ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩
យើងខ្ញុំដែលជាសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អង្គការសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដូចដែលមានរាយនាមខាងក្រោម ស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទទៅលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ (ហៅយាង សុជាមេត្តា)។ យើងខ្ញុំក៏ស្នើទៅរាជរដ្ឋាភិបាលឱ្យចាត់វិធានការជាក់លាក់ដើម្បីបញ្ចប់ជាបន្ទាន់នូវការយាយី ការឃុំខ្លួន ការគម្រាមកំហែង បំភិតបំភ័យ និងការរើសអើងលើអ្នកសារព័ត៌មានឯករាជ្យផងដែរ។
អតីតអ្នកសារព័ត៌មានអាស៊ីសេរីគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោយមកត្រូវបានចោទប្រកាន់បន្ថែមទៀតពីបទ «ផលិត និងកាន់កាប់រូបភាពអាសអាភាស» តាមមាត្រា ៣៩ នៃច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។ អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាងប្រាំបួនខែ។ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
យោងតាមបទដ្ឋានបន្ទុកនៃការបង្ហាញភស្តុតាងដូចមានចែងនៅក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការប្រកាសសាលក្រមចាត់របៀបកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បង្ហាញឱ្យឃើញថាតុលាការគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកឡើយ។ ដូច្នេះ ដំណើរការលើករណីរបស់អ្នកទាំងពីរកន្លងមក បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលមានចែងក្នុងច្បាប់ជាតិ និង អន្តរជាតិរបស់អ្នកទាំងពីរ។
យើងខ្ញុំសង្ឃឹមថា ទាំងសវនាការថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីជំនុំជម្រះពីបទ «ផលិត និង កាន់កាប់រូបភាពអាសអាភាស» ទាំងសវនាការថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់សាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» នឹងផ្ដល់យុត្ដិធម៌ដល់អ្នកទាំងពីរ ហើយបទចោទប្រឆាំងនឹងពួកគេនឹងត្រូវទម្លាក់ចោល។ គួរកត់សំគាល់ថាយោងតាមដីកាកោះ អង្គហេតុនៃរឿងក្ដីនឹងត្រូវជំនុំជម្រះលើកដំបូងនៅសាលាឧទ្ធរណ៍ដែលមានលក្ខណៈមិនប្រក្រតីពាក់ព័ន្ធទៅនឹងនីតិវិធី។ ករណីប្រឆាំងនឹងអ្នកលោក អ៊ួន ឈិន និងលោក យាង សុធារិន គ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែលបទល្មើលព្រហ្មទណ្ឌត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងឯករាជ្យ និងសំឡេងរិះគន់។
បន្ថែមលើនេះ យើងខ្ញុំក៏ស្នើឱ្យទម្លាក់បទចោទប្រឆាំងអតីតអ្នកសារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺលោក អូន ភាព និង លោក Peter Zsombor ផងដែរ។ កាលពីនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ពួកគេត្រូវបានចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយសារអ្នកទាំងពីរបានចុះសម្ភាសន៍ពលរដ្ឋក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈពួកគាត់កំពុងបម្រើការងារនៅកាសែត ឌឹ ខេមបូឌា ដេលី មុនពេលកាសែតនេះត្រូវបង្ខំចិត្តបិទទ្វារដោយសារបញ្ហាពន្ធដារ។ យើងខ្ញុំយល់ថា ការកោះហៅអ្នកទាំងពីរឱ្យចូលសវនាការនៅថ្ងៃទី២៥ ខែធ្នូខាងមុខជាការគំរាមកំហែង និងបំភិតបំភ័យបន្ថែមទៀតដល់អ្នកសារព័ត៌មានឯករាជ្យផ្សេងទៀត។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីកាកោះហៅអ្នកសារព័ត៌មានម្នាក់ឈ្មោះ សាត ចាន់បុត្រ ភ្នាក់ងារកាសែតរស្មីកម្ពុជា និងទូរទស្សន៍អប្សរាប្រចាំខេត្តនេះឱ្យចូលបំភ្លឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ដីកាកោះនេះធ្វើឡើងតាមបណ្ដឹងរបស់មន្ត្រីយោធាម្នាក់ឈ្មោះ សុផាត សិរីវុទ្ធី មានឋានន្តរស័ក្តិពាក់ស័កិ្ត ៥ ជានាយទាហាននៅខេត្តមណ្ឌលគិរី។ យើងខ្ញុំក៏ស្នើសូមឱ្យបញ្ឈប់ការយាយីតាមផ្នែកតុលាការដល់លោក សាត ចាន់បុត្រ។
ក្រៅពីករណីខាងលើ បទចោទប្រឆាំងអ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ី គឺលោក រ៉ាត់ រត្នមុនី អ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ី និង ដែលជាអតីតមេដឹកនាំសហជីពមួយរូប ក៏បង្កការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតជូនសាធារណជនផងដែរ ដោយសារតែលោកបានជួយអ្នកសារព័ត៌មានបរទេសក្នុងការផលិតវីដេអូឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ លោក រ៉ាត់ រត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ«ញុះញង់ឱ្យមានការរើសអើង» ហើយក្រោយមកផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបង់សំណងដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៧០លានរៀល ស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ កាលពីខែវិច្ឆិកា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសនេះទុកជាបានការដដែល បន្ទាប់ពីបើកសវនាការដោយគ្មានវត្តមានដើមបណ្ដឹង និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរនីតិវិធី។
អ្នកសារព័ត៌មានក៏ទទួលរងការយាយីតាមទម្រង់ផ្សេងទៀតផងដែរ។ អ្នកសារព័ត៌មានឯករាជ្យមួយចំនួននៅតែបន្តប្រឈមនឹងការរើសអើងតាមរយៈការមិនទទួលបានប័ណ្ណអ្នកសារព័ត៌មានជាដើម។ ជាមួយគ្នានេះ មានអ្នកសារព័ត៌មានខ្លះទៀតនៅតែទទួលរងនូវការធ្វើទុក្ខបុកម្នេញពីស្ថាប័នរបស់ពួកគេ ដោយសារតែការព្យាយាមគោរពគោលការណ៍ឯករាជ្យភាពសារព័ត៌មាន។
យើងខ្ញុំកត់សម្គាល់ឃើញថា មានជំហានវិជ្ជមានមួយចំនួនដែលរាជរដ្ឋាភិបាលបានធ្វើនាពេលថ្មីៗនេះ ដូចជាការផ្ដល់អាជ្ញាប័ណ្ណដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងការអនុញ្ញាតឱ្យសា្ថប័ននេះអាចជួលម៉ោងផ្សាយពីវិទ្យុក្នុងស្រុកចំនួនពីរដើម្បីផ្សាយបន្តកម្មវិធីព័ត៌មានរបស់ខ្លួន ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយតំណាងវិទ្យុអាស៊ីសេរី ព្រមទាំងការសម្រេចផ្ដល់អាជ្ញាប័ណ្ណកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ដល់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា «ខេមបូចា» ដែលជាបណ្ដាញអ្នកសារព័ត៌មានឯករាជ្យ។ ទោះបីជាមានជំហានវិជ្ជមានទាំងនេះក៏ដោយ អ្នកសារព័ត៌មាននៅតែប្រឈមនឹងឧបសគ្គក្នុងការបំពេញវិជ្ជាជីវៈ និងអនុត្តសេរីភាពបញ្ចេញមតិរបស់ពួកគេ។
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិនៃខេមបូចា បានថ្លែងថា «ដើម្បីធ្វើឱ្យស្ថានភាពសេរីភាពសារព័ត៌មានឈានទៅរកភាពល្អប្រសើរឡើងវិញ ពាក្យបណ្តឹងទាំងឡាយ និងសកម្មភាពធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានគួរត្រូវបានបញ្ឈប់ជាបន្ទាន់។ ករណីប្រឆាំងនឹងលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន លោក អូន ភាព និងករណីដែលទើបត្រូវបានដាក់ប្តឹងប្រឆាំងអ្នកសារព័ត៌មានថ្មីៗនេះ គួរតែត្រូវបានទម្លាក់ចោល។ អាជ្ញា ប័ណ្ណវិទ្យុដែលត្រូវបានដក គួរតែត្រូវបានប្រគល់ជូនមកក្រុមហ៊ុនវិទ្យុទាំងនោះឡើងវិញ»។
ជាមួយគ្នានេះដែរ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានមានប្រសាសន៍ថា «ករណីទាំងនេះជាគំរូនៃការដាក់ទោសទៅលើសំឡេងរិះគន់រួមមានទាំងអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំសហជីព តំណាងសហគមន៍ និងអ្នកនយោបាយ ជំទាស់។ យើងខ្ញុំសូមបញ្ជាក់ថាវិជ្ជាជីវៈសារព័ត៌មានមិនមែនជាបទល្មើសទេ ហើយក៏មិនគួរចាត់ទុកថាមានទោសដែរ។ ការគោរពសិទ្ធិសេរីភាពបញ្ចេញមតិ និងការធានានូវលំហមួយដែលអ្នកសារព័ត៌មានអាចធ្វើការងាររបស់ពួកគេបានដោយសេរីនិងសុវត្ថិភាពដោយមិនមានការភ័យខ្លាចគឺជាជំហានសំខាន់ឆ្ពោះទៅរកការកសាងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដ៏រឹងមាំ។»
យើងខ្ញុំដែលជាអង្គការសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដូចដែលមានរាយនាមខាងក្រោមក៏ទទូចទៅរាជរដ្ឋាភិបាលឱ្យទទួលយកសំណើខាងលើ ហើយដាក់ចេញនូវចំណាត់ការជាវិជ្ជមានឱ្យបានជាក់លាក់ ដើម្បីធានាលំហនៃសេរីភាពសារព័ត៌មាន លំហសេរីភាពបញ្ចេញមតិ និង ការអនុវត្តការងារដោយសេរីរបស់អ្នកសារព័ត៌មាន៕
—ចប់—
អង្គការ ស្ថាប័ន ដែលគាំទ្រទៅលើសេចក្តីថ្លែងការណ៍រួមនេះមានដូចខាងក្រោម៖
១. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករជ្យ (CCIM)
៤. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៥. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៦. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
៧. អង្គការពន្លកខ្មែរ (PKH)
៨. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៩. អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)
១០. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១១. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៤. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៥. អង្គការសមធម៌កម្ពុជា (EC)
១៦. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
១៧. សមាគមធាងត្នោត (STT)
១៨. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
១៩. អង្គការអាយហ្វិក (IFEX)
២០. អង្គការមាត្រា ១៩
២១. អង្គការហ្វីដ (FIDH) ក្នុងក្របខណ្ឌនៃការឃ្លាំមើលសម្រាប់ការការពារអ្នកការពារសិទ្ធិមនុស្ស
២២. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្នុងក្របខណ្ឌនៃការឃ្លាំមើលសម្រាប់ការការពារអ្នកការពារសិទ្ធិមនុស្ស
២៣. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
២៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
២៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៦. សម្ព័ន្ធពិភពលោកដើម្បីការចូលរួមពលរដ្ឋ (CIVICUS)
២៧. អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
២៨. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ)
២៩. អង្គការអ្នកកាសែតគ្មានព្រំដែន (RSF)
៣០. គណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ (ICJ)
៣១. អង្គការវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (FORUM-ASIA)
៣២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៣៣. អង្គការលើកលែងទោសអន្តរជាតិ (AI)
៣៤. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
៣៥. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៣៦. សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)
៣៧. បណ្តាញយុវជនកម្ពុជា (CYN)
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិនៃខេមបូចា
ទូរស័ព្ទ៖ ០១៧ ៥០០ ៥០៣ អ៊ីមែល៖ titthara.may@camboja.net
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ទូរស័ព្ទ៖ ០១១ ៩៤៣ ២១៣ អ៊ីមែល៖ chaksopheap@cchrcambodia.org