបាល​ត្រូវបំពេញ​កាតព្វ​កិច្ច​សិទ្ធិមនុស្សរបស់ខ្លួន គឺ គោរព ការពារ និង​បំពេញ សិទ្ធិ​ទាំងឡាយ​ដែល​ផ្តល់​ដោយរដ្ឋ​ធម្មនុញ្ញ ​ច្បាប់​ជាតិ​និង​ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិ​ និង​មិន​ត្រូវ​រំលោភបំពាន​ជាដាច់​ខាត។​

សេចក្តី​ថ្លែ​ងការណ៍​រួមនេះ​ចូលរួម​គាំទ្រដោយ៖

  1. សហព័ន្ធ​សហជីព កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា (CFSWF)
  2. សហព័ន្ធ​សហជីព​កម្មករ​និយោ​ជិត​វិស័យ​ទេសចរណ៍​កម្ពុជា (CTWUF)
  3. សហជីព​
  4. ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃក្រុមហ៊ុន​ណាហ្គា​វើលដ៏ (LRSU)
  5. សមាគម​មន្ត្រីរាជ​ការ​ឯករាជ្យ​កម្ពុជា (CICA)
  6. សហភាព​ចលនា​កម្មករ​កម្ពុជា(CCW)
  7. សម្ព័ន្ធ​សហជីព​ចលនា​កម្មករ(CUMW)
  8. សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា(CDPLA)
  9. សហព័ន្ធ​សហជីព​ឯករាជ្យ (INTUFE)
  10. សហព័ន្ធ​សហជីព​កម្ពុជា​ឯករាជ្យ(CITUFED)
  11. សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ (FUFI)
  12. សម្ព័ន្ធ​សហជីព​កម្មករ​ដើម្បី​ការងារ(UCL)
  13. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
  14. សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹកជញ្ជូន (CTWF)
  15. សមាគម​ប្រជាធិប​តេយ្យឯក​រាជ្យនៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (IDEA)
  16. សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ឧស្សាហ​កម្ម (CIWF)
  17. សម្ព័ន្ធ​សហជីព​កម្ពុជា (CATU)
  18. សហភាព​ការងារ​កម្ពុជា (CLC)
  19. សហភាព​សហជីព​កម្ពុជា(CCU)
  20. សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC)
  21. សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC)
  22. បណ្តាញ​យុវជន​កម្ពុជា (CYN)
  23. សហភាព​ផ្ទះ​សាមគ្គី (SH)
  24. កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)
  25. មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL)
  26. សម្ព័ន្ធ​ខ្មែរជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO)
  27. សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា (ADHOC)
  28. អង្គការ​សមាគម​ធាងត្នោត(STT)
  29. គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង យុត្តិធម៌​នៅកម្ពុជា (COMFREL)
  30. គណៈកម្មាធិ​ការ​អព្យាក្រឹត និងយុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយសេរី និងត្រឹម​ត្រូវ​នៅកម្ពុជា(NICFEC)
  31. អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC)
  32. អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យ​ភាពសង្គម (CISA)
  33. អង្គការ​សីលការ(SILAKA)
  34. អង្គការ​សមធម៌​កម្ពុជា (EC)
  35. វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា(CID)
  36. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
  37. អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធ​មនុស្ស​កម្ពុជា(CHRAC)
  38. អង្គការ​បន្ទាយស្រី (Banteay Srei)
  39. អង្គការ ActionAid កម្ពុជា

ទាញយកសេចក្តីប្រកាសព័ត៌មាន