-
ប្រវត្តិនៃសមាគមអាដហុក
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា មានឈ្មោះហៅថា “សមាគមអាដហុក”សរសេរអក្សរកាត់ជាភាសាខែ្មរ “អាដហុក” និងសរសេរជាភាសាឡាតាំង ”ADHOC“។ សមាគម អាដហុក គឺជាសមាគមសិទ្ធិមនុស្សកម្ពុជាដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១ ដោយអតីតអ្នកទោសនយោបាយមួយក្រុម ក្រោមការដឹកនាំរបស់លោក ធន សារាយ ដែលជាអតីតអ្នកធ្លាប់ជាប់ពន្ធនាគារនៅចុងទសវត្សឆ្នាំ១៩៨០ ដើម្បីធ្វើការតស៊ូមតិលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយខ្មែរទាំងបួនភាគី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពី ”ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា“ នាទីក្រុងបារីស ប្រទេសបារាំង។ ការិយាល័យដំបូងបង្អស់របស់សមាគមនេះមានទីតាំងស្ថិតនៅក្នុងវត្តអារាមមួយកន្លែង ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រពីអ្នកស្ម័គ្រចិត្តមួយក្រុមតូច ដែលជឿជាក់លើសារៈសំខាន់នៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សមាគមអាដហុក ត្រូវបានទទួលស្គាល់ និងយល់ព្រមឱ្យបង្កើតឡើងជាផ្លូវការដោយ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២ កាលពីពេលដែលព្រះអង្គនៅមានព្រះរាជតួនាទីជា ព្រះប្រមុខរដ្ឋ និងជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា និងដោយ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩២ ដែលនៅពេលនោះសម្តេច មានតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា ព្រមទាំងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ តាមរយៈប្រកាស លេខ ២៧៨ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០។
ជួបជាមួយលោក ធន សារាយ – ជាស្ថាបនិក និងជាប្រធានដ៏សកម្មរបស់សមាគមអាដហុក
លោក ធន សារាយ គឺជាស្ថាបនឹក និងជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩១។ សមាគមអាដហុក គឺជាអង្គការសិទ្ធិមនុស្សដែលបានបង្កើតឡើងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ លោក សារាយ បានតស៊ូដោយមិនខ្លាចនឿយហត់អស់រយៈពេលជាង ២៦ ឆ្នាំ ដើម្បីសម្រេចបាននូវសិទ្ធិមនុស្សសម្រាប់ប្រជាជនកម្ពុជា ហើយលោកនៅតែបន្តការងារនេះរហូតមកដល់សព្វថ្ងៃនេះ។
“ […] ខ្ញុំត្រូវបានគេដាក់នៅក្នុងបន្ទប់គុកងងឹតមួយ ដែលមិនដូចជា គុកសព្វថ្ងៃនេះទេ។ បន្ទប់នោះ សូម្បីតែគុក ស២១ (គុកទួលស្លែង) ក៏មិនស្មើបន្ទប់ដែលគេដាក់ខ្ញុំនោះដែរ ពីព្រោះថានៅ ស២១ អ្នកទោសអាចមើលឃើញពន្លឺ និងមានខ្យល់អាកាសចេញចូល។ ប៉ុន្តែ បន្ទប់ដែលគេដាក់ខ្ញុំនោះមានតែជញ្ជាំងបិទជិតទាំងអស់ ហើយមានតែរន្ធតូចមួយប៉ុណ្ណោះ ហើយខ្ញុំត្រូវគេដាក់ខ្នោះគ្រប់ពេលវេលាទាំងអស់។ ខ្ញុំជាប់ឃុំនៅក្នុងបន្ទប់នោះប្រហែលជាបីខែ ហើយបន្ទាប់មកក៏ធ្លាក់ខ្លួនឈឺ។ ខ្ញុំមិនធ្លាប់បានដឹងទាល់តែសោះថា ពួកគេធ្វើបាបមនុស្សយ៉ាងសាហាវឃោរឃៅបែបនេះ។ ខ្ញុំក៏ធ្លាប់បានទៅមើលមិត្តម្នាក់របស់ខ្ញុំនៅក្នុងគុកកាលពីសម័យលន់ នល់ដែរ ហើយបន្ទប់ពន្ធនាគារនោះមានពន្លឺច្រើន ក៏ប៉ុន្តែ វៀតណាមបានធ្វើបន្ទប់តូចៗសម្រាប់ដាក់មនុស្សពីរទៅបីនាក់នៅក្នុងបន្ទប់នីមួយៗ។ ខ្ញុំនឹងមិនអាចបំភ្លេចបទពិសោធន៍នោះឡើយ ហើយវាជាមូលហេតុដែលខ្ញុំមានគំនិតបង្កើតអង្គការការពារសិទ្ធិមនុស្សមួយនេះឡើង។
បន្ទាប់ពីរយៈបីខែ ពួកគេព្រួយបារម្ភខ្លាចខ្ញុំស្លាប់ ដូច្នេះទើបខ្ញុំត្រូវបានគេប្ដូរទៅបន្ទប់ធម្មតាវិញ ដែលខ្ញុំបានស្នាក់នៅទីនោះបានប្រហែលជាមួយឆ្នាំកន្លះ។ ខ្ញុំត្រូវបានគេដោះលែងដោយសារតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំនៅចាំបានល្អណាស់ថា ពួកគេបានដោះលែងខ្ញុំនៅថ្ងៃទី០៧ ខែតុលា ហើយនៅថ្ងៃទី២៣ ខែតុលា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។ ពួកគេបានដោះលែងខ្ញុំមុនពេលអង្គការសហប្រជាជាតិបានចូលមក ពីព្រោះពួកគេដឹងថា ខ្ញុំមិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទេ។ ខ្ញុំមានគំនិតនេះក្នុងអំឡុងពេលដែលខ្ញុំជាប់នៅក្នុងពន្ធនាគារដោយខ្ញុំគ្រាន់តែចង់ផ្ដោតសកម្មភាពរបស់ខ្ញុំទៅលើសិទ្ធិមនុស្ស មិនមែនសកម្មភាពនយោបាយឡើយ។ នៅចុងឆ្នាំ១៩៩១ ខ្ញុំបានប្រមូលមនុស្សចំនួន ១៥ នាក់ រួមទាំងលោក គល់ បញ្ញា និងលោក ឈិត សំអាត និងអ្នកផ្សេងៗទៀត ដែលជាអតីតអ្នកទោសនយោបាយឱ្យមកចូលរួមជាមួយនឹងខ្ញុំដើម្បីបង្កើតអង្គការសិទ្ធិមនុស្ស។ ខ្ញុំបានដាក់ឈ្មោះអង្គការរួចហើយ គឺសមាគមអាដហុក —អង្គការសិទ្ធិមនុស្សកម្ពុជា។ ខ្ញុំបានព្យាយាមសរសេរលក្ខន្តិកៈសម្រាប់អង្គការដែលបានបកប្រែជាភាសាបារាំង ប៉ុន្តែខ្ញុំត្រូវតែរង់ចាំរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩២ នៅពេលកិច្ចប្រជុំលើកដំបូងរបស់ឧត្ដមក្រុមប្រឹក្សាជាតិត្រូវបានប្រារព្ធធ្វើឡើង ដែលដឹកនាំដោយសម្ដេចព្រះនរោត្តម សីហនុ ដែលរួមមានទាំងវត្តមានក្រុមជម្លោះប្រដាប់អាវុធទាំងបួនក្រុមផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ ពួកគេបានសម្រេចថា ចាប់តាំងពីថ្ងៃនោះទៅ ប្រជាជនកម្ពុជាគ្រប់រូបដែលចង់បង្កើតគណៈបក្សនយោបាយ សហជីព អង្គការមិនមែនរដ្ឋបាភិបាល ឬសមាគមថ្មី នឹងត្រូវដាក់ស្នើទៅឧត្ដមក្រុមប្រឹក្សាជាតិ ហើយឈប់ស្នើទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទៀតហើយ។ មួយថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែមករា ខ្ញុំបានដាក់ពាក្យសុំមួយទៅសម្ដេចព្រះនរោត្តម សីហនុ ដែលជាប្រធានឧត្ដមក្រុមប្រឹក្សាជាតិនៅព្រះបរមរាជវាំង។ ខ្ញុំត្រូវរង់ចាំរហូតដល់ខែមីនា ប៉ុន្តែ ក្នុងពេលនោះ ខ្ញុំក៏បានទទួលរងការបំភិតបំភ័យជាច្រើនផងដែរ។ ប៉ូលីសបានតាមដានខ្ញុំគ្រប់ពេលវេលាទាំងអស់។ អនុរដ្ឋមន្រ្តីម្នាក់ដែលស្គាល់ខ្ញុំ ហើយគាត់ក៏ជាសមាជិកនៃគ្រួសាររាជវង្សបានអញ្ជើញខ្ញុំទៅទទួលទានអាហារពេលល្ងាចជាមិត្តភាព។ នៅពេលខ្ញុំទៅដល់ភ្លាមៗ គាត់បានចង្អុលមកខ្ញុំហើយនិយាយថា “សារាយ ឯងជាមនុស្សឆោតល្ងង់ណាស់”។ ខ្ញុំភ្ញាក់ផ្អើលហើយសួរគាត់អំពីមូលហេតុ។ គាត់បាននិយាយថា “អ្នកមានការអប់រំខ្ពស់ ហើយអ្នកជាមនុស្សក្រីក្រ ហេតុអ្វីមិនព្យាយាមរកឋានៈខ្ពស់នៅក្នុងជួររដ្ឋាភិបាលដូចជារដ្ឋមន្រ្តី ឬអនុរដ្ឋមន្រ្តីទៅ? ហេតុអ្វីមិនទៅរកស៊ី? ហេតុអ្វីអ្នកទៅធ្វើរឿងសិទ្ធិមនុស្សបែបឆោតល្ងង់នេះធ្វើអី?’ ហើយខ្ញុំបានតបទៅគាត់ថា “នៅក្នុងសង្គមរបស់យើង យើងគួរតែមានមនុស្សឆោតល្ងង់មួយចំនួនដូចខ្ញុំ។ ប្រសិនបើអ្នកមានតែមនុស្សឆ្លាត នោះវាមិនល្អសម្រាប់សង្គមរបស់យើងឡើយ។ គាត់បាននិយាយថា “អូ៎ បន្ទាប់ពីជាប់គុកច្រើនខែហើយ សារាយ ឯងនៅតែដដែល! ខ្ញុំនឹងរាយការណ៍ទៅចៅហ្វាយរបស់ខ្ញុំលោក ង៉ោ ឌៀន ដែលជាឯកអគ្គរដ្ឋទូតវៀតណាម។ ខ្ញុំគិតថា “ឱ! ព្រះអើយ! នេះមិនមែនជាអាហារពេលល្ងាចបែបមិត្តភាពទេ តែវាគឺជាការបំភិតបំភ័យទេតើ។
ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ ខ្ញុំគ្រាន់តែមានគំនិតខុសពីមេដឹកនាំ ប៉ុន្តែ ខ្ញុំត្រូវបានគេធ្វើបាបជាងឧក្រិដ្ឋជនទៅទៀត។ ឧក្រិដ្ឋជនអាចនៅមានជីវិត ហើយពួកគេត្រូវបានប្រព្រឹត្តល្អជាងគេធ្វើដាក់ខ្ញុំនៅក្នុងគុកទៅទៀត។ ខ្មែរក្រហមបានដាក់ខ្ញុំនៅក្នុងពន្ធនាគារ ទោះបីជាខ្ញុំគ្រាន់តែជាសិស្សម្នាក់ដែលគ្មានកំហុសអ្វីសោះ និងមិនដឹងអ្វីសោះក៏ដោយ។ នៅក្រោមការគ្រប់គ្រងរបស់វៀតណាម ខ្ញុំបានជាប់គុកដោយសារតែខ្ញុំបានអានឯកសារមួយ។ ខ្ញុំមិនបានវាយ ឬព្យាយាមសម្លាប់នរណាម្នាក់ឡើយ គ្មានបានធ្វើអ្វីទាំងអស់។ ហេតុអ្វីបានជាពួកគេធ្វើបានខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ជាងឧក្រិដ្ឋជនដូច្នេះ? ទោះជាយ៉ាងណាក្ដីខ្ញុំដឹងថា ខ្ញុំមានវាសនាល្អប្រសើរជាងមនុស្សជាច្រើនផ្សេងទៀតដែលបានស្លាប់ ត្រូវបានសម្លាប់ ស្លាប់ដោយសារការអត់ឃ្លាន និងការធ្វើទារុណកម្មជាងបងប្អូនជនរួមជាតិរបស់ខ្ញុំជាច្រើននាក់។ ប៉ុន្តែ ទុក្ខទោសប៉ុននេះ វាល្មមគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ហើយតាំងពីពេលនោះមកខ្ញុំដឹងថា ខ្ញុំត្រូវតែធ្វើអ្វីមួយសម្រាប់ប្រទេសនេះសម្រាប់សិទ្ធិមនុស្ស” […]។
ដកស្រង់ចេញពីជំពូកទី ២ នៅក្នុងសៀវភៅ “ការស្វែងរកយុត្តិធម៌នៅកម្ពុជា”៖ អ្នកការពារសិទ្ធិមនុស្សបកស្រាយ” និពន្ធដោយ ស៊ូ ខូហ្វហ្វី។ ដើម្បីអានជំពូកពេញលេញអំពីលោក ធន សារាយ សូមចុចត្រង់នេះ ។ សំណៅជាភាសាខ្មែរ “ ការស្វែងរកយុត្តិធម៌នៅកម្ពុជា” អាចស្វែងរកបាននៅលើអ៊ីនធឺណិតតាមរយៈវែបសាយត៍ https://seekingjusticeincambodia.com/។ សំណៅជាភាសាអង់គ្លេសអាចជាវបាន នៅបណ្ណាគារនៅកម្ពុជា ឬលើអ៊ីនធឺណិត។
-
ទស្សនវិស័យ បេសកកម្ម គោលដៅ និងគុណតម្លៃរបស់សមាគមអាដហុក
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការសិទ្ធិមនុស្សមួយឯករាជ្យ មិនប្រកាន់បក្សនយោបាយ មិនរកប្រាក់ចំណេញ និងជាអង្គការសិទ្ធិមនុស្សមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាន និងសកម្មភាពនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ។
នៅក្នុងរយៈពេលជាង ៣៣ ឆ្នាំកន្លងមកនេះ សមាគមអាដហុក បានធ្វើការងារដើម្បីដោះស្រាយបញ្ហាអំពីការមិនមានសិទ្ធិជាមូលដ្ឋាន សិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ជូនប្រជាជននូវចំណេះដឹង និងការយល់ដឹងអំពីសិទ្ធិមនុស្ស ច្បាប់ និងលទ្ធិប្រជាធិបតេយ្យ និងរបៀបការពារសិទ្ធិ និងសេរីភាពរបស់ខ្លួន។ គោលបំណងចម្បងរបស់សមាគមអាដហុក ដើម្បីជួយជនរងគ្រោះពីការរំលោភបំពានឱ្យចេះស្វែងរកយុត្តិធម៌ដោយខ្លួនឯង ពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋធម្មតា នៅក្នុងការទាមទារសិទ្ធិរបស់ពួកគេ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបញ្ចុះបញ្ចូល និងតស៊ូមតិដើម្បីការលើកកម្ពស់ និងការកែលម្អច្បាប់ ស្ថាប័ននានា និងការអនុវត្តច្បាប់។
ចក្ខុវិស័យ
សង្គមមួយដែលគោរពសិទ្ធិមនុស្ស និងច្បាប់។
បេសកកម្ម
អប់រំ និងពង្រឹងសិទ្ធិអំណាចជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចេះការពារសិទ្ធិរបស់ខ្លួនដោយខ្លួនឯង និងដើម្បីធ្វើការតស៊ូមតិ និងផ្តល់ការគាំទ្រដល់អ្នកកាន់អំណាចរដ្ឋឱ្យមានការកែប្រែឥរិយាបថឆ្ពោះទៅរកអភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស។
គោលដៅ
ជំរុញឱ្យមានការផ្លាស់ប្តូរខាងគោលនយោបាយ និងការអនុវត្តជាក់ស្តែងរបស់ស្ថាប័នលទ្ធិប្រជាធិបតេយ្យ ជាពិសេស ប្រព័ន្ធតុលាការ និងធ្វើការពង្រឹងវិស័យសង្គមស៊ីវិល។
គុណតម្លៃ
សមាគមអាដហុក គឺជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនប្រកាន់គណបក្សនយោបាយ និងមិនរកប្រាក់ចំណេញ។
សមាគមអាដហុក បានកំណត់យករូបសញ្ញា “ព្រហ្ម” មុខបួន និងមានដៃទ្រនៅពីក្រោមព្រហ្មមុខបួនមានបីពណ៌ ជាសញ្ញាសំគាល់។ រូបសញ្ញានេះមានអត្ថន័យសម្គាល់ដូចតទៅ៖
- រូបព្រហ្មមុខបួន៖ តំណាងឱ្យព្រហ្មវិហារធម៌ដែលមានន័យថា ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ ដែលមានគុណតម្លៃបួនយ៉ាងគឺ ៖
- មេត្តា (សេចក្តីប្រណី និងរាប់អានគ្នា)
- ករុណា (ការអាណិត អាសូរ)
- មុទិតា (ទឹកចិត្តត្រេកអរ) និង
- បេក្ខា (ការតាំងចិត្តជាកណ្តាល)។
- ដៃទ្រនៅពីក្រោមព្រហ្មមុខបួនមានបីពណ៌ រួមមាន ពណ៌ស ពណ៌លឿង និងពណ៌ខ្មៅ គឺ តំណាងឱ្យពណ៌សម្បុរនៃ មនុស្សជាតិ ការមិនរើសអើង និងការមិនប្រកាន់ជាតិសាសន៍នៅលើពិភពលោក ។
ដើម្បីបំពេញបេសកកម្មរបស់ខ្លួន សមាគមអាដហុកបានបែងចែកកិច្ចការជាពីរផ្នែកសំខាន់ៗ រួមមាន ផ្នែកសិទ្ធិមនុស្ស និងដីធ្លី និងផ្នែកសិទ្ធិស្រ្តី និងកុមារ។
-
ផ្នែកសិទ្ធិមនុស្ស និងដីធ្លី
ផ្នែកសិទ្ធិមនុស្ស និងដីធ្លីទទួលបន្ទុកដោះស្រាយពាក្យបណ្ដឹងនៃការរំលោភសិទ្ធិមនុស្ស ដូចជា ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់ ការធ្វើទារុណកម្ម ការរំលោភបំពានរូបរាងកាយ និទណ្ឌភាព ឬការរំលោភលើសេរីភាពជាមូលដ្ឋានដូចជា សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងការជួបជុំ និងសេរីភាពខាងការបង្កើតសមាគម។ លើសពីនេះទៅទៀត ផ្នែកសិទ្ធិមនុស្ស និងដីធ្លីនេះ ក៏ទទួលបន្ទុកដោះស្រាយករណីរំលោភសិទ្ធិដីធ្លី និងធនធានធម្មជាតិផងដែរ រួមមាន ករណីពាក់ព័ន្ធនឹងការទន្រ្ទានយកដីធ្លី ការបណ្ដេញចេញដោយបង្ខំ សម្បទានដីសេដ្ឋកិច្ច (ELCs) និងសម្បទានដីសង្គមកិច្ច (SLCs) និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។
-
ផ្នែកសិទ្ធិស្រ្តី និងកុមារ
ផ្នែកសិទ្ធិស្រ្តី និងកុមារ ផ្ដោតជាសំខាន់លើបញ្ហាហិង្សាលើយេនឌ័រ (GBV) រួមមាន ការរំលោភសេពសន្ថវៈ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុក។
ការផ្ដល់សេវាកម្ម៖
ផ្នែកនីមួយៗនៅសមាគមអាដហុកអនុវត្តសកម្មភាពបីយ៉ាងដូចខាងក្រោម៖
- សកម្មភាពឃ្លាំមើល និងអន្តរាគមន៍ដល់ជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស តាមរយៈការស៊ើបអង្កេត កិច្ចអន្តរាគមន៍ ការស្វែងរកការពិតទៅលើរណីនីមួយៗ ការផ្ដល់យោបល់ និងតំណាងផ្លូវច្បាប់ សម្ភារៈ ការធ្វើដំណើរ ថ្លៃពិនិត្យសុខភាព និងព្យាបាល ការគ្រប់គ្រងករណី និងផ្ដល់ជំនួយសម្រាប់មាតុភូមិនិវត្តន៍។
- សកម្មភាពពង្រឹងសិទ្ធិអំណាច រួមមាន ការបណ្ដុះបណ្ដាលកសាងសមត្ថភាព វគ្គបណ្ដុះបណ្ដាលលើកកម្ពស់ការយល់ដឹង សិក្ខាសាលា កិច្ចប្រជុំ ឬកម្មវិធីកសាងបណ្ដាញ និង
- ការតស៊ូមតិ និងការបញ្ចុះបញ្ចូល រួមមាន ការរៀបចំសន្និសីទសារព័ត៌មាន ការចេញសេចក្ដីថ្លែងការណ៍ របាយការណ៍លម្អិតនៃប្រធានបទនីមួយៗ ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ជាមួយនឹងមន្រ្តីជាន់ខ្ពស់ មន្រ្តីការទូត ឬការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំរវាងអាជ្ញាធរ សហគមន៍ និងជនរងគ្រោះដើម្បីលើកទឹកចិត្តពួកគាត់ឱ្យធ្វើការចែករំលែកព័ត៌មាន និងរួមគ្នាស្វែងរកដំណោះស្រាយសម្រាប់ទំនាស់ និងបញ្ហាប្រឈម ក៏ដូចជា សកម្មភាពតស៊ូមតិនៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ។
សមាគមអាដហុក ធ្វើប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជាដោយមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងមានការិយាល័យសាខានៅតាមខេត្តចំនួន ២១។
រង្វាន់ និងពានរង្វាន់
សមាគមអាដហុកបានតស៊ូបំពេញការងារ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបអស់រយៈពេលជាង ៣៣ ឆ្នាំមកហើយ។ សមិទ្ធផលការងាររបស់សមាគមអាដហុកត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិតាមរយៈពានរង្វាន់ និងរង្វាន់ដែលអាដហុកបានឈ្នះជាបន្តបន្ទាប់ដូចខាងក្រោម៖
- ពានរង្វាន់ Prix de la Mémoire of the Danielle Mitterrand – France Libertés Foundation ផ្ដល់ដោយលោកស្រី Danielle Mitterrand នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣។
- ពានរង្វាន់សិទ្ធិមនុស្សអាស៊ីលើកទី ៣ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
- មេដាយសេរីភាព Roger Baldwin Medal of Liberty ដែលផ្ដល់គណៈមេធាវីច្បាប់ដើម្បីសិទ្ធិមនុស្ស នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩៩។
- ពានរង្វាន់សិទ្ធិមនុស្សនៃសាធារណរដ្ឋបារាំង (Prix des droits de l’homme de la République Française) ផ្ដល់ដោយលោកនាយករដ្ឋមន្រ្តីបារាំង Lionel Jospin នៅក្នុង
ឆ្នាំ១៩៩៩។ - ពានរង្វាន់ Martin Ennals សម្រាប់មន្ត្រីការពារសិទ្ធិមនុស្ស ផ្ដល់ជូនមន្ត្រីសមាគមអាដហុកទាំង 5 រូប (FreeThe5KH) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហ្សឺណែវ
ប្រទេសស្វីស។