មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(«អាដហុក») និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំទី៦ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលផលិតដោយគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន («គម្រោងសេរីភាពមូលដ្ឋាន»)។ របាយការណ៍នេះលើកឡើងពិស្តារអំពីទិដ្ឋភាពនៃការអនុវត្តសេរីភាពខាងការបង្កើតសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ («សេរីភាពមូលដ្ឋាន») នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ លោកអ្នកអាចទាញយករបាយការណ៍ប្រចាំឆ្នាំទី៦នេះ Khmer និងEnglish តាមរយៈតំណទីនេះ។
ការវិវឌ្ឍសំខាន់ៗ ដែលត្រូវបានចងក្រងនៅក្នុងឆ្នាំ២០២១ រួមមាន៖
- ការតាក់តែងឯកសារគតិយុត្តិថ្មីៗចំនួន៣ ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់ពលរដ្ឋក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន
- ការព្យាយាមជាច្រើនរបស់រដ្ឋាភិបាល និងភាគីទីបីក្នុងការបន្ទច់បង្អាក់សកម្មភាពគណបក្សជំទាស់
- ការជ្រៀតជ្រែកដោយបំពានជាញឹកញាប់ទៅលើការជួបប្រជុំជាសាធារណៈ
- ការបង្កើនការរឹតត្បិតទៅលើការបញ្ចេញមតិតាមអនឡាញ និង
- តួលេខខ្ពស់នៃពលរដ្ឋដែលយល់ថា ពួកគេពុំមានសេរីភាពក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។
សេរីភាពខាងសមាគម ការជួបប្រជុំ និងការបញ្ចេញមតិ គឺសំខាន់សម្រាប់ធានាដល់ការអនុវត្តសិទ្ធិមនុស្សទាំងអស់ និងមានសារៈសំខាន់ខ្លាំងជួយឱ្យលទ្ធិប្រជាធិបតេយ្យដំណើរការទៅបានដោយរលូន។ សេរីភាពមូលដ្ឋាននេះជួយដល់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពនានា និងនាំមកនូវការវិវឌ្ឍសង្គមជាវិជ្ជមាន។ ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសេរីភាពមូលដ្ឋានពុំនាំមកនូវវឌ្ឍនភាពដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ និងរារាំងដល់ការចូលរួមរបស់សាធារណជន។ របត់ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២១ ជាបញ្ហាគួរឱ្យព្រួយបារម្ភខ្លាំង ខណៈប្រទេសកម្ពុជាកំពុងឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ដែលការអនុវត្តសេរីភាពមូលដ្ឋានមានសារៈសំខាន់សម្រាប់ធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
របាយការណ៍ចុងក្រោយរបស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជានេះ បានកត់ត្រាករណីចំនួន៣៥១ តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ការរាយការណ៍ពីហេតុការណ៍មានចំនួន១០៣ ករណី ការស្ទង់មតិជាមួយសាធារណជនចំនួន ៩២៥ នាក់ នៅទូទាំង២៥ ខេត្តរាជធានី ការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពចំនួន ១៧១ នាក់ និងវាយតម្លៃលើដំណើរការចុះបញ្ជីសហជីពចំនួន ៣ ករណី។ គម្រោងសេរីភាពមូលដ្ឋានបានកត់ត្រាករណីនៃការរឹតត្បិតលើសេរីភាពមូលដ្ឋាននៅគ្រប់ខេត្តរាជធានី ដោយមានការរឹតត្បិតខ្លាំងជាងគេគឺកើតឡើងនៅរាជធានីភ្នំពេញ។ ករណីរឹតត្បិតជាច្រើនដែលកត់ត្រាដោយគម្រោងសេរីភាពមូលដ្ឋាននេះបង្ហាញពីការអនុវត្តពុំត្រឹមត្រូវ ឬការអនុវត្តក្របខ័ណ្ឌច្បាប់កម្ពុជាដោយបំពានពីសំណាក់អាជ្ញាធរ។ រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាំងនេះដើម្បីកាត់បន្ថយលម្ហសេរីភាពពលរដ្ឋ និងរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋាន ជាជាងការពារសិទ្ធិទាំងនេះ។
តាមរយៈការផ្តល់ទឡ្ហីករណ៍ដែលមានប្រភពព័ត៌មានច្បាស់លាស់ អំពីស្ថានភាពនៃសេរីភាពមូលដ្ឋាននៅកម្ពុជានេះ គម្រោងសេរីភាពមូលដ្ឋានមានបំណងផ្តល់នូវមូលដ្ឋានសមា្រប់ពិចារណាផ្អែកលើព័ត៌មានដែលប្រមូលបានប្រកបដោយបរិយាបន្ន និងការពិភាក្សាច្បាស់លាស់ដើម្បីធ្វើឱ្យច្បាប់ជាតិអនុលោមជាមួយច្បាប់អន្តរជាតិ។ គម្រោងសេរីភាពមូលដ្ឋាន ស្នើឱ្យមានវិធានការក្នុងន័យស្ថាបនាឆ្ពោះទៅរកការបង្កើតលក្ខខណ្ឌចាំបាច់នានាសម្រាប់សង្គមស៊ីវិលដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើនទៅបាន៕
– ចប់ –
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងៈ
លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាន នៃ ម.ស.ម.ក តាមរយៈអ៊ីម៉ែល៖ seanghak.hun@cchrcambodia.org ឬ ទូរស័ព្ទៈ + ៨៥៥ (០) ១២ ៤០ ៣០ ៥០
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក តាមរយៈអ៊ីម៉ែល៖ senkarunasoeng@adhoccambodia.org ឬ ទូរស័ព្ទៈ + ៨៥៥ (០) ៨៦ ៣២៤ ៦៦៦
លោក យឹម សេរីវឌ្ឍនៈ មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីនៃមជ្ឈមណ្ឌលសាមគ្គីភាព តាមរយៈអ៊ីម៉ែល៖ vathanak@solidaritycenter.org ឬ ទូរស័ព្ទៈ + ៨៥៥ (០)៩២ ៥៥៣ ៧៧៨។