សេចក្ដីថ្លែង​ការណ៍ ៖ តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

 ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥

សេចក្ដីថ្លែង​ការណ៍

តុលាការ​ក្រុង​ភ្នំពេញ ត្រូវ​ដោះ​លែង លោក ហុង សុខហួរ

           សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ស្នើសុំយ៉ាង​ទទូច ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អោយធ្វើការ​ដោះលែង លោក ហុង សុខហួរ ជា​សមាជិក​ព្រឹទ្ធ​សភា គណបក្ស សម រង្ស៊ី អោយ​នៅ​ក្រៅ​ឃុំជាបណ្ដោះ​អាសន្ន។ សូម​បញ្ជាក់​ថា សមាគមអាដហុក បានធ្វើការ​តាមដាន យ៉ាង​យក​ចិត្ត​ទុកដាក់ និងដិតដល់ ចំពោះ​ករណី លោក ហុង សុខហួរ។ លោក ហុង សុខហួរ ត្រូវបាន អាជ្ញាធរ​ក្រុងភ្នំពេញ ធ្វើការ​ចាប់​ខ្លួន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ក្រោម​បទ​ចោទ ក្លែង​ឯក​សារសា​ធារណៈ ប្រើប្រាស់​ឯកសារក្លែង និងញុះ​ញុង​អោយ​មានភាព​វឹកវរ ការចោទ​ប្រកាន់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពីមាន​ប្រតិកម្ម​ពី​សម្ដេចនាយ​ក​រដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី លោក ហុង សុខហួរ បានផ្សព្វផ្សាយ សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ធ្វើឡើង រវាង ប្រទេសកម្ពុជា និងប្រទេស​វៀតណាម នៅក្នុងឆ្នាំ១៩៧៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

យោងតាម​ការ​អង្កេត និងតាម​ដាន របស់​សមាគម​អាដហុក ក្នុង​ដំណើរ​ការ​នៃការ​ចាប់ និងឃុំ​ខ្លួន លោក ហុង សុខហួរ យើង​សង្កេត​ឃើញ​ថា សមត្ថ​កិច្ច​រដ្ឋា​ភិបាល និង តុលាការ​ក្រុងភ្នំពេញ បានរំលោភ នីតិវិធីច្បាប់ យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ មានការ​ចាប់ខ្លួន លោក ហុង សុខហួរ ទាំងមាន អភ័យឯកសិទ្ធ  ការចាប់ខ្លួនដោយ  គ្មានភស្ដុតាង និង ​ធាតុផ្សំ​នៃបទលើ្មស​ ហើយ​តុលាការ​ក៏ពុំ​បាន​ស្នើ​ទៅ​ស្ថាប័ន​ព្រឹទ្ធសភា ជាមុន​អោយ​ព្យួរអភ័យ​ឯក​សិទ្ធិផង​ដែរ។

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នេះ​តុលាការ​ក្រុង​ភ្នំពេញ ក៏បាន​បើក​សវនាការ អង្គហេតុ និង ការសុំនៅ​ក្រៅ​ឃុំ​ជាបណ្ដោះ​អាសន្ន ទៅលើក​រណី របស់លោក ហុង សុខហួរ ផងដែរ។ យោងតាម​ការសង្កេត ដំណើរ​ការ​នៃសវនការ​ទៅលើ ការសុំនៅ​ក្រៅឃុំ របស់លោក ហុង​ សុខហួរ សមាគម​អាដហុក យល់​ឃើញ​ថា លោក ហុង​ សុខហួរ មានហេតុ​ផល​គ្រប់គ្រាន់​តាមផ្លូវច្បាប់ ក្នុងការ​នៅក្រៅ​ឃុំ ជាបណ្ដោះ​អាសន្ន ដោយហេតុថា៖

១.​​ ស្ថានភាពសុខភាព​ របស់លោក ហុង សុខហួរ មិនអាច​គ្រូពេទ្យ​ក្នុងពន្ធនាគារ​កម្ពុជាព្យាបាល​បានទេ

២. លោក ហុង សុខហួរ មានតួនាទី និង​ស្ថាប័ន​ការងារ​ត្រឹមត្រូវ (ជាស្ថាប័ន​កំពូល​របស់ជាតិ)

៣. សន្យាដាក់​ប្រាក់​ធានា ចំនួន ២០ លានរៀល​ជូន​តុលាការ

៤. ដាក់​ដម្កល់ លិខិត​ឆ្លងដែន​ការទូត និងលិខិត​ឆ្លងដែន សញ្ជាតិ​បារាំង​ជូន​តុលាការ​ និង

៥. សន្យា​ចូលរួម​នីតិវិធី​តុលាការ​គ្រប់​ដំណាក់​កាល។

ជាមួយនឹ​ងហេ​តុផល​ខាងលើនេះ យើងសង្កេត​ឃើញថា ក្រោយការ​ផ្សព្វផ្សាយ​សន្ធិ​សញ្ញា​កម្ពុជា វៀតណាម ពីបញ្ហាព្រំដែន តាមបណ្ដាញ​សង្គម​របស់លោក មក​ទល់​ពេលនេះ ពុំមាន​ភាពវឹកវរ ណាមួយ​បានកើត​ឡើង​នោះទេ។ ម៉្យាងវិញទៀត លោក ហុង សុខហួរ ក៏ពុំបាន​ប្រើប្រាស់ ឯកសារ​ដែលលោក បានផ្សព្វ​ផ្សាយ​នោះ ដើម្បីធ្វើការ​កត់​សំគាល់​សិទ្ធិ អត្តសញ្ញាណ ឬ ឋានៈ ឬដើម្បី​ផ្ដល់ការ​យល់ព្រម​ផ្ដល់ការ​អនុញ្ញាត​អ្វីឡើយ ហើយក៏គ្មាន​ព្យសនកម្ម​អ្វីមួយ​កើតឡើង​​ដោយសារ​ការ ផ្សព្វផ្សាយ ឯកសារខាង​លើនេះ​ដែរ។

សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក សូមអំពាវនាវ ជាថ្មីម្ដងទៀត សូមឲ្យ​សាលា​ដំបូង​រាជធានីភ្នំពេញ ធ្វើការដោះ​លែង លោក ហុង​ សុខហួរ ជាបណ្ដោះ​អាសន្ន អោយមាន​សេរីភាព ឡើងវិញ​តាមការ​ស្នើសុំ​របស់​លោក ហុង សុខហួរ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែក​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​សមាគមអាដហុក ០១១ ២៧៤៩៥៩