ក្រោមជំនួយឧបត្ថម្ភពីស្ថានទូតអូស្រ្តាលី សមាគមអាដហុកបានរៀបចំបើកវេទិកាសាធារណៈ ស្តីពីសុវត្ថិភាពទេសសន្តរប្រវេសន៍ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិ ទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមគណៈអធិបតីលោកស្រី ជា ពន អភិបាលរងស្រុកកំពង់ស្វាយ លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ របស់សមាគមអាដហុក ក្នុងនោះមាន អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដែលមានបញ្ហាចំណាកស្រុក ប្រមាណ ៥៥នាក់ ក្នុងនោះស្រ្តី ៨០%ចូលរួម ។
លោកស្រ្តី ឆន សុគន្ធា មានមតិស្វាគមន៍ដល់អ្នកចូលរួម និងលើកឡើងពីវត្ថុបំណងនៃការបើក វេទិកានៅថ្ងៃនេះថា ៖ ដោយសារសមាគមអាដហុកបានធ្វើការពាក់ព័ន្ធនឹងវិស័យសិទិ្ធមនុស្ស ពិសេសបានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ករណីចំណាកស្រុកពីសំណាក់ជនរងគ្រោះ ឬគ្រួសារផ្ទាល់ ទៅកាន់ប្រទេសចិន ម៉ាឡេស៊ី ថៃឡងដ៍ កូរ៉េ ឥណ្ឌូណេស៊ី និងប្រទេសមួយចំនួនទៀត ជាច្រើនករណីក្នុងមួយឆ្នាំៗ ។
ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនចំណាកស្រុកដោយសុវត្ថិភាព និងមួយចំនួនទៀត ទៅដោយមានបញ្ហាដូចជាចាញ់បោកមេខ្យល់ថាទៅធ្វើការបែរជាឲ្យទៅរៀបការ ឬលក់ឲ្យជនជាតិចិន ការបង្ខំឲ្យធ្វើការហួសកំលាំង ការមិនបានទទួលប្រាក់បៀវត្សរ៍ ឬទទួលបានមិនគ្រប់ចំនួន ការបង្ខំឲ្យបន្តអាណត្តិការងារ ការបាត់ដំណឹងមិនមានទំនាក់ទំនងមកក្រុមគ្រួសារជាដើម ទាំងអស់នេះសុទ្ធសឹង តែជាបញ្ហា ដូច្នេះហើយបានជាថ្ងៃនេះយើងរៀបចំជាវេទិកានេះឡើង ដើម្បីឲ្យបងប្អូនអតីតជនរងគ្រោះ ដែលធ្លាប់បានធ្វើចំណាកស្រុក ឬគ្រួសារជនរងគ្រោះ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងលើកជា សំណូមពរ ឬមតិផ្តាំផ្ញើរទៅអ្នកអ្នកចូលរួមទាំងអស់។
លោកស្រី ជា ពន ក៏មានមតិថ្លៃងបើកក្នុងវេទិកាផងដែរ ដោយផ្តោតទៅលើការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព កុំឲ្យទៅទាំងប្រថុយប្រថាន នាំឲ្យមានគ្រោះថ្នាក់ ។
ក្នុងនោះដែរ អ្នកចូលរួមក៏បានលើកឡើងពីបទសោធន៍របស់ខ្លួនផងដែរ ដែលកន្លងមកពួកគាត់ ធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងគ្រួសារជនរងគ្រោះ ។ បញ្ហាជាច្រើនដែលពួកគេបាន ជួបប្រទះដូចជា ការបង្ខំឲ្យធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ ងើបតាំងពីម៉ោង៤ព្រឹក ដល់ម៉ោង១២យប់ របបអាហារមិនគ្រប់គ្រាន់ មានការប៉ុនប៉ងរំលាភសេពសន្ថវៈពីសំណាក់សាច់ញាតិម្ចាស់ផ្ទះ និងម្ចាស់ ផ្ទះ មានការគំរាមសម្លាប់ពីសំណាក់ម្ចាស់ផ្ទះ ទទួលបានប្រាក់បៀវត្សរ៍មិនគ្រប់ចំនួននៅពេល ដែលពួកគេខំធ្វើការដោយប្តូរញើសឈាម និងនៅពេលទ្រាំមិនបានត្រឡប់មកផ្ទះវិញ ត្រូវឲ្យគ្រួសារផ្ញើ ប្រាក់ដើម្បីសងមេខ្យល់ ទើបអាចត្រឡប់មក កម្ពុជាវិញបាន ជាងនេះទៅទៀត ពេលធ្វើដំណើរ មកតាមរថយន្តពីប្រទេសម៉ាឡេស៊ីទៅកម្ពុជា នៅពេលទៅដល់កន្លែងដែលមានប៉ូលីសឆែក ត្រូវចូល ពួនក្នុងខ្លុបរថយន្ត ដើម្បីគេចពីពួកគេ ក្នុងករណី ចាប់បានត្រូវជាប់ពន្ធនាគារ ។ មានជនរងគ្រោះខ្លះ ទៀត ត្រូវមេខ្យល់យកទៅលក់ក្នុងមួយនាក់៧០០០$អោយម្ចាស់ផ្ទះ តែខ្លួនខិតខំធ្វើការ មិនទទួលបានប្រាក់ខែទេ ដោយសារថវិកាត្រូវមេខ្យល់យកអស់ ។