ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៥ សមាគមអាដហុកខេត្ត ស្វាយរៀង បានរៀបចំវេទិការសាធារណៈស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពនៅ ឃុំ ម៉ឺនជ័យ ស្រុក រំដួល ខេត្តស្វាយរៀង ដោយមានការចូលរួមពី លោក ម៉ី រឿន មេឃុំ ម៉ឺន ជ័យ លោក តាយ សុខុម អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស ខេត្តស្វាយរៀង លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារសមាគមអាដហុកភ្នំពេញ ជាវគ្មិន រួមជាមួយប្រជាពលរដ្ឋប្រមាណ ៥០នាក់ ដោយមានការសំរបសំរួលពី តំណាងសមាគមអាដហុកខេត្ត ស្វាយរៀង។
ថ្លែងបើកកម្មវិធី លោក ម៉ី រឿន មេឃុំ ម៉ឺនជ័យ បានស្វាគមន៍ដល់សមាគមអាដហុកដែលជ្រើសរើសយកឃុំរបស់លោកសំរាប់រៀបចំវេទិការសារធារណៈនៅពេលនេះ និងបានរាយការណ៍ពីស្ថានភាពក្នុងឃុំរបស់លោក ជាពិសេសទាក់ទងទៅនិងការធ្វើទេសន្តរប្រវេសន៍ ដែលមានប្រជាពលរដ្ឋចំនួន ២២១នាក់បានធ្វើទេសន្តរប្រវេសន៍ និងប្រកាសបើកកម្មវិធី។
លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ នៃសមាគមអាដហុកភ្នំពេញ បានថ្លែងក្នុងអង្គវេទិការសាធារណៈជំរាបជូនទៅអ្នកចូលរួមអោយយល់ពី ការធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់ និងការធ្វើទេសន្តរប្រវេសន៍មិនស្របច្បាប់ ត្រូវចេះពិចារណាថ្លឹងថ្លែងអោយបានម៉ត់ចត់ ពីគ្រោះថ្នាក់ និងភាពជោគជ័យ មុនសំរេចចិត្តធ្វើទេសន្តរប្រវេសន៍ លើកឡើងស្ថានភាពពលករទេសន្តរប្រវេសន៍កម្ពុជាកំពុងជួបប្រទះ កិច្ចអន្តរាគមន៍របស់សមាគមអាដហុក ដែលធ្លាប់បានធ្វើកន្លងមក ក្នុងការជួយដល់ជនរងគ្រោះ និងបានបំផុសលើកទឹកចិត្តទៅអ្នកចូលរួមហ៊ានលើកឡើងពីបញ្ហារបស់ខ្លួន ដោយកុំមានការភ័យខ្លាច។
លោក តាយ សុខុម អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស ខេត្តស្វាយរៀង ក៍បានលើកឡើងពីចំណាត់ការរបស់ការិយាល័យប្រឆាំងការជួញដូរមនុស្ស ខេត្តស្វាយរៀងដែលបានធ្វើកន្លងមក និងបានសន្យាដោះស្រាយនូវបញ្ហាដែលអ្នកចូលរួមបានលើកឡើងក្នុងអង្គវេទិការអោយអស់ពីលទ្ធភាព ករណីមិនអាចដោះស្រាយបាន លោក និងបញ្ជូនរាយការណ៍ទៅថ្នាក់លើបន្តទៀត ដោយបានលើកពីឧទាហរណ៍ជាក់ស្តែង ដែលនារីរងគ្រោះកម្ពុជាត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន ហើយត្រូវក្រុមគ្រួសារបុរសចិននាំយកទៅរស់នៅលើកោះដាច់ស្រយ៉ាលមួយ ធ្វើបាបដោយកំណត់ប្រាក់អោយចាយ ប្រើគ្មានពេលសំរាក រស់នៅដូចជាទាសករ។
បន្ទាប់មកមានការចោទសួរជាសំណួរពីអ្នកចូលរួម និងការធ្លើយពីវគ្មិនដែលបានចូលរួមប្រកបដោយភាពរីករាយ និងស្និតស្នាល។