ប្រជាពលរដ្ឋដែលប្រឈមមុខនឹងការបណ្ដេញចេញនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានតវ៉ាឲ្យតុលាការខេត្តក្រចេះដោះលែងលោក សាយ យឹម អាយុ ៦២ឆ្នាំ ដែលត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។
កញ្ញា ហ៊ាន ឈាវគុណ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តក្រចេះ បានឲ្យដឹងថា អ្នកភូមិឈ្មោះ សាយ យឹម ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឯមន្ទីរពេទ្យបង្អែកខេត្ត នៅម៉ោងប្រហែល ៦ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលគាត់កំពុងមើលថែទាំភរិយា ដែលសន្លប់បាត់ស្មារតីនៅក្នុងហេតុការណ៍ប្រទាញប្រទង់គ្នាជាមួយមន្ត្រីនគរបាលមូលដ្ឋាននៅភូមិប្រម៉ា។
មន្ត្រីរូបនេះបញ្ជាក់ថា អ្នកភូមិប្រម៉ា ដែលកំពុងប្រឈមមុខនឹងការបណ្ដេញដោយបង្ខំពីសំណាក់អាជ្ញាធរខេត្តក្រចេះនោះ បានលើកគ្នាស្វែងរកអន្តរាគមន៍ និងតវ៉ានៅមុខតុលាការខេត្ត ដោយទាមទារឲ្យដោះលែងពលរដ្ឋរូបនោះមកវិញ៕