សេចក្តីថ្លែងការណ៍រួម ការគំរាម​​កំហែងទៅលើ​​អ្នក​វិភាគគឺ​ជា​ការ​គំរាម​កំហែង​​សេរីភាពខាងការ​​បញ្ចេញ​មតិ​ នៅ​កម្ពុជា​

សេចក្តីថ្លែងការណ៍រួម
ការគំរាម​​កំហែងទៅលើ​​អ្នក​វិភាគគឺ​ជា​ការ​គំរាម​កំហែង​​សេរីភាពខាងការ​​បញ្ចេញ​មតិ​
នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ថ្ងៃទី២១  ខែ​កញ្ញា ឆ្នាំ២០២១

យើងខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ សហជីព និងសហគមន៍ ដែលមាន​ឈ្មោះដូចខាង​ក្រោមសូម​អំពាវ​នាវ​ដល់រាជរដ្ឋាភិបាល​កម្ពុជា («រដ្ឋាភិបាល») សូមមេត្តា​បញ្ឈប់ការ​បំភិត​បំភ័យ​លើអ្នក​វិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា និងសំឡេង​រិះគន់​ផ្សេង​ទៀត ​​ដោយគ្រាន់​អ្នកទាំង​នោះ​បញ្ចេញ​ទស្សនៈនិង​ការ​យល់ឃើញ​​សម្រាប់​​ផល​ប្រយោជន៍​សាធារណៈនៅ​កម្ពុជា និងសូម​មេត្តា​គោរពសិទិ្ធ​សេរីភាព​ក្នុងការបញ្ចេញ​មតិនៅ​កម្ពុជា។​

នៅ​ក្នុង​សុន្ទរកថា​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​ សម្តេចនាយក​រដ្ឋ​មន្ត្រី​ លោកបាន​ព្រមាន​អ្នក​វិភាគបញ្ហាសង្គមនៅ​កម្ពុជា ​ចំពោះ​ការ​អត្ថាធិប្បាយ​​ទៅ​លើ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា។ ជាក់​ស្ដែង​ ឈ្មោះ​របស់​លោក​បណ្ឌិត​ មាស នី ជា​​អ្នក​វិភាគ​មួយរូប​​ដែលបាន​​​ធ្វើ​អត្ថាធិប្បាយ​រិះគន់អំពី​គោល​នយោបាយ​​ការ​បរទេស​របស់​​​កម្ពុជា​ជា​មួយ​ប្រទេស​ចិន ត្រូវបានលើកឡើង ហើយលោក​រង​ការ​​​ព្រមានថា «កុំ​ព្រហើន​ពេក»។ សម្តេចនាយក​រដ្ឋ​មន្ត្រី​​ក៏​បាន​លើក​ឡើង​ផង​ដែរ ​អំពី​ការ​ចេញ​ដីកា​ចាប់​ខ្លួន​​អ្នក​វិភាគ​មួយ​រូបផ្សេង​​ទៀត​ដែល​បាន​​បង្ហោះ​លក្ខខណ្ឌ​ប្រាំ​មួយ​​ចំណុច​​អំពី​ការ​បង្កើត​​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុករបស់ខ្លួន។ ក្រោយ​មក​ អ្នកវិភាគរូបនោះ​ត្រូវបានបញ្ជាក់​ថាជាលោក​បណ្ឌិត សេង សារី ហើយលោករង​ការ​ព្រមានថា ប្រសិនបើការបង្ហោះនោះ​មិនត្រូវ​បានដក​ចេញពី​ហ្វេសប៊ុកទេ នោះ​សកម្មភាព​ខាងលើ​របស់លោក​នឹងត្រូវ​បានគេ​ចាត់ទុក​ថាជាបទ​ល្មើស​ជាក់​ស្ដែង ហើយ​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ពេលណា​ក៏បាន។ ក្រោយមក នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់ខ្លួន​ដោយបញ្ជាក់ថា ​ការ​បកស្រាយ​របស់លោកបណ្ឌិត សេង សារី មាន​លក្ខណៈសមហេតុសមផល និង​អាច​ទទួល​យក​បាន​ ​ព្រមទាំង​​អំពាវនាវ​ឱ្យ​​តុលាការ​ពិចារណា​បញ្ចប់​នីតិវិធី​ច្បាប់​ទៅលើ​លោក​បណ្ឌិត សេង សារី ផងដែរ​។ ​

ការ​គំរាម​កំហែង​លើ​អ្នក​វិភាគ​បញ្ហាសង្គម​ និង​នយោបាយ ដោយគ្រាន់តែអ្នកទាំងនោះ​ប្រើប្រាស់​សេរីភា​ព​ខាង​ការ​បញ្ចេញ​មតិ​ស្របច្បាប់​​ មិន​គួរ​ត្រូវ​បាន​ធ្វើឡើង​តាំង​ពីដំបូង​មក​ម៉្លេះ។​ ការ​គំរាម​កំហែង​បែបនេះ​​បង្កជា​​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សេរីភាព​ខាងការ​បញ្ចេញ​មតិ ​ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​​ច្បាប់​ជាតិនិង​ច្បាប់​អន្តរជាតិ។ សេរីភាពខាងការបញ្ចេញមតិ​គឺជាសេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់រូប ដោយ​មិនគួរ​ត្រូវបាន​ការពារ និងគោរព តែ​នៅពេលដែល​ប្រើប្រាស់​ដើម្បី​សរសើរ​រាជរដ្ឋាភិបាល​នោះទេ​ ត្រូវតែត្រូវ​បានអាជ្ញាធរ​គោរព និងការពារ​គ្រប់ការ​បញ្ចេញមតិ​ទាំងអស់។ អ្នកវិភាគ​បញ្ហាសង្គម និង​នយោបាយ​គួរតែ​អាចអនុវត្ត​ការងារ​របស់ខ្លួន​ដោយ​ស្របច្បាប់ និង​ផ្សព្វ​ផ្សាយនូវ​អ្វី​ដែល​ពួកគេ​រកឃើញ​ដោយ​គ្មាន​ការ​គំរាម​កំហែង ឬ​ការ​ព្រមាន​ណា​មួយ ទោះបីជា​ទស្សនៈ​ទាំងនោះ​មិនពេញ​ចិត្តចំពោះ​រដ្ឋាភិបាល​ក៏ដោយ។

យើងខ្ញុំ​សូមអំពាវនាវ​ដល់រាជ​រដ្ឋាភិបាល​​ សូមមេត្តា​បញ្ឈប់ការ​បំភិតបំភ័យ និងដាក់​ទោសដល់​អ្នកដែល​បាន​បញ្ចេញ​មតិ​បែប​រិះគន់ ឬ​មតិ​​ផ្ទុយ ហើយ​សូម មេត្តាបង្ហាញ​ពីភាពបើក​ឆន្ទៈទូលាយ​ក្នុងការ​ស្តាប់ ហើយ​គោរព​សិទ្ធិ​សេរីភាពខាង​ការ​​បញ្ចេញ​មតិរបស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ជាពិសេសទោះបី​ជា​​​​ទស្សនៈទាំង​នោះ​​មិន​ស្របតាម​គំនិតរបស់​អាជ្ញាធររដ្ឋ​​ក៏ដោយ​៕​

 

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍រួម​នេះ មាន​រាយនាម​ដូច​ខាងក្រោម៖​

1 ក្រុមការងារដើម្បីដោះស្រាយទំនាស់
2 អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
3 សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា
4 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
5 មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រ​ព័ន្ធផ្សព្វផ្សាយឯករាជ្យ​
6 សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
7 អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
8 សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
9 សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
10 វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
11 សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
12 អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
13 បណ្ដាញយុវជនកម្ពុជា
14 មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
15 សម្ព័ន្ធសហគមន៍កសិករកម្ពុជា
16 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា
17 បណ្តាញកសាង​សន្តិភាព​សហគមន៍
18 អង្គការសមធម៌កម្ពុជា
19 សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
20 សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឃន៍
21 មូលនិធិ Manushya
22 គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
23 អង្គការពន្លកខ្មែរ
24 អង្គការសមាគមធាងត្នោត
25 វិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ
26 បណ្តាញប្រជាធិបតេយ្យអាស៊ី
27 អង្គការតម្លាភាពកម្ពុជា
28 អង្គការអភិវឌ្ឍន៍ធនធានយុវជន (កអធយ)

សេចក្តីថ្លែងការណ៍រួម ការគំរាមកំហែងទៅលើអ្នកវិភាគគឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិ នៅកម្ពុជា