សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកថា ការចាប់និង ឃុំខ្លួន តំណាងកម្មករ និងព្រះសង្ឃ ចំនួន ១៥នាក់/ អង្គ ដែលប្រព្រឹត្ត ដោយ កម្លាំងទាហាន ឆ័ត្រយោង លេខ ៩១១ ដែល ជាការចាប់និង ឃុំខ្លួនដោយខុសច្បាប់ និងជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។
យោងតាមការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ នៅកន្លែងកើតហេតុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កងកម្លាំងយោធា កងឆ័ត្រយោង លេខ៩១១ប្រមាណ ៦០នាក់ ប្រដាប់ដោយ អាវុធ (ឧបករណ៍ សំរាប់ធ្វើសឹកសង្គ្រាម) ដឹកនាំដោយ លោក ចាប ភក្ដី និងរួមជាមួយ កម្លាំង ប៉ូលិស ប្រមាណជា ៥០នាក់បន្ថែមទៀត បានធ្វើការបង្រ្កាប ទៅលើ ក្រុមកម្មករ រោងចក្រ យ៉ាក ជីន ដែលមានគ្នា១០០ ដែលកំពុងធ្វើបាតុកម្ម ដោយអហិង្សា នៅខាងមុខ រោងចក្រ យ៉ាក ជីន។ នៅក្នុងព្រឹត្តិការណ៍ នៃការបង្រ្កាបដោយហិង្សាធ្ងន់ធ្ងរ តាមរបៀបប្រតិបត្តិការ យុទ្ធសាស្រ្តយោធានោះ កងកម្លាំងយោធាក៏បាន ចាប់តំណាង កម្មករ និងព្រះសង្ឃ ចំនួន១៥ នាក់ ឃាត់ និងឃុំខ្លួន នៅក្នុង បន្ទាយទាហាន កងពលលេខ ៩១១ រហូតដល់ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ទើបសំរេចដឹក តំណាង កម្មករ ចំនួន ១០នាក់ បញ្ជូនមកតុលាការក្រុងភ្នំពេញ។
គួរបញ្ជាក់ផងដែរ យោងតាម មាត្រា៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កងកម្លាំងប្រដាប់អាវុធ ជាយោធា មិនមែនជានរគបាលយុត្តិធម៌ ដូចនេះ កងកម្លាំងយោធា មិនមានសមត្ថកិច្ច ធ្វើជាជំនួយរបស់អំណាចតុលាការនោះទេ។ ហើយក៏គ្មានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើស ព្រមទាំងប្រមូលភស្ដុតាងនោះទេ (មាត្រា ៥៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។ ជាមួយនឹងការ អនុវត្តរំលោភច្បាប់ខាងលើនេះ យើងក៏សង្កេតឃើញដែរ ថាកងទ័ពឆ័ត្រយោង ក៏បានរំលោភទៅលើមាត្រា ៩៦ នៃក្រមដដែលនេះ ផងដែរ ដោយមាត្រានេះ បានអនុញ្ញាតអោយ តែនរគបាលយុត្តិធម៌ទេដែលមានសិទ្ធិក្នុងការឃាត់ខ្លួន ទន្ទឹមនិងការ ប្រព្រឹត្តដោយរំលោភច្បាប់ពី សំណាក់ កងទ័ព យើងឃើញថា នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កន្លងមកនោះ នៅក្នុងព្រឹត្តិការណ៍ ចាប់និងឃុំខ្លួន តំណាងកម្មករនិងព្រះសង្ឃទាំង ១៥នាក់/អង្គ ក៏មានវត្តមាន ព្រះរាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ក៏បានទៅធ្វើការសាកសួរ តំណាងកម្មករទាំងអស់ នៅក្នុងបន្ទាយយោធា នៅម៉ោងប្រហែល ៧យប់ បើទោះបីជា លោកព្រះរាជអាជ្ញា យល់អំពីគោលការណ៍ច្បាប់ យ៉ាងច្បាស់ថាបន្ទាយយោធាមិនមែនជា ទីកន្លែងឃុំខ្លួន ដែលត្រូវបានច្បាប់បានអនុញ្ញាត ក៏ដោយចុះ (មាត្រា ៣៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។
ក្រៅពីការឃុំ និងឃាត់ខ្លួនដោយរំលោភ ច្បាប់ដោយ កងកម្លាំង យោធាកងពលលេខ ៩១១ ដែល គ្មានសមត្ថកិច្ច ជានគរបាល យុត្តិធមនោះ យើងឃើញមានការអនុវត្តន៍ ខុសនីតិវិធី ដោយតុលាការក្រុងភ្នំពេញ ក្រោយពីការ សាកសួរ ជនរងគ្រោះ នៅក្នុងស្ថាប័ន អយ្យការ តុលាការក្រុង តុលាការក្រុងភ្នំពេញ បានសំរេចឃុំខ្លួន ជនរងគ្រោះទាំង ១០នាក់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ប៉ុន្តែ ក្រោយការសំរេច ឃុំខ្លួន មនុស្សទាំង ១០នាក់នោះ តុលការមិនបានផ្ដល់ព័ត៌មាន អោយ មេធាវី ជនរងគ្រោះ ក៏ដូចជា គ្រួសាររបស់ជនរងគ្រោះ បានដឹងនោះទេ មកដល់ពេលនេះ ទាំងមេធាវី ជនរងគ្រោះ និងក្រុមគ្រួសារ ជនរងរងគ្រោះពុំទាន់បានដឹងថា តើជនរងគ្រោះទាំងអស់នោះ ត្រូវបានឃុំខ្លួននៅទីណានោះទេ ដែលទង្វើនេះ បានរំលោភទៅលើ មាត្រា ៩៨ និង មាត្រា ១៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមេធាវីការពារក្ដី ត្រូវទទួលព័ត៌មានពីការ ការឃុំខ្លួន និងមានសិទ្ធិ គ្រប់ពេលវេលាក្នុងការ ប្រាស្រ័យទាក់ទងជាមួយ កូនក្ដី។
ដោយឡែក បើយោងតាមច្បាប់ស្ដីពី ការធ្វើបាតុកម្មដោយសន្តិវិធី ក្នុងករណី ដែលបាតុកម្មក្លាយ ជាមានអំពើហិង្សា សមត្ថកិច្ច មានសិទ្ធិត្រឹមតែធ្វើការឃាត់ខ្លួនបាតុករ ហើយត្រូវតែធ្វើការដោះលែងអោយមានសេរីភាពវិញ នៅពេលដែលបាតុកម្មដោយសន្តិវិធីនោះ បានបញ្ចប់ នៅក្នុងមាត្រានេះ សមត្ថកិច្ច មានសិទ្ធិក្នុងការឃាត់ខ្លួន បាតុករបាន លុះត្រាតែបាតុករនោះ មានឧបករណ៍ ដែលអាចបង្កអោយមានគ្រោះថ្នាក់។ ក៏ប៉ុន្តែ យោងតាម ការស៊ើបអង្កេត ដោយយកចិត្តទុកដាក់ ដោយ សមាគអាដហុក បានបង្ហាញថា នៅក្នុងព្រឹត្តិការណ៍ បាតុកម្មរបស់កម្មករ រោងចក្រ យ៉ាក ជីន ជាបាតុកម្មអហិង្សា ហើយក៏គ្មានកម្មករណាម្នាក់ មានឧបករណ៍ ដែលអាចធ្វើអោយ មានគ្រោះថ្នាក់នោះដែរ ដូចនេះ មិនមាន ហេតុផលណា ដែលត្រូវធ្វើការបង្រ្កាប បាតុកម្មកអហិង្សានេះ នោះទេ។
ដូចដែលបានបង្ហាញជូនខាងលើនេះ ការបង្រ្កាប និងឃុំខ្លួន តំណាងកម្មករ ដោយយោធា កងពលលេខ ៩១១ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ និងការចូលរួម របស់ប៉ូលិស ក្រុងភ្នំពេញ និង ព្រះរាជអាជ្ញារង តុលាការក្រុងភ្នំពេញ ជាអំពើរំលោភច្បាប់ និង បង្ហាញថា មន្រ្តីយុត្តិធម៌ កំពុងស្ថិតនៅក្រោម អំណាចរបស់យោធាស្ទើរទាំងស្រុង។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១៦ ៦៦៧៣៧៣