សមត្ថកិច្ចខណ្ឌចំការមន រារាំងក្រុមយុវជន និងព្រះសង្ឃមិនឲ្យចូលដាក់កម្រងផ្កា និងគោរពវិញាណក្ខន្ធលោក បណ្ឌិត កែម ឡី នៅស្តាម៉ាតកាល់តិច ស្តុបបូកគោ
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរក្រុងភ្នំពេញ បានដាក់ពង្រាយកងកំលាំងរារាំងការជួបជុំរបស់ក្រុមយុវជនខ្មែរថាវរៈ (KT), ក្រុមយុវជនNOT1MORE (N1M) និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលមានបំណងមកធ្វើពិធីគោរពវិញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ ។
សូមបញ្ជាក់ថា កាលពីបួនឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះមួយរូប ត្រូវបានឃាតករបាញ់សម្លាប់ខណៈពេលលោកកំពុងអង្គុយទទួលទានកាហ្វេនៅក្នុងស្តាម៉ាតស្ថាននីយលក់ប្រេងឥន្ទនៈ កាល់តិច ស្តុបបូកគោ ហើយរហូតមកដល់ពេលនេះ ប្រពន្ធ និងកូនរបស់លោកដែលកំពុងរស់នៅភៀសខ្លួន ដោយការភ័យខ្លាចព្រមទាំងក្រុមគ្រួសារ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្រៅតែពីសមត្ថកិច្ចបានចាប់ឃុំខ្លួនបុរសម្នាក់ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារតែប៉ុណ្ណោះ ។
ក្នុងព្រឹត្តិការណ៍នាព្រឹកនេះ នៅវេលាម៉ោងប្រហែល ៨កន្លះ បន្ទាប់ពីក្រុមយុវជនប្រមាណ ៤ទៅ ៥នាក់ ព្យាយាមចូលទៅក្នុងម៉ាតទិញកាហ្វេ និងមានព្រះសង្ឃប្រហែលជាង ១០អង្គកំពុងគង់នៅខាងក្រៅ ស្រាប់តែមានខាងកងកម្លាំងសន្តិសុខសមត្ថកិច្ចខណ្ឌចំការមនប្រមាណប្រហែល ៥០នាក់ ដែលបានដាក់ពង្រាយត្រៀមចាំនៅទីនោះស្រាប់ បានមករារាំង និងបណ្តេញក្រុមយុវជន និងព្រះសង្ឃទាំងអស់ ឲ្យចាកចេញពីទីនោះ តាមបញ្ជារបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បើទោះបីមានការសម្របសម្រួលពីខាងតំណាងUNOHCHR ក៏ដោយ ។
សកម្មភាពរបស់អាជ្ញាធរខាងលើនេះ ជាហេតុបណ្តាលឲ្យក្រុមយុវជន និងអ្នកដែលស្រឡាញ់ គាំទ្រលោកបណ្ឌិត កែម ឡី មិនអាចធ្វើការជួបជុំ ថ្លែងសារ ស្មឹងស្មាត គោរពវិញាណក្ខន្ធ ដាក់កម្រងផ្កា និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលជូនសពលោកបណ្ឌិត កែម ឡី នៅទីនោះបាន ក្រៅតែពីការផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន និងនាំគ្នាមកអង្គុយស្មឹងស្មាតប្រមាណ ២០នាទីនៅឯម្ខាងផ្លូវ មុនពេលធ្វើដំណើរ និងនិមន្តដោយថ្មើរជើងតាមផ្លូវព្រះមុនីវង្សដែលមានព្រះសង្ឃ ៨អង្គ និងយុវជនជាង ១០នាក់ ដៃកាន់រូបថតលោកបណ្ឌិត ឆ្ពោះទៅខេត្តតាកែវ ដោយមានការតាមជាប់ពីក្រុមសមត្ថកិច្ច ។ នៅវេលានោះ គេក៏មិនឃើញមានវត្តមានតំណាងអង្គការសង្គមស៊ីវិល ឬអង្គទូតណាមួយមកចូលរួម និងធ្វើការថ្លែងសារដែរ ក្រៅតែពីអ្នកចូលរួមឃ្លាំមើលមកពី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UN) សមាគមអាដហុក អង្គការលីកាដូ និង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា… និងអ្នកសារព័ត៌មាន ។
ជាមួយគ្នានេះ ក៏មានយុវជនម្នាក់ឈ្មោះ ខាន់ ចាន់ថន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរ ខណៈយុវជនរូបនោះកំពុងជិះកង់នៅមុខស្តាម៉ាត ហើយដែលគេសង្ស័យថា ទំនងមកពីគាត់ពាក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចដោះលែងវិញបន្ទាប់ពីធ្វើការសាកសួររួច ៕