សមាគម អាដហុក ប្រចាំខេត្តកំពង់ចាម បានរៀបចំ វគ្គបណ្ដុះបណ្ដាល មួយស្ដីពី ការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ដល់គណៈកម្មការ សហគមន៍ និងសមាជិក ក្រុមប្រឹក្សាឃុំ មកពីឃុំចំនួន ៤ ក្នុងខេត្តត្បូងឃ្មុំ។
លោក នី សុខា មន្ត្រីគម្រោង ដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ នៃសមាគម អាដហុក បានឲ្យដឹងថា ក្រោមជំនួយ ឧបត្ថម្ភពី សហភាពអឺរ៉ុប វគ្គបណ្ដុះបណ្ដាល រយៈពេល ៤ថ្ងៃនេះ មានគោលបំណង ផ្ដល់ចំណេះដឹង អំពីជំនាញ សម្រុះសម្រួល ទំនាស់ដល់ សហគមន៍ ដូចជា ក្រុមប្រឹក្សាឃុំ ដើម្បីឲ្យ ពួកគាត់យក ជំនាញទាំងនោះទៅ ដោះស្រាយ បញ្ហា នៅតាម មូលដ្ឋាន រៀងៗខ្លួន។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានឲ្យដឹងថា សមាគមអាដហុក បានប្រើប្រាស់វិធីសាស្ត្រដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការសម្រាប់ទំនាស់តូចតាចនៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីបង្កើនសុខដុមនីយកម្ម និងបញ្ចៀសការគុំគួននៅតាមសហគមន៍នានា។
ចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១៣ កម្មវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ បានផ្ដល់ការបណ្ដុះបណ្ដាលសរុប ១១លើកនៅតាមបណ្ដាខេត្តក្រុងចំនួន ១១ ដែលគ្របដណ្ដប់លើប្រជាពលរដ្ឋរាប់ពាន់នាក់ ខណៈវគ្គបណ្ដុះបណ្ដាលចំនួន ២ ត្រូវបានរៀបចំឡើងនៅ ៦ខែដំបូងនៃឆ្នាំ២០១៥នេះ៕