ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
————-
ធ្វើនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥
សេចក្តីប្រកាសជាសាធារណៈ
ទារុណកម្មឃោរឃៅលើយុទ្ធជនពិការជើង ហេង សឿន នៅក្នុងដីសម្បទានសង្គមកិច្ច
ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត
នៅសមរភូមិប៉ៃលិនថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៨៩ យុទ្ធជន ហេង សឿន បានធ្វើពលិកម្មដើម្បីការពារប្រទេសជាតិ បណ្តាលឲ្យពិការជើងស្តាំក្រោមជង្គង់ដោយសារជាន់មីន បើទោះបីធ្លាក់ខ្លួនពិការក៏ដោយ យុទ្ធជន ហេង សឿង កំពុងបំរើការងារនៅអង្គភាពយុទ្ធជនពិការខេត្តកំពត។ មកដល់ថ្ងៃនេះ លោកមានអាយុ ៤៩ ឆ្នាំ មានភរិយា កូនបីនាក់ និងចៅប្រុសម្នាក់ កំពុងភៀសខ្លួនដោយសារទំនាស់ដីសម្បទានសង្គមកិច្ច រវាងពលរដ្ឋក្រីក្រ ១០១គ្រួសារ និង ឯកឧត្តម អាំ ផល្លីន និងលោកជំទាវ ហ៊ាង គន្ធី នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
រួមជាមួយពលរដ្ឋក្រីក្រ ១០០គ្រួសារ យុទ្ធជនពិការ ហេង សឿន ដែលអាជ្ញាធរមូលដ្ឋានចាត់ថ្នាក់ជា គ្រួសារគ្មានដី បានខិតខំស្នើសុំដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១១ គម្រោងសុំដីសម្បទានសង្គមកិច្ចក៏ទទួលការយល់ព្រមពីរាជរដ្ឋាភិបាល ហើយក៏មានការបែងចែកជាផ្លូវការនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១១ មានវត្តមានលោកអភិបាលខេត្តរង យឹម ផល្លា លោកអភិបាលស្រុកឈូក ឃឹម ហម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត វិស្វករប៉ាង ប៉ុណ្ណរដ្ឋ ពេលនោះព្រមគ្នាបញ្ជាក់ថា ដីបែងចែកសម្បទានសង្គមកិច្ច មិនអាចលក់ទិញបានទេក្នុងរយៈពេល៥ឆ្នាំ ធ្វើឲ្យពលរដ្ឋយល់ដឹងច្បាស់ណាស់ចំពោះ លក្ខខណ្ឌសម្បទានសង្គមកិច្ចនេះ។ ជាមួយសេចក្តីសុខ រីករាយ ពីការទទួលដីសម្បទានសង្គមកិច្ច ដែលក្នុងមួយគ្រួសារៗទទួលបានដីលំនៅដ្ឋានទំហំ ៥០មគុណ៣០ម ដីកសិកម្ម ៦២មគុណ២៦០ម រួមទាំងដីបំរុងទុកកាលណាពលរដ្ឋកើនឡើងជាង១០០ហិកតា ដីវត្ត ៧ហិកតា សាលារៀន ៩ហិកតា រដ្ឋបាល ពេទ្យ ៣ហិកតា ផ្សា ៣ហិកតា និង តំបន់ទឹកស្អាត ៥ហិកតា យុទ្ធជនពិការ ហេង សឿង មូលគំនិតគ្នាបង្កើតក្រុមការងារមានគ្នាបួននាក់ការពារដីសម្បទានសង្គមកិច្ច តែងតែដើរល្បាតជាប្រចាំមិនដែលមានបញ្ហាកើតឡើងធ្ងន់ធ្ងរ ឡើយ។ ជាអកុសល ចាប់ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៤ ក្តីសុខសាន្ត ក្តីរីករាយបានរលាយចេញពីក្រុមគ្រួសារទាំង ១០១ គ្រួសារ ដោយសារមានវត្តមាន ឯកឧត្តម អាំ ផល្លីន មានតួនាទី ជាទីប្រឹក្សាប្រធានរដ្ឋសភា និង ជំទាវ ហ៊ាង គន្ធី បានឆបោកផង និងគម្រាមកំហែងផង ឲ្យលក់ដីទៅគាត់ ឲ្យការងារធ្វើនៅក្នុងតំបន់នេះ ប្រាក់ខែ ១៥០ដុល្លា ប៉ុន្តែបើមិនព្រមលក់ ដីតម្លៃ ៣០០ដុល្លាក្នុង១ប្លង់ទេ គាត់យកដីហ្នឹងហើយព្រោះដីទាំងអស់ហ្នឹងជាដីរបស់រដ្ឋ ថែមទាំងគម្រាមវាយដំលើពលរដ្ឋណាដែលតវ៉ាទាមទារយកដី និងពន្យុះឲ្យប្តឹងទៅណាក៏មិនខ្លាចដែរ ក្នុងពេលមានបញ្ហាដ៏ធ្ងន់ធ្ងរនេះ គ្មានអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញរូបណាបានចេញមុខដោះស្រាយឡើយ ៧១គ្រួសារបាន បង្ខំចាកចេញមករស់នៅជាមួយបងប្អូនដូចកាលពីមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ច កំពុងប្រឈមមុខ ជាមួយជីវភាពរស់នៅយ៉ាងលំបាក ចំណែកក្រុមគ្រួសារដែលនៅសល់ត្រូវបង្ខំចិត្តទៅកាប់រានដីព្រៃឈើខុស ច្បាប់នៅចំណុច វាលឈើត្រាវ ក្នុងភូមិព្រៃពាយ ឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជូនឯកឧត្តម អាំ ផល្លី និងជំទាវ ហ៊ាង គន្ធី ក្នុងតម្លៃពលកម្ម ២ម៉ឺនរៀលក្នុងមួយថ្ងៃ មកដល់ពេលនេះដីព្រៃជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋទំហំប្រមាណ ១ពាន់ហិកតាត្រូវបានកាប់រានឈូសឆាយរួចហើយស្រេច និងកំពុងបន្តសកម្មទៅមុខទៀតដើម្បីវាយផ្តាច់ដីព្រៃឈើទាំងអស់ ២ពាន់ហិកតា។ ដោយមានក្តីឈឺចាប់យ៉ាង ខ្លាំង ចំពោះសកម្មភាពល្មើសច្បាប់ ទាំងរំលោភយកដីសម្បទានសង្គមកិច្ច និងដីព្រៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ យុទ្ធជនពិការ ហេង សឿន និង ក្រុមគ្រួសារដែលរងគ្រោះ បានរួមគ្នាប្រមូលស្នាមមេដៃដើម្បីធ្វើការតវ៉ា កំពុងតែប្រមូលស្នាមមេដៃ ស្រាប់តែ ឯកឧត្តម អាំ ផល្លីន និងជំទាវ ហ៊ាង គន្ធី បានបញ្ជាអោយក្រុមការងារចំនួន ១២នាក់ព័ទ្ធចាប់យុទ្ធជនពិការកំសត់ គាត់រត់គេចចូលទៅពួនក្នុងផ្ទះអ្នកភូមិជិតខាង ពួកគេហែកជញ្ជាំងផ្ទះយកយុទ្ធជនពិការចេញមកខាងក្រៅ ដោយមានបុរសពីរនាក់មកវាយធ្វើទារុណកម្មយ៉ាងឃោរឃៅ នៅចំពោះមុខអ្នកភូមិចោមរោមមើលយ៉ាងច្រើន ដោយរុំក្រម៉ាប្រអប់ដៃទាំងពីរនាក់ វាយលើឆ្អឹងជំនីរខាងឆ្វេងជិតបេះដូងជាច្រើនដៃ ឈឺចាប់យ៉ាងខ្លាំងរហូតធ្វើឲ្យយុទ្ធជនពិការរូបនេះសន្លប់លើក ទី១ ហើយបន្ទាប់មកពួកគេទាំងពីរនោះក៏បានចេញទៅវិញ។ មួយសន្ទុះក្រោយមកបុរសទាំងពីរនាក់ដែលធ្វើទារុណ កម្មយុទ្ធជនពិការសន្លប់នោះត្រឡប់មកវិញ បានយកទឹកនោមមកស្រោចលើ មុខនិងក្បាលរបស់គាត់ធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនឡើងវិញ រួចបុរសទាំងពីរបានទាញយកជើងសិប្បនិម្មិតរបស់គាត់ចេញពីខ្លួនគាត់គ្រវែងចោល រួចបុរសទាំងពីនេះ បានចាប់ផ្តើមព្រួតគ្នាវាយដំច្រំធាក់ធ្វើទារុណកម្មមកលើរូបរាងកាយរបស់គាត់ជាលើកទី២ ដោយបានយកប្រោះខ្នោសកោសដូងមកបុកឆ្អឹងជំនីកន្លែងដដែល គាត់ឈឺពេកក៏ដួលសន្លប់បាត់ស្មារតីម្តង ទៀត ទន្ទឹមនឹងនោះបុរសទាំងពីរបានប្រមាថអាយុជីវិតគាត់ទៀតថា៖ (អញយកអាហ្អែងទៅបាញ់ចោលឥឡូវហើយ) ពេលគាត់ដឹងខ្លួនឡើងអ្នកភូមិបន្តចោមរោមមើលតែអត់មានអ្នកភូមិណាម្នាក់ហ៊ានជួយឡើយ តែគាត់មិនដឹងទៅណារួចនិងធ្វើអីកើតបើឈឺគ្រាំគ្រាយ៉ាងខ្លាំង ពេលនោះមេប៉ុស្តិ៍ឃុំត្រពាំងភ្លាំងឈ្មោះបុត្រក៏មកដល់ បាននាំគាត់តាមម៉ូតូទៅប៉ុស្តិ៍ដើម្បីសួរចម្លើយប្រហែលកន្លះម៉ោងតែអត់មានកំណត់ហេតុជាសំណេរឡើយ។ ក្រុមគ្រួសារយុទ្ធពិការកំសត់មកដល់ នាំចេញពីភូមិ ហើយពុំហ៊ានដេកពេទ្យរដ្ឋទេ ពីព្រោះលឺដំណឹងថា គេស្វែងរកគាត់គ្រប់មន្ទីរពេទ្យរដ្ឋ ទើបគាត់សំរេចចិត្តមកដេកមន្ទីរពេទ្យឯកជននៅភ្នំពេញវិញ មកផ្ទះវិញប្រជាជនប្រាប់ថា ឯកឧត្តម អាំ ផល្លីន បានប្តឹងគាត់ទៅតុលាការខេត្តកំពត ពីបទបរិហាកេរ្តិ៍ដោយរូបគាត់បាននិយាយតាមវិទ្យុអាស៊ីសេរី ដោយគាត់មានការភ័យខ្លាចពួកគេតាមសម្លាប់ គាត់ក៏គេចមកសំរាកព្យាបាល និងបន្តលាក់ខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
សូមឲ្យមានការចាត់វិធានការជាបន្ទាន់ ពីសំណាក់កងកម្លាំងសមត្ថកិច្ច ដើម្បីការពារសុខសុវត្ថិភាពជូនយុទ្ធជនពិការ ហេង សឿន ដែលកំពុងភៀសខ្លួនគេចពីការតាមយាយីរបស់មន្រ្តីមានអំណាចជាន់ខ្ពស់។
នេះជាទារុណកម្មយ៉ាងឃោរឃៅ មកលើយុទ្ធជនពិការ ពីសំណាក់មន្រ្តីមានអំណាចជាន់ខ្ពស់ ដែលទាមទារឲ្យស្ថាប័នកំពូលៗទាំងបី បំបាត់ឲ្យខាងតែបាននូវភាពឃោរឃៅ ដូចករណីទារុណកម្មកើតមានចំពោះយុទ្ធជនពិការ ហេង សឿន ដើម្បីនាំសង្គមកម្ពុជាឈានទៅរកភាពសុខសាន្ត និងនីតិរដ្ឋ។
ទំនាក់ទំនងបន្ថែម៖
-លោក ប៉ែន ប៊ុណ្ណារ៍ (016/066/077-785-388 & 097-7-785-388)
-យុទ្ធជនពិការ ហេង សឿន (097-606-0511)
-ឈុន វិន (ម្ចាស់ផ្ទះដែលយុទ្ធជនពិការគេចពួន)(097-401-7688)