លោក ធន សារាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានអំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីក្រុមហ៊ុនឯកជន ឲ្យគោរពតាមគោលការណ៍ច្បាប់ និងគោលនយោបាយ ដើម្បីបញ្ចៀសផលប៉ះពាល់ដែលនឹងកើតចេញពីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជន។
ថ្លែងនៅឯវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «ការស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីដែលកំពុងរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group Co., LTD នៅស្រុកបុទុមសាគរ និងគិរីសាគរ ខេត្តកោះកុង» កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥កន្លងមក ដែលមានការចូលរួមពីមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងភាគីក្រុមហ៊ុន UDG លោក ធន សារាយ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន កន្លងមក ពុំបានគោរពតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងគោលនយោបាយស្បែកខ្លារបស់ខ្លួន សម្រាប់គ្រប់គ្រងដីធ្លី និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋនោះឡើយ។
ដោយយោងករណីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន UDG នៅខេត្តកោះកុង លោក ធន សារាយ ថ្លែងថា៖ «ច្បាប់ភូមិបាលឆ្នាំ២០០១ បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ច [ដល់ក្រុមហ៊ុនឯកជនមួយ] មិនឲ្យលើសពីចំនួន ១ម៉ឺនហិកតា ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទាននៅកន្លែងខ្លះលើសពីចំនួនកំណត់ដោយច្បាប់»។
ដោយមិនសំដៅតែទៅលើក្រុមហ៊ុន UDG លោក ធន សារាយ បានស្នើឲ្យក្រុមហ៊ុនវិនិយោគឯកជនទាំងឡាយ ពិនិត្យមើលទិដ្ឋភាពច្បាប់នៃប្រទេសកម្ពុជា ដើម្បីបញ្ចៀសហានិភ័យនាពេលអនាគត ប្រសិនបើរាជរដ្ឋាភិបាលត្រូវបានដឹកនាំដោយគណបក្សនយោបាយថ្មី។
ជាមួយគ្នានេះ លោកក៏បានទាមទារឲ្យរាជរដ្ឋាភិបាលកុំយកច្បាប់អស្សាមិករណ៍ទៅអនុវត្តន៍លើករណីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋខេត្តកោះកុង និងក្រុមហ៊ុន UDG និងបានជម្រុញឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានអនុវត្តគោលនយោបាយស្បែកខ្លារបស់ខ្លួន ដើម្បីដោះស្រាយជម្លោះដីធ្លីដោយតម្លាភាព គ្មានការបង្ខិតបង្ខំ និងការបង្ក្រាបដោយអំពើហិង្សា។
យោងតាមរបាយការណ៍ចេញផ្សាយដោយគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) កាលពីចុងឆ្នាំ២០១២ បានឲ្យដឹងថា ក្រុមហ៊ុន UDG បានទទួលដីសម្បទានសេដ្ឋកិច្ចទំហំ ៣៦ ០០០ហិកត សម្រាប់គម្រោងអភិវឌ្ឍន៍មានតម្លៃចន្លោះពី ៣,៥ ទៅ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៨។ ជាមួយសម្បទានរយៈពេល ៩៩ឆ្នាំនេះ ក្រុមហ៊ុនកាន់កាប់ដោយវិនិយោគិនចិនមួយនេះ មានគម្រោងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តកោះកុង ឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិធំជាងគេនៅតំបន់អាស៊ី ដែលមានហេដ្ឋារចនាសម្ព័ន្ធចម្រុះបែបបម្រើដល់វិស័យទេសចរណ៍។
ប្រជាពលរដ្ឋជាង ៣ ៧០០គ្រួសារ ដែលភាគច្រើនលើសលុបអាស្រ័យលើរបរកសិកម្ម និងនេសាទនោះ ត្រូវបានវាយតម្លៃថានឹងត្រូវជម្លៀសចេញ និងទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍តម្លៃរាប់ពាន់លានមួយនេះ។ របាយការណ៍ខាងលើបានឲ្យដឹងថា ផ្ទះសម្បែងចំនួន ១ ១៤៣ខ្នង ដីធ្លីជាង ១ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធដទៃ នឹងត្រូវផ្លាស់ប្ដូរ និងដកហូត ទៅកាន់ទីតាំងថ្មីស្ថិតចម្ងាយ ២០គីឡូម៉ែត្រពីទីតាំងលំនៅដ្ឋានចាស់របស់អ្នកភូមិ។
យោងតាមច្បាប់ភូមិបាលនៃប្រទេសកម្ពុជាឆ្នាំ២០០១ បានចែងថា ការដកហូតកម្មសិទ្ធិរបស់បុគ្គល ត្រូវធ្វើតាមទម្រង់ និងនីតិវិធីបញ្ញត្តិដោយច្បាប់ បន្ទាប់ពីបានផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌ ប៉ុន្តែរបាយការណ៍អង្គការសង្គមស៊ីវិល រកឃើញថា ពុំមានសំណងសមរម្យណា ត្រូវបានគេផ្ដល់ជនប្រជាពលរដ្ឋទាំងនោះឡើយ ក្រៅពីប្រជាពលរដ្ឋ ១៥គ្រួសារ ដែលត្រូវបានស្នើឲ្យទទួលសាច់ប្រាក់ប្រមាណ ៨ ០០០ដុល្លារអាមេរិក រួមជាមួយដីកសិកម្មទំហំ ៥ហិកតា។ ចំណែកឯប្រជាពលរដ្ឋជិត ១០០គ្រួសារទៀត បានទទួលប្រាក់សំណងជាសាច់ប្រាក់ចន្លោះ ២ ០០០ដុល្លារ ទៅ ៣ ០០០ដុល្លារ ខណៈដែលប្រជាពលរដ្ឋប្រមាណ ៣០.៥២%ទៀត បាន និងកំពុងតស៊ូទាមទារសំណងបន្ថែម និងស្វែងរកការគាំទ្រពីអង្គការសង្គមស៊ីវិល។
របាយការណ៍អង្កេតបានរកឃើញភាពមិនប្រក្រតីដែលប្រព្រឹត្តឡើងដោយក្រុមអាជ្ញាធរមូលដ្ឋាន នៅក្នុងគម្រោងសាងសង់លំនៅដ្ឋានថ្មីជូនប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញទៅកាន់ទីតាំងថ្មី។ ក្រុមអង្កេត បានរកឃើញថា ទឹកប្រាក់ប្រមាណ ១ ២៥០ដុល្លារអាមេរិក នឹងត្រូវចំណាយលើការសាងសង់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋ ខណៈពេលក្រុមអាជ្ញាធរបានបំប៉ោងតួលេខនេះដល់ទៅចំនួន ៤ ២០០ដុល្លារអាមេរិក៕