សេចក្តីថ្លែងការណ៍រួម៖ អង្គការ​សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ ការបន្ត​នីតិ​វិធី​ស៊ើប​អង្កេត​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក យាង សុធារិន្ទ និងលោក អួន ឈិន

រាជធានី​ភ្នំពេញ ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៩

 យើង​​ខ្ញុំ​ជា​​អង្គការ​​សង្គម​​ស៊ីវិល​​ដូច​​មាន​​រាយ​នាម​​ខាង​ក្រោម ​មាន​ការ​​ខក​ចិត្ត​​ចំពោះ​​ការ​ខក​​ខាន​​របស់​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​​ ក្នុង​ការ​​ប្រកាស​​សាល​​ក្រម និង​ ចំពោះ​​ការ​​បន្ត​នីតិវិធី​​​ស៊ើប​អង្កេត​​លើ​ក​រណី​​លោក យាង សុធារិន និង​លោក​ អួន​ ឈិន។ ​អ្នក​ទាំង​ពីរ​ត្រូវបាន​ចាប់ខ្លួន ឃុំឃាំង និងចោទ​ប្រកាន់​ដោយសារ​តែការ​អនុវត្ត​សេរីភាព​បញ្ចេញមតិ និង​ការងារ​របស់ពួក​គេជាអ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​អយុត្តិធ៌ម​សង្គម។ ការ​ប្រកាស​សាល​ក្រម​ចាត់របៀប​​​កាល​ពីថ្ងៃម្សិល​មិញ​​បង្ហាញ​​ឱ្យ​ឃើញ​​​ពី​កង្វះ​​ភស្តុតាង​​ដាក់​បន្ទុក​ដល់​​បទចោទ ​ដែល​នេះបាន​ប៉ះពាល់​​សិទ្ធិ​​ទទួល​​បាន​​ការ​ជំនុំ​ជម្រះ​​ដោយ​​យុត្តិធម៌ ព្រម​ទាំង​​​រំលេច​​ឱ្យ​​ឃើញ​​នូវ​ការ​​ធ្លាក់​ចុះ​​នៃ​​​សេរីភាព​​បញ្ចេញ​​មតិ និង​​សេរីភាព​​សារ​ព័ត៌មាន​​នៅ​​កម្ពុជា។ យើងខ្ញុំ​​ស្នើ​​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​ប្រឆាំង​ទៅលើអ្នក​ទាំង​ពីរ​​ជា​​បន្ទាន់។

លោក យាង សុធារិន្ទ និង​លោក អួន​ ឈិន អតីត​អ្នក​​សារព័ត៌មាន​​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​​ចាប់​ខ្លួន​​​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​​ឃុំខ្លួន​នៅ​ពន្ធនាគារ​​ព្រៃស។ អ្នកទាំង​ពីរ​​​ជាប់​​ចោទ​​ពី​បទ​​ប្រគល់​​ឱ្យ​រដ្ឋ​​បរទេស​​​នូវ​​ព័ត៌មាន​​ជា​អាទិ៍​​ដែល​អាច​​ធ្វើ​ឱ្យ​​អន្តរាយ​​ការការ​ពារ​​ជាតិ តាម​មាត្រា ៤៤៥ នៃ​ក្រម​​ព្រហ្មទណ្ឌ​​នៃ​​ព្រះរាជាណា​ចក្រ​កម្ពុជា។ សំណើរ​សុំនៅ​ក្រៅឃុំ​លើក​ដំបូង​អ្នក​ទាំង​​ពីរ​ធ្លាប់​​បាន​ធ្វើការ​​ឱ្យ​​វិទ្យុ​អាស៊ីសេរី​ដែល​​បច្ចុប្បន្ន​​បាន​​បិទ​ការិយាល័យ​​របស់​​ខ្លួន​​នៅ​​ប្រទេស​​កម្ពុជា​ ត្រូវ​បាន​​បដិសេធ​មុន​ពេល​​ប្ដឹង​សារទុក្ខ​​ទៅ​​តុលាការ​​កំពូល​​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ហើយ​​ក្រោយ​​មក​​មិន​យូរ​​​ប៉ុន្មាន​ ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​បានចោទ​ប្រកាន់ពួក​គេទាំងពីរ​ពីបទ​ “ផលិត​ ​និង​កាន់កាប់​​រូបភាព​​អាសអា​ភាស តាម​​មាត្រា ៣៩ នៃ​ច្បាប់​​ស្ដីពី ការ​បង្ក្រាប​​អំពើ​​ជួញ​ដូរ​មនុស្ស និង​អំពើ​​ធ្វើ​​អាជីវកម្ម​​ផ្លូវ​ភេទ។ បើ​បទ​​ចោទ​​ទាំង​​នេះ​​បូក​បញ្ចូល​​គ្នា​ ពួក​​គេ​​ម្នាក់ៗ​​​ប្រឈម​​នឹង​ការ​​ជាប់​ពន្ធនាគារ​​រយៈ​ពេល​ ១៦ ឆ្នាំ។ នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ អ្នក​ទាំង​​ពីរ​ត្រូវ​​បាន​​ដោះលែង​អោយ​នៅក្រៅ​ឃុំបន្ទាប់​​ពី​ជាប់​​ឃុំឃាំង​​រយៈពេល​​ជាង​​ប្រាំបួន​​ខែ​ ប៉ុន្តែ​​ត្រូវ​ដាក់​​ឱ្យ​​ស្ថិត​​នៅ​ក្រោម​​ការ​​ត្រួត​​ពិនិត្យ​​របស់​​តុលាការ។

ដំបូង​​ឡើយ​​សាលក្រម​​គ្រោង​​នឹងប្រកាស​​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ ប៉ុន្តែ​​ត្រូវ​បាន​​​​ពន្យា​ពេលវិញ។ បន្ទាប់​មកការ​ប្រកាស​នេះ​ត្រូវ​​បាន​​កំណត់​​ពេល​​ជា​​ថ្មី​ថា​​ត្រូវ​​ធ្វើឡើង​​នៅ​ថ្ងៃទី០៣ ខែ​តុលា ឆ្នាំ​២០១៩ ប៉ុន្តែ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​បាន​ខក​ខាន​​ជា​ថ្មី​​ម្ដង​​ទៀត​​ក្នុង​​ការ​​ប្រកាស​​សាលក្រម​​សម្រាប់​​លោក​ យាង សុធារិន្ទ និង​លោក អួន ឈិន ក្រោម​ហេតុផល​​​​តម្រូវ​​ឱ្យ​​បន្ត​នីតិ​វិធី​​​ស៊ើប​អង្កេត​​បន្ថែម។ ការ​​មិន​​ចេញ​សាល​ក្រម​​នេះ​​បង្ហាញ​​ពី​ការ​​ខ្វះខាត​​​ភស្តុតាង​​រឹងមាំ​​ប្រឆាំង​​អ្នក​​ទាំង​​ពីរ និងជា​តឹកតាង​​បញ្ជាក់​ថា​​​​មិន​មាន​​ភស្តុតាង​​គ្រប់គ្រាន់​ដាក់​​ទោស​​ពួកគេ​ទៅ​តាម​​បទដ្ឋាន​បន្ទុក​​នៃ​​ការ​បង្ហាញ​​ភស្តុតាង​​ដូច​មាន​​ចែង​នៅ​​ក្នុង​មាត្រា ៣៨ នៃ​​រដ្ឋធម្មនុញ្ញ។ តាម​រយៈ​​ដំណើរ​​ការ​​ទាំង​​ឡាយ​​ រាប់​ទាំង​​​ការ​​ចាប់​​ខ្លួន ឃុំ​ខ្លួន និង​ការ​​បន្ត​​នីតិ​វិធី​​ជំនុំ​ជម្រះ ​​សិទ្ធិ​​​ទទួល​​បាន​ការ​​ជំនុំ​ជម្រះ​​ដោយ​​យុត្តិធម៌ សេរីភាព និង​សន្តិសុខ​​ដែល​​ការពារ​ដោយ​​ច្បាប់​​សិទ្ធិមនុស្ស​​ជាតិ​ និង​អន្តរជាតិ​របស់​​លោកយាង សុធារិន្ទ និង​លោក អួន​ ឈិន ត្រូវបាន​បំពាន​យ៉ាង​ខ្លាំង​។

មាត្រា ៩ (១) នៃ​​កតិកា​សញ្ញា​​អន្តរជាតិ​​ស្ដីពី​​ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ  (“ក.ស.ព.ស.ន”) ដែលបាន​ដាក់​​បញ្ចូល​​ជា​​ច្បាប់​​ជាតិ​​ដោយ​​រដ្ឋ​ធម្មនុញ្ញ​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា (“រដ្ឋធម្មនុញ្ញ”) ចែង​ថា គ្មាន​​ជន​ណា​​ម្នាក់​​ត្រូវ​​ដក​ហូត​​សេរីភាព​​បាន​ឡើយ លើកលែង​​តែ​មាន​​ហេតុ​ផល និង​ស្រប​​តាម​​នីតិវិធី​​ដែល​​មាន​​ចែង​​ក្នុង​​ច្បាប់។ មាត្រា ១៤ ការ​ពារ​​សិទ្ធិ “ឱ្យ​សាលា​ក្ដី​​មាន​​សមត្ថកិច្ច ឯករាជ្យ និង​មិន​​លំអៀង​​ដែល​​បង្កើត​​ឡើង​​ដោយ​​ច្បាប់​​ជំនុំ​​ជម្រះ​​រឿង​ក្ដី​​របស់​​ខ្លួន​​ដោយ​សមធម៌”និង​ជា​​សាធារណៈ’  និង​​ការ​​សន្មត​​ទុក​ជា​​មុន​ថា​​គ្មាន​ទោស។ បទ​ចោទ​​ប្រឆាំង​​នឹង​​លោក យាង សុធារិន្ទ និង​លោក អួន ឈិន ធ្វើ​ឡើង​​ដោយ​​គ្មាន​​ភស្តុតាង និង​ខ្វះ​​មូលដ្ឋាន​​ច្បាប់​ច្បាស់​​លាស់។ ផ្ទុយ​​ទៅ​វិញ​​បទ​ចោទ​​ទាំង​​នោះ​​ត្រូវ​បាន​​ប្រើប្រាស់​​ជា​មធ្យោបាយ​​ដាក់​ពិន័យ​​ទៅ​លើ​ការ​​អនុវត្ត​​ដោយ​​ត្រឹម​ត្រូវ​​នូវ​​សិទ្ធិ​សេរីភាព​​ក្នុង​​ការ​​បញ្ចេញ​​មតិ​​ និង​បំបិទ​​សំឡេង​​សារព័ត៌មាន​​​ដែល​​មាន​​លក្ខណៈ​​រិះគន់​​​រដ្ឋាភិបាល។​ អ្នក​ទាំង​​ពីរ​បាន​ធ្វើ​ការ​​​រាយការណ៍​​​ជា​ច្រើន​​អំពី​​បញ្ហា​​សិទ្ធិ​មនុស្ស។

បន្ថែម​​ទៅ​លើ​​ការ​​ចោទ​​ប្រកាន់​​ដែល​​គ្មាន​​មូលដ្ឋាន ការ​ឃុំ​ខ្លួន​​​​បណ្ដោះ​​អាសន្ន​របស់​​អ្នក​ទាំង​​ពីរ​​​ក្នុង​​ស្ថាន​ភាព​​​មិន​ត្រឹមត្រូវ​​អស់​រយៈ​ពេល​​ជាង​​ប្រាំបួន​ខែ និងបន្ត​​ដាក់​​ឱ្យ​ស្ថិត​​នៅ​ក្រោម​​ការ​​ត្រួត​​ពិនិត្យ​​​របស់​​តុលាការ​​រយៈពេល ១២ ខែ និង​កំពុង​​តែ​​បន្ត​ ជា​ការ​​រំលោភ​​សិទ្ធិ​មា​ន​​សេរីភាព និង​​សិទ្ធិ​​ទទួល​​បាន​ការ​​ជំនុំ​ជម្រះ​​ដោយ​​យុត្តិធម៌​​របស់​​ពួក​​គេ​ដែល​​ធានា​​ដោយ​​ច្បាប់​​អន្តរជាតិ និង​​រដ្ឋ​ធម្មនុញ្ញ។ ច្បាប់​​អន្តរ​ជាតិ​ចែង​​ថា ជន​​ដែល​ជាប់​​​ចោទ​​ពី​​បទ​​​ព្រហ្មទណ្ឌ មិន​គួរ​ដាក់​​ឱ្យ​​នៅ​មន្ទីរ​​ឃុំ​ឃាំង​​រង់ចាំ​​​សវនាការ​​ឡើយ។ មិន​មាន​​ការ​​តម្រូវ​​ណា​មួយ​​ត្រូវ​​បាន​​យក​​មក​​អនុវត្ត​​នៅ​ក្នុង​​ករណី​​របស់​​លោក យាង សុធារិន្ទ និង​លោក​ អួន ឈិន​ ឡើយ។ ​

ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុម​ការងារ​​អង្គការ​​សហប្រជាជាតិ​​ស្តីពី​ ការ​ឃុំ​ខ្លួន​​តាម​​អំពើ​​ចិត្ត​​បាន​​ចេញ​​សេចក្ដី​សម្រេច​​លើ​ករណី​នេះ ដោយ​​រក​ឃើញ​​ថា ​រដ្ឋាភិបាល​​កម្ពុជា​​បាន​ខក​​ខាន​​ក្នុង​ការ (១) បង្កើត​​មូលដ្ឋាន​​ច្បាប់​​​ចំពោះ​​ការ​ចាប់ ​​និង​ឃុំ​ខ្លួន និង (២) បង្ហាញ​​ភស្ដុតាង​​ថា ​ខ្លួន​បាន​​​ជ្រើស​​យក​​ជម្រើស​​ផ្សេង​​ទៀត​​ក្រៅ​​ពី​ការ​​ឃុំ​ខ្លួន​​បណ្ដោះ​​អាសន្ន។ គណៈ​កម្មការ​​បាន​​រក​ឃើញ​​ថា​ការ​​ឃុំ​ខ្លួន​​បណ្ដោះ​​អាសន្ន​​លើ​អ្នក​​សារព័ត៌មាន​​ដោយសារ​​​ការ​​អនុវត្ត​​ដោយ​​អហិង្សា​​នូវ​​សិទ្ធិ​សេរីភាព​​​ខាង​​សមាគម និង​សេរីភាព​​ខាង​​ការ​​បញ្ចេញ​មតិជា​​ការ​ដក​​ហូត​​សេរីភាព​​​តាម​​អំពើ​​ចិត្ត។

ការ​ដាក់​​ទោស​​លោក យាង សុធារិន្ទ និង​លោក អួន ឈិន ជាករណី​មួយក្នុង​របត់​នៃ​​ការ​យាយី​​ផ្នែក​​ច្បាប់​​ទៅ​​លើ​សារ​ព័ត៌មាន​​​ អ្នក​ការពារ​សិទ្ធិមនុស្ស សមាជិក​គណបក្ស​ជំទាស់ មេដឹក​នាំ​សហជីព សកម្មជន តំណាង​សង្គម​ស៊ីវិល និងបុគ្គល​ដែល​បញ្ចេញ​មតិយោបល់​ទៅលើ​បញ្ហា​ប៉ះពាល់​​ប្រយោជន៍​សាធារណៈ​រួម​ទាំងការ​បញ្ចេញ​មតិ​ដែល​មានលក្ខណៈ​រិះគន់។ ខណៈ​ដែល​​ស្ថានភាព​​សេរីភាព​​សារព័ត៌មាន​​មាន​សភាព​រឹតត្បឹត តាំងពី​​មុន​ឆ្នាំ​២០១៧ មក​ហើ​យនោះ​ដែល​​គេ​មើល​​ឃើញ​​ថាសារព័ត៌មាន​​ឯករាជ្យ​​ក្នុង​​ស្រុក​​របស់​​ខ្លួន​​ស្ទើ​តែ​​ទាំង​អស់​​ត្រូវ​បាន​​បិទជា​បន្ត​បន្ទាប់។ បណ្ដាញ​​ព័ត៌មាន​​​ភាសាខ្មែរ​​ដែល​​មាន​​លក្ខណៈ​​រិះគន់​ត្រូវ​បាន​ប្រឈម​​យ៉ាង​​ខ្លាំង​​នូវ​​សកម្មភាព​​របស់​​ពួកគេ​ រួម​ទាំង​​ការ​បិទ​​ស្ថានី​យ​​វិទ្យុ​​ចំនួន ៣២ ដែល​​ផ្សាយ​​បន្តនូវ​​កម្ម​វិធី​វិទ្យុ​អាស៊ីសេរី សំឡេង​​សហរដ្ឋ​អាមេរិក (វី.អូ.អេ) និង​សំឡេង​​ប្រជាធិបតេយ្យ (វី.អូ.ឌី)។ វិទ្យុ​អាស៊ីសេរី​​បាន​​បិទ​​ការិយាល័យ​​ប្រចាំ​​ប្រទេស​​កម្ពុជា​​របស់​ខ្លួន​​នៅ​ខែ​​កញ្ញា ឆ្នាំ​២០១៧ ដោយ​លើក​ឡើង​​ពី​បរិយា​កាស​​បែប​​គៀប​​សង្កត់ និង​ការ​បន្ត​​យាយី​​លើ​អ្នក​​សារព័ត៌មាន។ ការ​ផ្លាស់​​ប្ដូរ​​​ម្ចាស់​​សារព័ត៌​មាន​ភ្នំពេញ​​ប៉ុស្តិ៍​​នៅ​ក្នុង​​ខែ​ឧសភា ឆ្នាំ​២០១៨ ដែលជា​សារព័ត៌មាន​​ឯករាជ្យ​​ចុង​ក្រោយ​តែ​មួយ​​គត់​​នៅ​​ប្រទេស​កម្ពុជា​​​ដែល​ចេញ​ផ្សាយ​ជា​ភា​សា​អង់គ្លេស និង​ភាសា​​ខ្មែរ​​ប្រចាំ​​ថ្ងៃ ត្រូវ​បាន​​គេ​ចាត់​​ទុក​ថា​​ជា​ការ​​បំបិទ​​សេរីភាព​​សារព័ត៌មាន​​ចុង​ក្រោយ​​នៅ​​កម្ពុជា។ លំហ​​សេរីភាព​​បញ្ចេញ​​មតិតាម​ប្រព័ន្ធ​អិនធឺណេត​​ក៏​ត្រូវ​​បាន​​កត់​​សំគាល់​​ថា​​ធ្លាក់​​ចុះ​​យ៉ាង​​ខ្លាំង​ ការណ៍​​នេះ​​​ស្ដែង​​ឱ្យ​ឃើញ​​តាម​រយៈ​​ការ​កើន​ឡើង​នូវការ​​យាយី​​លើ​បុគ្គល​​ដែល​​គ្រាន់​​តែ​​បញ្ចេញ​​ទស្សនៈ​ ឬ​​គំនិត​​ផ្ទុយ​​ដោយ​​ហិង្សា​​តាម​​រយៈ​​​ការ​​ចែក​​រំលែក បង្ហោះ ចូលចិត្ត (likes) នៅតាម​​បណ្ដាញ​​សង្គម​​ហ្វេសប៊ុក​។

សិទ្ធិ​មាន​​សេរីភាព​​បញ្ចេញ​​មតិ​ ដែលត្រូវ​បាន​​​ការពារ​​ដោយ​​មាត្រា ១៩ នៃ ក.ស.អ.ស.ព.ន និង​មាត្រា ៤១ នៃ​​រដ្ឋ​ធម្មនុញ្ញ ​គឺសិទ្ធិ​មូលដ្ឋាន​មួយ​​ដើម្បី​​ធានា​​នូវ​ការ​​អនុវត្ត​សិទ្ធិ​ម​នុស្ស​ដទៃទៀត រួម​បញ្ចូល​​ទាំង​​សិទ្ធិ​​ប្រកាន់​​យក​​គំនិត​ សតិស​ម្បជញ្ញៈ និង​​សាសនា សេរីភាព​​ខាង​​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​និង​ជីវិត​ឯកជន​បុគ្គល​​។ ដូច្នេះ សារៈសំខាន់​នៃ​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​អ្នក​សារព័ត៌មានឱ្យ​​​មាន​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ រួម​ទាំង​ការលាត​ត្រដាង​​អំពើ​ពុក​រលួយ ការ​បង្ហាញ​នូវ​ទស្សនៈផ្សេងៗគ្នា និង​លាត​ត្រដាង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​​មិន​អាច​ត្រូវ​រារាំង​នោះ​ទេ​។

​        ការខកខានក្នុងការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងលោក យៀងសុធារិន និងលោក អ៊ួនឈិនគឺជាការប៉ះទង្គិចមួយទៀតទៅលើនឹងសេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មានដែលកំពុងនៅមានតិចតួចនៅកម្ពុជា។ករណីនេះបានបង្ហាញការព្រមានយ៉ាងច្បាស់ដល់បុគ្គលដែលហ៊ានអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេចំពោះសេរីភាពនៃការបញ្ចេញមតិនិងបង្កើតបរិយាកាសនៃការបំភិតបំភ័យនិងការតាមដានត្រួតពិនិត្យ។ ការ​ងារ​ស្របច្បាប់​និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​បុគ្គល​ទាំង​នោះ​គួរ​តែ​ទទួល​ស្គាល់​ស្រប​ទៅ​នឹង​កាតព្វកិច្ច​សិទ្ធិមនុស្សរបស់​​កម្ពុជា ហើយ​ពួក​គេ​គួរ​តែ​អាច​អនុវ​ត្តសកម្មភាព​របស់​ខ្លួន​នៅ​ពេល​អនាគតដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​តបតមកវិញ ការ​រារាំង ឬ​ក៏​គំរាម​កំហែង​​ពី​ការ​ដាក់​ទោស។ យើងខ្ញុំ​ស្នើសូម​រាជរដ្ឋាភិបាល​កម្ពុជាបញ្ឈប់នូវការគំរាមកំហែងនិងយាយីដល់បុគ្គលទាំងឡាយដែលគ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​ ។ ជាង​នេះ​ទៅ​ទៀត យើងខ្ញុំ​សូម​ជំរុញ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​ល្អ​ប្រសើរ​មួយ​សម្រាប់សារព័ត៌មាន​សេរី​និង​ពហុ​និយម និង​សង្គ​ម​ស៊ីវិលមួយដែលអាចចូលរួមបំពេញការងារយ៉ាងពេញស្របតាម​កាតព្វកិច្ច​របស់​ប្រទេសកម្ពុជាដូចមានចែងក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ៕

—ចប់—

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការ​ណ៍រួមនេះ មាន​ ៖

១. អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)

២. អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (AI)

៣. អង្គការ​មាត្រា ១៩

៤. សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR)

៥. វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស​និង​ការ​អភិវឌ្ឍ (Forum  Asia)

៦. អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ (ANFREL)

៧. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)

៨. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

៩. មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករជ្យ​ (CCIM)

១០. សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា (CFSWF)

១១. សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (ADHOC)

១២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

១៣. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

១៤. បណ្តាញយុវជនកម្ពុជា (CYN)

១៥. សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព ​និង​គណ​នេយ្យ​ភាព​​​​​​សង្គម (CISA)

១៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)

១៧. មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC)

១៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១៩. សម្ព័ន្ធ​ពិភព​លោក​ដើម្បី​ការ​ចូលរួម​ពលរដ្ឋ​​ (CIVICUS)

២០. អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (HRW)

២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

២២. សម្ព័ន្ថ​សហជីព​ឯករាជ្យ​ (INTUFE)

២៣. សមាគមឥន្ទ្រទេវី (IDA)

២៤. គណៈកម្មការក្រុម​​អ្នក​ច្បាប់​អន្តរជាតិ (ICJ)

២៥. អង្គការ​អាយហ្វិក​ (IFEX)

២៦. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

២៧. អង្គការ​ក្លាហាន (Klahaan)

២៨. សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​ (L.R.S.U)

២៩. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

៣០. មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព (PDP-Center)

៣១. អង្គការពន្លកខ្មែរ (PKH)

៣២. អង្គការអ្នក​កាសែត​គ្មាន​ព្រំដែន​ (RSF)

៣៣. សមាគម​ធាង​ត្នោត (STT)

៣៤. អង្គការ​អភិវឌ្ឍន៍​ស្រ្តីក្រី​ក្រ​ក្នុង​ទីក្រុង (UPWD)

៣៥. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)

៣៦. អង្គការ​អប់រំ​យុវជន​ដើម្បី​ការ​អភិវឌ្ឍនិង​សន្តិភាព (YEDP)

៣៧. អង្គការ​កម្មវិធីអភិវឌ្ឍន៍ធនធាន​យុវជន (YRDP)

ទាញយក៖ CSO_Joint_Statement_on_RFA_KH