រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២
យើងខ្ញុំ ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានរាយនាមដូចខាងក្រោម នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការខកខានរបស់ប្រទេសកម្ពុជាក្នុងស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ចំពោះការបាត់ខ្លួនដោយបង្ខំរបស់សកម្មជនជនជាតិថៃ គឺលោក Wanchalearm Satsaksit និងការនាំឱ្យមាននិទណ្ឌភាព ។ ខណៈដែលគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) រៀបចំការពិនិត្យមើលឡើងវិញជាបឋមអំពីស្ថានភាពនៃការបាត់ខ្លួនដោយបង្ខំនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២២នេះ យើងខ្ញុំ សូមស្នើឱ្យគណៈកម្មាធិការនេះ ជួយដោះស្រាយការខកខានជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកលោក Wanchalearm ឱ្យបានឆាប់រហ័ស និងដោយហ្មត់ចត់ និងដើម្បីស៊ើបអង្កេតពីការបាត់ខ្លួនរបស់គាត់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ យើងខ្ញុំ ឈរជាសាមគ្គីភាព ជាមួយលោក Wanchalearm និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំទាំងអស់ ហើយសូមស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាពីសិទ្ធិរបស់ជនរងគ្រោះក្នុងការទទួលបានយុត្តិធម៌ និងសំណង ក៏ដូចជាកំណត់ជោគវាសនា ឬទីកន្លែងដែលអ្នកបាត់ខ្លួនកំពុងស្នាក់នៅ ។ យើងខ្ញុំយល់ស្របជាមួយគណៈកម្មាធិការថា “លក្ខណៈនៃការបាត់ខ្លួនដោយបង្ខំគឺជាឧក្រិដ្ឋកម្មកើតមានជាបន្ត” ដែលនាំឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពរបស់មនុស្ស សេរីភាពពីការឃុំឃាំងនិងការធ្វើទារុណកម្មដោយសម្ងាត់ ក៏ដូចជាសិទ្ធិរស់នៅជួបជុំជាមួយគ្រួសារផងដែរ ។ គ្រួសារអ្នកដែលបានបាត់ខ្លួនទាំងអស់នោះ បានប្រឈមមុខនឹងទុក្ខលំបាករាប់មិនអស់ ខណៈដែលពួកគេត្រូវបានដកហូតសិទ្ធិទទួលបានសំណងការខូតខាត និងដឹងជោគវាសនា ឬទីកន្លែងដែលអ្នកបាត់ខ្លួនកំពុងស្នាក់នៅ ។
គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះការខកខានរបស់អាជ្ញាធរកម្ពុជាក្នុងការកំណត់ និងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដោយហ្មត់ចត់ ឥតលម្អៀង និងដោយឯករាជ្យ ជុំវិញការបាត់ខ្លួនដែលត្រូវបានរាយការណ៍ ដែលជាលំនាំមួយនៅតែបន្តកើតមានជាមួយនឹងករណីរបស់លោក Wanchalearm ។ កាលពីខែមិថុនា ឆ្នាំ២០២០ លោក Wanchalearm ត្រូវបានគេចាប់ពង្រត់ទាំងកណ្ដាលថ្ងៃនៅខាងក្រៅអគារស្នាក់នៅរបស់លោក ខណៈដែលលោកកំពុងរស់នៅនិរទេសខ្លួនក្នុងរាជធានីភ្នំពេញ ។ លោក Wanchalearm ជាអ្នករិះគន់ឥតសំចៃមាត់ចំពោះរាជរដ្ឋាភិបាលថៃ ដែលប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌជាច្រើននៅក្នុងប្រទេសថៃ ។ ការចាប់ពង្រត់លោក ត្រូវបានថតជាប់នៅលើវីដេអូនៃកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុនCCTV រួមមានទាំងរូបភាពរថយន្តដែលត្រូវបានប្រើប្រាស់ និងស្លាកលេខរថយន្ត ក៏ដូចជាសាក្សីដែលបានឃើញផ្ទាល់ភ្នែកផងដែរ ។ អ្នកស្រី Sitanan Satsaksit ដែលជាបងស្រីរបស់លោក Wanchalearm ក៏បានដឹងឮផ្នែកខ្លះនៃការចាប់ពង្រត់នេះផងដែរ ដោយសារអ្នកស្រីកំពុងនិយាយទូរសព្ទជាមួយលោកនៅពេលនោះ ។ ឯកឧត្តម ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដំបូងឡើយបានច្រានចោលការចាប់ពង្រត់នេះថាជា “ព័ត៌មានមិនពិត” ខណៈដែលមន្ត្រីម្នាក់ផ្សេងទៀតបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនស៊ើបអង្កេតករណីនេះទេ ដោយសារតែពុំមានពាក្យបណ្តឹងជាផ្លូវការ ។ ក្រោយមក អាជ្ញាធរបានបដិសេធថា លោក Wanchalearm មិនបាននៅក្នុងប្រទេសកម្ពុជានៅពេលនោះទេ បើទោះបីជាមានភស្តុតាងច្បាស់លាស់ក៏ដោយ ប៉ុន្តែអាជ្ញាធរបានផ្តោតលើបញ្ហាដែលមិនពាក់ព័ន្ធក្នុងការកំណត់ជោគវាសនា និងទីកន្លែងដែលគាត់កំពុងស្នាក់នៅទៅវិញ ដូចជាថាតើគាត់មានឯកសារឆ្លងដែនត្រឹមត្រូវដែរឬទេ ។ នៅចំពេលដែលមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ ហើយបន្ទាប់ពីអ្នកស្រី Sitanan Satsaksit បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ទីបំផុតអាជ្ញាធរកម្ពុជាបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌនៅខែកញ្ញា ឆ្នាំ២០២០ ។ ទោះបីជាអ្នកស្រី Sitanan បានផ្តល់សក្ខីភាព និងភស្តុតាងដល់តុលាការរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០២០ និងដើមឆ្នាំ ២០២១ ក៏ដោយ ក៏មិនទាន់មានចាប់ផ្ដើមក្នុងការស៊ើបអង្កេតដែរ ។ បណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់សម្រាប់ព័ត៌មានលើការបាត់ខ្លួនរបស់គាត់ និងដំណើរការនៃការស៊ើបអង្កេតរបស់ក្រុមគ្រួសារលោក Wanchalearm គឺទទួលបានត្រឹមតែភាពស្ងៀមស្ងាត់ ។ នៅក្នុងប្រទេសថៃ អាជ្ញាធរថៃបានគំរាមកំហែងពីរដងរួចមកហើយទៅលើអ្នកស្រី Sitanan ជាមួយនឹងបទចោទព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយចំនួនក្នុងខែកញ្ញា និងខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រី និងតម្រូវការក្នុងការអនុម័តសេចក្តីព្រាងច្បាប់របស់ប្រទេសថៃស្តីពីការការពារ និងបង្ក្រាបការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបង្ខំ ។
ការបាត់ខ្លួនរបស់លោក Wanchalearm គឺជាការរំលឹកដ៏តក់ស្លត់មួយនៃការបាត់ខ្លួនឆ្លងប្រទេសក្នុងឆ្នាំ២០០៧ របស់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសកម្មជនសិទ្ធិការងារជាជនជាតិវៀតណាមពីររូបពីប្រទេសកម្ពុជា ។ ឧទាហរណ៍ លោក Le Tri Tue ជាអ្នកជនជាតិវៀតណាមដែលនិយមបញ្ចេញមតិរិះគន់ បានបាត់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០៧ បន្ទាប់ពីបានដាក់ពាក្យសុំសិទ្ធិជ្រកកោន ហើយនៅតែបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ន ។
ការខកខានក្នុងការស៊ើបអង្កេត ប្រកបដោយប្រសិទ្ធភាពលើការបាត់ខ្លួនដោយបង្ខំ គឺជារំលោភបំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងររបស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលប្រទេសកម្ពុជាបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ២០១៣ ។ ជាពិសេស ប្រទេសកម្ពុជាកំពុងតែរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្នុងការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឥតលំអៀងដោយមិនពន្យារពេល ក្នុងការចាត់វិធានការចាំបាច់ ដើម្បីយកអ្នកពាក់ព័ន្ធឱ្យមកទទួលខុសត្រូវព្រហ្មទណ្ឌ និងធានាដល់សិទ្ធិទទួលបានព័ត៌មានសម្រាប់អ្នកដែលត្រូវទទួលបានផលប្រយោជន៍ស្របច្បាប់ ។ លើសពីនេះ ការពន្យារពេលដែលមិនសមហេតុផលក្នុងការស្វែងរកមនុស្សដែលបានបាត់ខ្លួន គឺមិនស្របតាមគោលការណ៍ណែនាំសម្រាប់ការស្វែងរកមនុស្សដែលបានបាត់ខ្លួនទេ ក្នុងនោះដើម្បីសន្មតថាមនុស្សនោះនៅមានជីវិត គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ចាប់ផ្តើមស្រាវជ្រាវដោយមិនពន្យារពេល ប្រើប្រាស់ព័ត៌មានតាមមធ្យោបាយសមស្រប និងការគោរពថា ការស្វែងរកគឺជាកាតព្វកិច្ចដែលបន្តរហូតដល់ជោគវាសនានៃអ្នកបាត់ខ្លួននោះត្រូវបានដឹង ។
គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ បានបើកសម័យប្រជុំលើកទី២២ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ហើយនឹងបង្កើត បញ្ជីបញ្ហា ដែលនឹងជាមូលដ្ឋានសម្រាប់ការពិនិត្យឡើងវិញនូវរបាយការណ៍ដំបូងរបស់កម្ពុជា ផ្អែកតាមមាត្រា២៩ នៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ។ របាយការណ៍នេះ ត្រូវបានតម្រូវឱ្យធ្វើរួចរាល់ត្រឹមឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ជូនទេ រហូតដល់ឆ្នាំ២០២១ ៕
សេចក្ដីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
- អ្នកស្រី Sitanan Satsaksit និងក្រុមគ្រួសារ
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
- Ain o Salish Kendra (ASK) ប្រទេសបង់ក្លាដេស
- Asian Forum for Human Rights and Development (FORUM-ASIA)
- Asian Resource Foundation (ARF) ប្រទេសថៃ
- Association of Women for Awareness & Motivation (AWAM) ប្រទេសប៉ាគីស្ថាន
- Banglar Manabadhikar Suraksha Mancha (MASUM) ប្រទសឥណ្ឌា
- Bytes for All (ប្រទេសប៉ាគីស្ថាន)
- សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- បណ្តាញយុវជនកម្ពុជា (CYN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- Center for Human Rights and Development (CHRD) ប្រទេសម៉ុងហ្គោលី
- Center for Prisoners’ Rights (CPR) ប្រទសជប៉ុន
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
- Commonwealth Human Rights Initiative (CHRI) ប្រទេសឥណ្ឌា
- Cross Cultural Foundation (CrCF) ប្រទេសថៃ
- Defence of Human Rights (DHR) ប្រទេសប៉ាគីស្ថាន
- Dignity-Kadyr-kassiyet (KK) ប្រទេសកាហ្សាក់ស្ថាន
- អង្គការសមធម៌កម្ពុជា (EC)
- Human Rights Commission of Pakistan ប្រទេសប៉ាគីស្ថាន
- Human Rights Lawyers Association (HRLA) ប្រទេសថៃ
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- The Indonesian Human Rights Monitor – Inisiatif Masyarakat Partisipatif untuk Transisi Berkeadilan (Imparsial) ប្រទេសឥណ្ឌូនេស៊ី
- International Federation for Human Rights (FIDH)
- Korean House for International Solidarity (KHIS) ប្រទេសកូរ៉េខាងត្បូង
- League for the Defence of Human Rights in Iran (LDDHI) ប្រទេសអ៊ីរ៉ង់
- Madaripur Legal Aid Association (MLAA) ប្រទេសបង់ក្លាដេស
- Maldivian Democracy Network (MDN) ប្រទេសម៉ាឌីវ
- Manushya Foundation (ប្រទេសថៃ)
- Odhikar (ប្រទេសបង់ក្លាដេស)
- People’s Empowerment Foundation (PEF) ប្រទេសថៃ
- People’s Watch (ប្រទេសឥណ្ឌា)
- Programme Against Custodial Torture & Impunity (PACTI) ប្រទេសឥណ្ឌា
- Progressive Voice (ប្រទេសមីយ៉ាន់ម៉ា)
- Safety and Risk Mitigation Organization (SRMO) ប្រទេសអាហ្វហ្កានីស្ថាន
- អង្គការសមាគមធាងត្នោត (STT)
- Suara Rakyat Malaysia (SUARAM) ប្រទេសម៉ាឡេស៊ី
- Thai Lawyers for Human Rights (TLHR) ប្រទេសថៃ
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការ រើសអើងលើស្រ្តី (NGO-CEDAW)
- Think Centre (ប្រទេសសិង្ហបុរី)
- អង្គការតម្លាភាពកម្ពុជា (TIC)
- Vietnam Committee on Human Rights (VCHR) ប្រទេសវៀតណាម
- កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)