អាដហុក​ពិភាក្សា​បញ្ហា​ជួញ​ដូរ​មនុស្ស​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី

20150819_155027[1]មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​យក​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ក្នុង​ជំនួប​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៥​កន្លង​មក​នេះ។

ក្នុង​ដំណើរ​​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​ពង្រឹង​ការងារ​ជួយ​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ឆ្លង​ដែន​នៅ​ប្រទេស​ម៉ាឡេស៊ី អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី និង​អ្នក​ស្រី លឹម មុន្នី មន្ត្រីអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នោះ​មាន​លោក នូ ប៊ុណ្ណារ៉ា អគ្គ​លេខាធិការ អ្នក​ស្រី ណាគ្រី ស័រភ័ស្ស លេខា​ទី១ និង​លោក ធួក ប៊ុនឆែល លេខា​ទី២ ប្រចាំ​ស្ថានទូត​កម្ពុជា។

នៅក្នុង​ជំនួប​រយៈ​ពេល ២​ម៉ោង​នោះ អ្នកស្រី ឆន សុគន្ធា បាន​​លើក​ឡើង​នូវ​បញ្ហា​ជាច្រើន​ជុំ​វិញ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ជាពិសេស​ចំណាត់​ការ​យឺត​យ៉ាវ​ពី​ស្ថានទូត​កម្ពុជា​ជួយ​ដល់​ពលករ​ខ្មែរ ដែល​រង​ការ​រំលោភ​បំពាន​ក្រោម​ទម្រង់​ផ្សេងៗ ដូចជា ការ​​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​អាណត្តិ​គ្មាន​ថ្លៃ​ឈ្នួល រង​ទារុណកម្ម​លើ​រាង​កាយ និង​ស្មារតី ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​នៅ​ប្រទេស​កំណើត ការ​បាត់​ដំណឹង និង​ករណី​ស្លាប់​ពលករ​ខ្មែរ​ជាដើម។

ជា​ការ​ឆ្លើយ​តប​មក​វិញ មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញ​នូវ​ឧបសគ្គ​នានា ដែល​នាំ​ឲ្យ​ស្ថានទូត​កម្ពុជា​ពុំ​អាច​ជួយ​ដល់​ពលករ​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី ដូចជា គ្មាន​លេខ​ទំនាក់​ទំនង ឪពុក​ម្ដាយ​ទាម​ទារ​លុយ​ពី​កូន​របស់​ពួកគេ​ច្រើន​ពេក ពលការិនី​ខ្លះ​បាន​ព្យាយាម​ប្ដូរ​ការងារ​ដោយ​គ្មាន​ហេតុ​ផល​ច្បាស់​លាស់ ក្រុមហ៊ុន​នាំ​ពលករិនី​ខ្លះ​បាន​សូក​ប៉ាន់​ប៉ូលិស​ម៉ាឡេស៊ី​ដើម្បី​ទទួល​បាន​ប័ណ្ណ​ការងារ ប៉ូលិស​ម៉ាឡេស៊ី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ពលករ​ខុស​ច្បាប់ ពលការិនី​ខ្លះ​បាន​គេច​ចេញ​ពី​កន្លែង​ការងារ ហើយ​ថៅកែ​ជន​ជាតិ​ម៉ាឡេស៊ី​បដិសេធ​ផ្ដល់​សំណង​ដល់​ជន​រង​គ្រោះ​កម្ពុជា ជាដើម។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មន្ត្រី​សមាគម​អាដហុក ក៏​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ពី​អង្គការ​ដៃ​គូ​អន្តរជាតិ​មួយ​ចំនួន ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា ៤​រូប ដែល​ត្រូវ​បាន​មេ​ខ្យល់​យកទៅ​លក់​ឲ្យ​ថៅកែ​ម៉ាឡេស៊ី និង​បង្ខំ​ឲ្យ​ធ្វើ​ការងារ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្ត​ឡាំកាត់។ ពលករ​ទាំង ៤​រូប (ក្នុង​នោះ​ខ្លះ​ជា​អនីតិជន)ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ និង​គ្រោង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ពេល​ខាង​មុខ៕