សេចក្ដី​ថ្លែង​ការណ៍​រួម ក្រសួង​បរិស្ថាន​គួរ​បញ្ឈប់​ការ​ចាប់​ខ្លួន និងធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​ការ​ពារ​ព្រៃ​ឈើ

សេចក្ដី​ថ្លែងការណ៍រួម​
ក្រសួង​បរិស្ថាន​គួរបញ្ឈប់​ការចាប់ខ្លួន​ និងធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ​

រាជធានី​ភ្នំពេញ​ ថ្ងៃទី​០៩​ ខែកុម្ភៈ​ ឆ្នាំ២០២១

យើងខ្ញុំ​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូម​ស្នើសុំ​ឱ្យក្រសួង​បរិស្ថាន​​ បញ្ឈប់​យុទ្ធនាការ​នៃការធ្វើ​ទុក្ខបុកម្នេញ​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ ​និងសមាជិក​សហគមន៍​នៅតាមមូលដ្ឋាន ។​ កាលពី​ព្រឹកថ្ងៃសុក្រ​សប្ដាហ៍មុន​ មន្រ្តី​មូលដ្ឋាន​របស់​ក្រសួងបរិស្ថាន​ បានឃាត់ខ្លួន​សកម្មជន​ការពារ​ព្រៃឈើចំនួន​ ៥នាក់​ ដែល​កំពុង​បំបួស​ដើមឈើ ​និងប្រមូល​ភស្តុតាង​នៃការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​​​ ដែលកើតមាន​នៅក្នុងដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ។​

អ្នកទាំង៥នាក់​ ត្រូវបាន​ឃាត់ខ្លួន​ដោយ​គ្មានការ​ចោទប្រកាន់​អស់​រយៈ​ពេល​៣យប់​ នៅមន្ទីរបរិស្ថាន និងអធិការដ្ឋាន​នគរបាល​ក្រុងក្រចេះ​​ មុនពេល​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញនៅព្រឹក​ថ្ងៃចន្ទនេះ ។​ សកម្មជន​ទាំង៥នាក់​ ត្រូវបាន​ដោះលែងវិញ​ បន្ទាប់​ពីផ្ដិតមេដៃ​លើកិច្ចសន្យា​ដែលហាមឃាត់​ពួកគាត់​មិនឱ្យធ្វើ​សកម្មភាព​អភិរក្សផ្សេងៗ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ ឬចែករំលែកវីដេអូ​ រូបភាព​ ឬព័ត៌មាន​ឱ្យអង្គភាព​ខាងក្រៅ ​ប្រសិនបើ​គ្មានការ​អនុញ្ញាត​ពីអាជ្ញាធរ ​។

នេះ​មិនមែន​ជាលើកទីមួយទេ​ ដែលសកម្មជន​ទាំងនេះ​ត្រូវបាន​ឃាត់ខ្លួន ។​ នៅពេល​ពិនិត្យមើល​ជារួម​ក្នុងការ​បង្ក្រាប​របស់​ក្រសួង​បរិស្ថាន​លើកមុន​ទៅលើ​ ព្រឹត្តិការណ៍​បែបសហគមន៍​មូលដ្ឋាន​ ដើម្បី​ការពារ​ព្រៃឡង់​កាលពីឆ្នាំមុន​ យើងខ្ញុំ​ព្រួយបារម្ភ​យ៉ាងខ្លាំងថា​ សកម្មភាព​មួយចំនួន​របស់​ក្រសួងប្រឆាំង​នឹងសកម្មជន​មូលដ្ឋាន​គឺមិនត្រឹមតែ​មិនបាន​ជួយការពារ​ព្រៃចុងក្រោយ​នេះទេ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ បែរជា​ធ្វើទុក្ខទោស​ដល់ការ​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ទៅទៀត ​ជាពិសេស​នៅក្នុង​ដែនជម្រក​សត្វព្រៃព្រៃឡង់​នេះតែម្ដង ។​

សកម្មជន​ដែលត្រូវបាន​ឃាត់ខ្លួន​ ក្នុងនោះ​មានលោក​ អ៊ូច ឡេង​ ដែល​បានឈ្នះពាន​រង្វាន់​វីរជនបរិស្ថាន​ពិភពលោក ​(Goldman​ Environmental​ Prize)​ ត្រូវបាន​ឃាត់ខ្លួន​កាលពីថ្ងៃសុក្រ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ខេត្តក្រចេះ ។​ សម្ភារៈ​ដែលអាជ្ញាធរ​បានដកហូត​យកពី​អ្នកទាំង៥នាក់​ ដើម្បី​ធ្វើជា​”ភស្ដុតាង”​ រួមមាន​ ផ្ទាំងបដា​ផ្សព្វផ្សាយ​ដែលសរសេរថា​ “សូមជួយ​ថែរក្សា​ព្រៃឈើ​យើង”​ ម៉ាស៊ីនថត​ ឧបករណ៍​ចាប់ទីតាំង​ (GPS)​ និងអង្គចងចាំ​ ដែល​សកម្មជន​ទាំងនេះ​បានអះអាងថា​ មានភស្តុតាង​នៃការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ។​

ច្បាស់ណាស់ថា ​សម្ភារៈ​ទាំងនេះ​មិនមែន​ជាឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ណាមួយទេ ។​ ផ្ទុយទៅវិញ​ សម្ភារៈ​ទាំងនេះ​បង្ហាញថា​​សកម្មជន​ទាំង៥នាក់​ រួមមាន​ លោក អ៊ូច ឡេង​​ លោក ហេង​ ស្រស់ ​លោក ម៉ាន ម៉ាត់​ លោក ហេង រ៉ុន​ និងលោក ​តង ជាង​ កំពុងតែ​ធ្វើការ​ដើម្បី​ការពារ​ព្រៃឡង់​ពីការកើនឡើង​នៃការកាប់​បំផ្លាញ​ព្រៃចុងក្រោយនេះ ​ក៏ដូចជា​ចងក្រង​ឯកសារ​ជាភស្តុតាង​នៃការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅតំបន់នោះ ។​

ក្រសួង​បរិស្ថាន​បានចោទ​ប្រកាន់​អ្នកទាំង៥នាក់ថា​ “បានចូល​ក្នុងតំបន់​ការពារ​ធម្មជាតិ​ដោយគ្មាន​ការអនុញ្ញាត” ។​ ការចោទប្រកាន់នេះ​ ធ្វើឡើង​ដោយ​គ្មានមូលដ្ឋាន​ច្បាប់​នៅកម្ពុជា ។​ ការបដិសេធ​មិនឱ្យ​ចូលទៅ​កាន់តំបន់​ការពារ​ធម្មជាតិ​គឺអាចធ្វើឡើង​សម្រាប់​តំបន់​ជាក់លាក់​ដែលបាន​កំណត់​រួចរាល់​ថាជា ​“តំបន់ស្នូល”​ ដែលព្រៃឡង់​មិនទាន់​ត្រូវបាន​កំណត់ទេ ។​ ជារឿង​គួរឱ្យសោកស្ដាយ​​ នេះមិនមែន​ជាលើកទីមួយទេ​ដែលក្រសួង​បានបដិសេធ​សកម្មជន​ការពារ​ព្រៃឈើ មិ​នឱ្យចូល​ក្នុងដែនជម្រក​សត្វព្រៃនេះ​ដូចធម្មតា​ ​។

កាលពី​ខែកុម្ភៈ ​ឆ្នាំមុន​ មន្រ្តី​ក្រសួង​បរិស្ថាន​បានបញ្ឈប់​ព្រះសង្ឃ ​សមាជិក​សហគមន៍​ និង​សកម្មជន​បរិស្ថាន​​ រាប់រយនាក់នៃបណ្ដាញ​សហគមន៍​ព្រៃឡង់ ​ពីការចូល​ទៅកាន់ព្រៃឡង់​​ ដើម្បី​ប្រារព្ធពិធី​បុណ្យបំបួស​ដើមឈើ​ប្រចាំឆ្នាំ ​ដោយអះអាងថា​​ អ្នកទាំងនោះ​មិនត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទៅកាន់​តំបន់ការពារ​ធម្មជាតិទេ ។​ រយៈ

ពេល​មួយខែ​ក្រោយមក​ មន្រ្តី​មូលដ្ឋាន​បានឃាត់ខ្លួន​សកម្មជន​ការពារព្រៃឈើចំនួន៤នាក់​រួមមាន​ លោក អ៊ូច ឡេង​ និងលោក ​ម៉ាន ម៉ាត់ ​ដែលកំពុង​ធ្វើរបាយការណ៍​ស៊ើបអង្កេត​ពីការកាប់បំផ្លាញ​ព្រៃឈើខុសច្បាប់​នៅព្រៃឡង់ ។​ ការចាប់ខ្លួន​ទាំងនេះ​កើតឡើង​បន្ទាប់ពី​ពួកគាត់​ត្រូវបាន​វាយដំ​ដោយស​ន្តិសុខ​ធ្វើការឱ្យ​ ក្រុមហ៊ុន​ស៊ីងបាយ​អូថេក ​ជាក្រុមហ៊ុន​ដែលមានដី​សម្បទាន​ ៣៤០០០ ហិចតា​ ស្ថិតនៅ​ជាប់ដែន​ជម្រកសត្វ​ព្រៃព្រៃឡង់ ​និងត្រូវបាន​រងការ​ចោទប្រកាន់​ពីសំណាក់​សមាជិក​សហគមន៍​មូលដ្ឋាន​ ពាក់ព័ន្ធ​នឹងការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ។ ​

ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុងតំបន់​ការពារ​ធម្មជាតិ​គឺជាបញ្ហាកើ​ត​មានឥតឈប់ឈរ​មួយនៅកម្ពុជា​ ហើយយើង​ត្រូវការ​ជាខ្លាំង​នូវការ​ចូលរួម​របស់មនុស្ស​ និង​ស្ថាប័ន​ផ្សេងៗគ្នា ​រួមមាន​ក្រសួងបរិស្ថាន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និងអន្តរជាតិ​ និង​អង្គការ​នៅក្នុង​កម្រិត​សហគមន៍​មូលដ្ឋាន​​ ដើម្បី​ធ្វើការ​ដោយសេរី ​និងឯករាជ្យ ​ក្នុងការ​ការពារ​ព្រៃឈើ​ដែលនៅសេសសល់​របស់យើង​ទាំងអស់គ្នា ។​

យើងខ្ញុំ​ សូមសម្ដែង​ការសោកស្ដាយ​ ដែល​ក្រសួង​បានចូលរួម​នៅក្នុង​យុទ្ធនាការ​នៃការធ្វើទុក្ខបុកម្នេញ​ប្រឆាំង​នឹងសកម្មជន​ការពារព្រៃឈើ​ដ៏មាន​ប្រជាប្រិយភាព​មួយចំនួន​នៅក្នុងប្រទេស ។​ ដោយការ​ពិនិត្យ​មើលជារួម​ សកម្មភាព​ទាំងនេះ ​ក៏ដូចជា​ផែនការ​ដែលទើបត្រូវបាន​រាយការណ៍ថ្មីៗនេះ ​ក្នុងការសាងសង់​ បណ្ដាញ​ខ្សែអគ្គីសនី​ និងផ្លូវ​អមបណ្ដាញនោះ​ ដោយ​ឆ្លងកាត់​ចំណុច​សំខាន់​នៃព្រៃឡង់​ ពិតជា​ធ្វើឱ្យយើងខ្ញុំ​មានការព្រួយបារម្ភ​ជាខ្លាំង ។​

ព្រៃឡង់​គឺត្រូវបាន​កំណត់ជា ​“តំបន់​ការពារ​ធម្មជាតិ”​ ផ្អែកតាម​ច្បាប់កម្ពុជា ។​ សកម្មជន​ទាំង៥នាក់​ដែលត្រូវបាន​ឃាត់ខ្លួន​ ក៏ដូចជា​យើងខ្ញុំ​ទាំងអស់គ្នា​ គ្រាន់តែ​ចង់ឃើញ​ដែនជម្រកសត្វព្រៃ ​នៅរក្សាស្ថានភាព​ ជា “តំបន់ការពារ”​ ដូចដែល​ច្បាប់បាន​កំណត់ ។ ​យើងខ្ញុំ ​សូមស្នើសុំ​ដោ​យទទូច​ដល់ក្រសួងបរិស្ថាន​ ឱ្យបញ្ឈប់​ការធ្វើទុក្ខបុកម្នេញ​ចំពោះសកម្មជន​ និង​គោរពសិទ្ធិ​របស់​គ្រប់ភាគី​ទាំងអស់​​ដែលមានបំណង​ចង់ឃើញ ​ព្រៃឡង់​ ត្រូវបាន​អភិរក្ស ​និងការពារ​ ឱ្យបាន​យូរអង្វែង​បន្តទៀត ៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  3. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
  4. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  5. សហគមន៍អមលាំង (កំពង់ស្ពឺ)
  6. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  7. សហគមន៍បឹងប្រាំ (បាត់ដំបង)
  8. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
  9. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  10. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  11. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
  12. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  13. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
  14. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  15. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  16. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  17. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  18. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  19. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  20. សហភាព​ការងារ​កម្ពុជា​ (CLC)
  21. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  22. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
  23. បណ្តាញយុវជនកម្ពុជា (CYN)
  24. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
  25. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
  26. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  27. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  29. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  30. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  31. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  32. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
  33. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  34. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  35. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  36. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  37. អង្គការសមធម៌កម្ពុជា (EC)
  38. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  39. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  40. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  41. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  42. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  43. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  44. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  45. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  46. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  47. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
  48. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  49. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  50. សហគមន៍មានជ័យ (ស្វាយរៀង)
  51. មាតាធម្មជាតិកម្ពុជា (MNC)
  52. Not 1 More (N1M)
  53. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  54. អង្គការស្ពានសន្តិភាព (PBO)
  55. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
  56. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
  57. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  58. សហគមន៍ភ្នំក្រោម (សៀមរាប)
  59. អង្គការពន្លកខ្មែរ​ (PKH)
  60. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  61. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  62. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  63. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  64. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  65. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  66. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
  67. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  68. សហគមន៍សាមគ្គីសង្កែពីរមានរឹទ្ធិ (ព្រះវិហារ)
  69. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  70. សហគមន៍ដីធ្លីតានូន (កោះកុង)
  71. គណៈកម្មាធិការ​នៃអង្គការមិនមែនរដ្ឋាភិបាល​កម្ពុជា ​ដើម្បីអនុសញ្ញា​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើស្រ្តីភេទ​ (NGO-CEDAW)
  72. សហគមន៍ថ្មដា (ពោធិ៍សាត់)
  73. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  74. អង្គការតម្លាភាពកម្ពុជា (TI)

ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស