ការប្រទាញប្រទង់គ្នារវាងក្រុមអ្នកតវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់អង្គការសង្គមស៊ីវិល និងកងកម្លាំងសន្តិសុខខណ្ឌចម្ការមន បានកើតឡើងមួយប្រាវនៅមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ខណៈក្រុមអ្នកតវ៉ាទាំងនោះ ព្យាយាមដើរដង្ហែរក្បួនរបស់ខ្លួន ដើម្បីសម្ដែងការជំទាស់ទៅនឹងគម្រោងអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នោះ។ ប៉ុន្តែ គ្មានសេចក្ដីរាយការណ៍ណាបញ្ជាក់ថា មានមនុស្សរងរបួសនោះឡើយ។
ជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ដែលត្រូវបានគេគិតថារឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលនោះ ក្រុមអ្នកតវ៉ាប្រហែល ៥០០នាក់ ចម្រុះទៅដោយព្រះសង្ឃ បុគ្គលិកសមាគម-អង្គការសង្គមស៊ីវិល សមាជិកសហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ បានជួបជុំគ្នានៅមុខស្ថានទូតរុស្ស៊ី និងបានដើរដង្ហែរទៅកាន់វិមានរដ្ឋសភា។ ក្រុមអ្នកតវ៉ាប្រដាប់ដោយបដា «Say No!» បានបន្តក្បួនដង្ហែររបស់ពួកគេទៅមុខ ក្នុងបំណងដើរជុំវិញវិមានរដ្ឋសភា ដើម្បីជំទាស់ទៅនឹងសេចក្ដីព្រាងច្បាប់អង្គការសង្គមស៊ីវិល ដែលគ្រោងដាក់ឲ្យរដ្ឋសភាអនុម័តក្នុងពេលឆាប់ៗខាងមុខ។
ក្បួនដង្ហែររបស់ពួកគេ ត្រូវបានរាំងស្កាត់ដោយរណាំងដែករបស់កងកម្លាំងសន្តិសុខប្រហែល ១០០នាក់ នៅមុខវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ហើយក្រុមអ្នកតវ៉ាបានដង្ហែរត្រឡប់ថយក្រោយវិញ។
នេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងគម្រោងអនុម័តច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ដែលជាកិច្ចខិតខំប្រឹងប្រែងយ៉ាងមានៈរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ក្រុមអ្នកតវ៉ា បានព្រមានថា នឹងមិនបោះឆ្នោតដល់គណបក្សណាដែលលើកដៃអនុម័តច្បាប់នេះឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥នេះ បាននិយាយថា សមាជិកគណបក្សកាន់អំណាចគាំទ្រការបង្កើតច្បាប់នេះ ខណៈគណបក្សប្រឆាំង បានបដិសេធការចូលរួមលើកដៃគាំទ្រសេចក្ដីព្រាងច្បាប់ ដែលត្រូវបានគេគិតថា នឹងរឹតត្បឹតសេរីភាពអង្គការសង្គមស៊ីវិលក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា៕