សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា “អាដហុក” មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ស្ថានទូតអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា នៅរសៀលម៉ោង២ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ នៅបន្ទប់សាលសវនាការលេខ២ បន្ទាប់ពីបានពន្យាពេលសវនាការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បុគ្គលិកសមាគមអាដហុកចំនួន ០៣ (បី) រូប រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតបុគ្គលិកអាដហុកចំនួន ០២ (ពីរ) រូបទៀតគឺលោក ណៃ វង់ដា និងលោក នី ចរិយា នឹងសម្រេចចូលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ តាមដីការកោះចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីជំនុំជំរះ ពីបទ “អំពើសូកប៉ាន់សាក្សី” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ អ្នកទាំង៥ (ប្រាំ) រូប បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ដោយមិនសុខចិត្តទៅនឹងសាលក្រមព្រហ្មទណ្ឌលេខ ៧៣០ ក្រវ”ថ” ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសពួកគេដាក់ពន្ធនាគារ ម្នាក់ៗកំណត់០៥ឆ្នាំ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល១៤ (ដប់បួន) ខែ និងសល់ប៉ុន្មានព្យួរ ពីបទ “សូកប៉ាន់សាក្សី” ហើយដែលពួកគាត់យល់ថា ការសម្រេចនេះមិនផ្តល់ភាពយុត្តិធម៌ និងបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ សេរីភាព ព្រមទាំងកិតិ្តយសរបស់ពួកគាត់យ៉ាងខ្លាំងទៀតផង ។ អ្នកទាំងប្រាំ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ ពីបទ “សូកប៉ាន់សាក្សី” តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាព្រៃស ”ម១” និង ម២ នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ។
ដូច្នេះ ដើម្បីបន្តការតាមដានដំណើរការសាវនាកាខាងលើនេះ យើងខ្ញុំសូមគោរពអញ្ជើញសាធារណជន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ តំណាងស្ថានទូត អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចូលរួមកុំបីខាន ។ សូមអរគុណ!
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
១. លោក ស៊ឹង សែនករុណា ៖ (៨៥៥)៨៦ ៣៤២ ៦៦៦
២. លោក ភិន សាវៃ ៖ (៨៥៥)៨៦ ៣៨១ ៦៦៦