អតីត​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​អំពាវ​នាវ​រក​ជំនួយ​ពី​សាលា​រាជ​ធានី

ផ្ទះ​សមាជិក​សហគមន៍​រស្មីសែនជ័យប្រជា​ពលរដ្ឋ ​សហគមន៍ ​រស្មីសែនជ័យ បាន​អំពាវ​នាវ ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ ​ជួយ​ដល់ ​ពួកគាត់ ដែល​កំពុង ​ប្រឈម​ នឹងការ ​លំបាក ​ផ្នែក​ជីវភាព ប៉ុន្មាន​ឆ្នាំ ​ក្រោយ​ពី ​ត្រូវបាន ​បណ្ដេញ ​ចេញ​ ពី​រាជ​ធានី​ភ្នំពេញ។

លោក អាន វុទ្ធី ប្រធាន ​សហគមន៍ ​រស្មីសែនជ័យ ស្ថិត​នៅ​ភូមិ​តាគោ ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល បានរៀប​រាប់ ​ប្រាប់​ក្រុម ​មន្ត្រី​សង្គម​ស៊ីវិល ​មួយ​ក្រុម ​ដែល​បាន​ចុះ ​ទៅ​អង្កេត ​នៅ​ក្នុង ​សហគមន៍ ​នោះ​ថា ជិត​ដប់​ឆ្នាំ ​មក​ហើយ សហគមន៍​ នេះ​ពុំ​មាន ​ទឹក​ស្អាត ​ប្រើ​ប្រាស់ សមាជិក ​សហគមន៍ ​ពុំ​មាន​មុខ ​របរ ​ច្បាស់​លាស់ និង​រស់​នៅ​ ក្នុង​ផ្ទះ​ ដ៏​ទ្រុឌទ្រោម ​តូច​ចង្អៀត។

សហគមន៍​ ដែល​ត្រូវ ​បាន​បង្កើត ​ឡើង​កាល ​ពី​ដើម​ឆ្នាំ ​២០០៦​នេះ គឺ​ជា​ ទីតាំង​សម្រាប់ ​ប្រជា​ពលរដ្ឋ ៤១៦​គ្រួសារ ដែល​ត្រូវ​ បាន​បណ្ដេញ ​ចេញ​ពី ​រាជ​ធានី ​ភ្នំពេញ ប៉ុន្តែ ប្រធាន ​សហគមន៍ ​ខាង​លើ​បាន ​បញ្ជាក់​ថា មាន​តែ​ ៦០​គ្រួសារ ​ប៉ុណ្ណោះ ដែល​រស់ ​នៅ​ពិត​ ប្រាកដ​ ​លើ​ដី​ឡូតិ៍​ ទំហំ ៦​ម៉ែត្រ​គុណ ១២​ម៉ែត្រ។

លោក អាន វុទ្ធី បានបន្ទោស​សាលារាជធានី​ភ្នំពេញ​ថា បាន​យក​ពួកគាត់​មក​បំបង់​ចោល ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​កាន់​តែ​ប្រឈម​មុខ​នឹង​ជីវភាព​លំបាក ជាពិសេស​កុមារ​តូចៗ​ពុំ​ទទួល​បាន​ការ​អប់រំ ខណៈ​មនុស្ស​ចាស់​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ៕