ពលការិនីកម្ពុជាវ័យ ២០ឆ្នាំមួយរូប ដែលទទួលរងទារុណកម្មធ្ងន់ធ្ងរនៅប្រទេសម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥កន្លងមកនេះ បន្ទាប់អន្តរាគមន៍ជួយសង្គ្រោះ បានអូសបន្លាយពេលយ៉ាងយូរ។
យោងតាមការស៊ើបអង្កេតរបស់សមាគមអាដហុក បានឲ្យដឹងថា ពលការិនីរងគ្រោះឈ្មោះ ជ.ផ.ល. ដែលមានស្រុកកំណើតនៅឯភូមិឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចាកចេញពីប្រទេសកម្ពុជា ទៅបម្រើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១០ តាមរយៈក្រុមហ៊ុន Cambodian Labour Supply PIY.
យោងតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយជនរងគ្រោះ ដែលស្វែងរកជំនួយពីសមាគមអាដហុកខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២ បានឲ្យដឹងថា ពួកគាត់ពុំបានទទួលដំណឹងពីជនរងគ្រោះនោះឡើយចាប់តាំងពីការចាកចេញរបស់ជនរងគ្រោះ។
ក្នុងបណ្ដឹងនោះបានបញ្ជាក់ថា ជនរងគ្រោះត្រូវបញ្ចប់អាណត្តិតាំងពីឆ្នាំ២០១២ ប៉ុន្តែមិនបានមកវិញតាមកិច្ចសន្យាការងារនោះឡើយ។
សមាគមអាដហុកភ្នំពេញ បានស្វែងរកអន្តរាគមន៍ជួយដល់ជនរងគ្រោះ តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃអគ្គស្នងការនគរបាលជាតិ និងក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០០២។
ភាគីខាងក្រុមហ៊ុន Cambodian Labour Supply PIY បានអះអាងថា ជនរងគ្រោះមិនព្រមទទួលទូរស័ព្ទរបស់ឪពុកម្ដាយ ហើយបានចោទប្រកាន់ថា ឪពុកម្ដាយជនរងគ្រោះចង់បានលុយ ទើបប្រឹងប្រែងប្ដឹងសុំកូនត្រឡប់មកវិញ។ ប៉ុន្តែ ឪពុកម្ដាយជនរងគ្រោះ បានចោទប្រកាន់ទៅក្រុមហ៊ុនវិញថា មិនអនុញ្ញាតឲ្យពួកគាត់និយាយតាមទូរស័ព្ទជាមួយកូន ដើម្បីបញ្ជាក់ពីស្ថានភាព និងបានគំរាមគំហែងដល់កូនពួកគាត់ផងដែរ។
យោងតាមការស៊ើបអង្កេតរបស់សមាគមអាដហុក និងការបញ្ជាក់របស់ឪពុកម្ដាយពលការិនីរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ បានរងទារុណកម្មនានា ដូចជា ត្រូវបានអ៊ុតដោយឆ្នាំងអ៊ុតក្ដៅលើខ្នង និងផ្ទៃមុខ បាក់ថ្គាមមុខដោយសារការវាយនឹងស្បែកជើង និងត្រូវបានបង្ខំឲ្យហូបបាយលាយលាមក។
ទាក់ទងនឹងករណីនេះ សមាគមអាដហុក បានធ្វើសន្និសីទកាសែតជាមួយសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥កន្លងមកនេះ។ ជាលទ្ធផល ពលការិនីរងគ្រោះ ត្រូវបានក្រុមហ៊ុន Cambodian Labour Supply PIY បញ្ជូនត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥៕
ព័ត៌មានបន្ថែមទំនាក់ទំនង
អ្នកស្រី ឆន សុគន្ធា ប្រធានកម្មវិធីសិទ្ធិស្ត្រី និងកុមារ
ទូរស័ព្ទលេខ ០១២ ៣៤៤ ៧១៩/០១៦ ៨៧៣ ២០៩ ឬ
អ្នកស្រី លឹម មុនី មន្ត្រីស៊ើបអង្កេតនៃកម្មវិធីសិទ្ធិស្ត្រី និងកុមារ
ទូរស័ព្ទលេខ ០១២ ៨៣៤ ៤៤៩