ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​​អំពាវ​នាវ​ឲ្យ​ដោះ​លែង​សង្ឃ​ពីរ​អង្គ

IMG_6261សមាគម​ ព្រះ​សង្ឃ​ខ្មែរ​ កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ បាន​អំពាវ​នាវ ​ដល់​តុលាការ​ កម្ពុជា​ឲ្យ​ ទម្លាក់​ការ​ចោទ ​ប្រកាន់ និង​ដោះ​លែង​ ព្រះ​សង្ឃ​ខ្មែរ ​កម្ពុជា​ក្រោម ២​អង្គ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៥​កន្លង​មក។

សេចក្ដី ​អំពាវ​នាវ​នេះ ត្រូវ​បាន ​ធ្វើ​ឡើង ៥​ថ្ងៃ​មុនការ ​បើក​សវនការ ​សំណុំ​រឿង ​ព្រះ​សង្ឃ​ទាំង​ ២​អង្គ ដែល​គ្រោង​ធ្វើ ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា​ខាង​ មុន​នេះ។

នៅ​ក្នុង ​សន្និសីទ​កាសែត​ មួយ​នៅ​ ឯ​វត្ត​សាមគ្គីរង្សី ព្រះ​សង្ឃ​ព្រះ​នាម ថាច់ ហាសំអាង ​ប្រធាន​សមាគម ​ព្រះ​សង្ឃ​ខ្មែរ​ កម្ពុជា​ក្រោម បាន​ដាក់​ការ​ សង្ស័យ​ទៅ​ លើវត្ថុ​តាំង​ ទាំង​នោះ ដែល​អះ​អាង​ ដោយ​សមត្ថកិច្ច ​អំឡុង​ពេល​ ចុះ​ឆែកឆេរ ខណៈ​ ព្រះ​សង្ឃ​ ទាំង​ពីរ​អង្គ​ ពុំ​មាន​វត្តមាន ​នៅ​ក្នុង​កុដិ។

ព្រះ​សង្ឃ ថាច់ ហាសំអាង ក៏​បាន​បញ្ជាក់​ថា ព្រះ​សង្ឃ​ទាំង ២​អង្គ​នេះ ធ្លាប់​ធ្វើ​សកម្មភាព​សង្គម​នានា ដូចជា​ចូល​រួម​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម និង​ការ​ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា​នៅ​ខេត្ត​ស្វាយរៀង ជាមួយ​គណបក្ស​សង្គ្រោះជាតិ​នា​ពេល​កន្លង​មក។

ព្រះ​សង្ឃ ដាវ ទេព និង​ព្រះ​សង្ឃ ជា វ៉ាន់ដា ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ខ្លួនរួម​ជាមួយ​ភស្តុតាង​មួយ​ចំនួន មាន​ខោ​ទ្រនាប់​នារី ស្រោម​អនាម័យ ម្សៅ​ស​មួយ​កញ្ចប់ និង​កាំបិទ​មួយ​ចំនួន ដែល​ត្រូវ​សមត្ថកិច្ច​អះ​អាង​ថា​បាន​រក​ឃើញ​នៅ​ក្នុង​កុដិ​របស់​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​នៅ​ក្នុង​វត្ត​អង្គតាម៉ិញ ហៅ​វត្ត​គោកចំបក់។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ឃ្លាំ​មើល​ករណី​នេះ បាន​ចាត់​ទុក​ចាប់​ខ្លួន​នេះ​ជា​ការ​រើស​អើង​ចំពោះ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា ដែល​តែង​តែ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម ហើយ​បាន​ផ្ដល់​មេធាវី​សម្រាប់​ការពារ​ក្ដី​ព្រះ​សង្ឃ​ទាំង​ ២​អង្គ​នៅ​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ៕