អាដហុក​ជម្រុញ​ការ​ចែក​រំលែក​ព័ត៌មាន​នៅ​មូលដ្ឋាន

11911507_1627346757518415_122975225_nដោយ​បាន ​ចូល​រួម ​យ៉ាង​សកម្ម​ ក្នុង​ការ ​ជួយ​ដល់ ​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​សហគមន៍​ យុវជន ផុន សុផល ដែល​បញ្ចប់ ​ការ​សិក្សា ​ត្រឹម​ថ្នាក់​ទី​១២​ មួយ​រូប ត្រូវ​បាន ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​សម្រេច​ផ្ដល់ ​ជូន​នូវ​ ឧបករណ៍​ថេបផ្លេត​ មួយ​គ្រឿង ដែល​ជា​ផ្នែក ​មួយ​នៃ​កម្មវិធី​ ដោះ​ស្រាយ​ ទំនាស់​ក្រៅ ​ប្រព័ន្ធ​តុលាការ ​របស់​សមាគម​នេះ។

ក្រោយ​ពី​ទទួល​ បាន​ឧបករណ៍ ​ថេបផ្លេត​នេះ យុវជន​វ័យ ២៥​ឆ្នាំ​ដែល​មាន​ ប្រភព​មក ​ពី​ភូមិ​ក្រវៀនជើង ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​បង្ហាញ​ អារម្មណ៍​ រំភើប​រីក​រាយ ហើយ​និយាយ​ថា រូប​គេ​នឹង ​ប្រើ​ប្រាស់​ឧបករណ៍ ​មួយ​នេះ​សម្រាប់​ បម្រើ​ដល់​ប្រយោជន៍ ​សហគមន៍ ជាពិសេស​ការ ​ចែក​រំលែក​ និង​ការ​ផ្ដល់​ ព័ត៌មាន​ពី​ សហគមន៍។

មិន​មែន​នៅ​ស្ងៀមៗ​នាំ​ឲ្យ​យុវជន​រូប​នេះ​សម្រេច​ចិត្ត​ដើរ​តាម​ផ្លូវ​ស្រែក​តវ៉ា​នោះ​ឡើយ ប៉ុន្តែ សុផល ប្រាប់​ថា រូប​គេ​គឺ​ជា​ជន​រង​ម្នាក់​នៃ​ជម្លោះ​ដី​ធ្លី​រវាង​សហគមន៍​នានា​ក្នុង​ឃុំ​ជាំក្រវៀន និងក្រុមហ៊ុន ម៉ែន សារុន ដែល​បាន​ផ្ទុះ​តាំង​ពី​ឆ្នាំ​២០០៧ ហើយ​យុវជន​រូប​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ការ​រំលោភ​ដី​ធ្លី​នៅ​ក្នុង​សហគមន៍​របស់​ខ្លួ​ន​ចាប់​តាំង​ពី​ឆ្នាំ​២០១៤។

សុផល បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​កន្លង​មក​បាន​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ពី​សហគមន៍​របស់​គាត់ ដោយសារ​ពុំ​មាន​សម្ភារៈ​ទំនើប និង​ពុំ​សូវ​ស្គាល់​ច្រើន​អំពី​បណ្ដាញ​ព័ត៌មាន​សង្គម​នោះ​ឡើយ។

ក្រោយ​ពី​ទទួល​បាន​ថេបផ្លេត​នេះ​រួច​ហើយ សុផល ប្ដេជ្ញា​ថា គាត់​នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​ដល់​សហគមន៍ និង​ពី​សហគមន៍​ទៅ​សហគមន៍​ដទៃ​ទៀត។

ទោះបី​ជា​ សុផល មិន​បាន​រៀន​សូត្រ​ដល់​មហាវិទ្យាល័យ ប៉ុន្តែ គាត់​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​តស៊ូ​មតិ​ជា​ច្រើន​លើក​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នា​ពេល​កន្លង​មក។

យុវជន​រូប​នេះ បាន​ប្ដេជ្ញា​បន្ត​សកម្មភាព​តស៊ូ​មតិ តទៅ​ទៀត ហើយ​បង្កើន​ការ​ចែក​រំលែក​ព័ត៌មាន​ដែល​ទទួល​បាន​តាម​បណ្ដាញ​សង្គម​ទៅ​ដល់​សហគមន៍​របស់​គាត់ ដើម្បី​ជា​ប្រយោជន៍​បន្ថែម​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​មូលដ្ឋាន៕