អាដហុក​បន្ត​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​តាម​រយៈ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា

11911534_922405037833237_707143985_nក្នុង​វ័យ ២០​ឆ្នាំ យុវជន ក្វាស់ រៀ ដែល​ជា​ ជន​ជាតិ​ ដើម​ទំពូន ត្រូវ​​បាន ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស ​អាដហុក ​ខេត្ត​រតនគិរី ​សម្រេច ​ជ្រើស​រើស​ ឲ្យ​ទទួល ​បាន​ថេបផ្លេត​ Samsung Galaxy Tab មួយ​គ្រឿង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥​។

យុវជន​ ដែល​រៀន ​បាន​ត្រឹម ​ថ្នាក់​ទី៩ ​រូប​នេះ ត្រូវ​បាន ​សមាគម ​អាដហុក ​ខេត្ត​រតនគិរី ចាត់​ទុក​ជា ​សមាជិក​ សហគមន៍​ ដ៏​សកម្ម ​ម្នាក់ ដែល​ បាន​ចូល​ រួម​តវ៉ា​ ប្រឆាំង​នឹង​ ការ​រំលោភ ​បំពាន​ ដី​ធ្លី​ក្នុង ​សហគមន៍​ពី​ សំណាក់​ ក្រុមហ៊ុន​ ដី​សម្បទាន​ សេដ្ឋកិច្ច​ នា​ពេល​ កន្លង​មក។

យុវជន ក្វាស់ រៀ បាន​ឲ្យ​ដឹង​ថា សហគមន៍​របស់​គាត់​ពុំ​សូវ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​ក្រៅ​នោះ​ឡើយ ហើយ​រាល់ហេតុការណ៍​កើត​ឡើង​ក្នុង​សហគមន៍ ក៏​មិន​ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្រៅ​ផង​ដែរ ដោយសារ​លោក​មិន​មាន​ទូរស័ព្ទ​ទំនើប​នោះ​ឡើយ ហើយ​ម្យ៉ាង​វិញ​ទៀត រូប​គាត់​ក៏​ពុំ​សូវ​យល់​ដឹង​ទូលំ​ទូលាយ​ពីរបៀប​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។

ទោះជាយ៉ាងណា យុវជនដែល​រស់​នៅ​​ភូមិ​កាតែ ឃុំ​ម៉ាលិក ស្រុក​អណ្ដូងមាស ធ្លាប់​បាន​ចូល​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​តស៊ូ​មតិ​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ហើយ​និយាយ​ថា ឧបករណ៍​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ចែក​រំលែក​ព័ត៌មាន​ផ្សេងៗ​ដល់​សហគមន៍ ក៏ដូចជា​ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​ដល់​បណ្ដា​សហគមន៍​ដទៃ​ទៀត។

សូម​បញ្ជាក់​ថា យុវជន ក្វាស់ រៀ គឺ​ជា​សមាជិក​សហគមន៍​ទី ២ ដែល​ទទួល​បាន​ឧថេបផ្លេត​ពី​សមាគម​អាដហុក ក្នុង​គម្រោង​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ៕