សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុក ការបង្រ្កាប ដោយប្រើអំពើហិង្សា ពីសំណាក់ កម្លាំងទាហាន ឆត្រយោង លេខ ៩១១ ដែលមាន ចំនួន ប្រមាណជា ៦០ នាក់ និង ប៉ូលិស ប្រហែលជា ៥០នាក់ ដោយមានកាំភ្លើងអាកា កាំភ្លើងខ្លី ដំបង ដំបងឆក់ និងខែល សំរាប់ការពារ ទៅលើក្រុម កម្មករ រោងចក្រ យ៉ាក ចីញ ប្រហែល ១០០នាក់ ដែលកំពុង ធ្វើកូដកម្មអហិង្សា នៅខាងមុខ រោងចក្រដោយមាន ការចាប់ខ្លួន តំណាងកម្មករ និង កម្មករ ចំនួន ប្រហែល១០នាក់ ព្រមទាំង វាយកម្មករ អោយរងរបួសធ្ងន់ ជាអំពើរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ មានកម្មករ រោងចក្រ ចាក់ជីង ប្រមាណ ១០០នាក់បានធ្វើកូដកម្ម មិនចូលធ្វើការ និងអំពាវនាវ អោយកម្មករ ដែលនៅក្នុងរោងចក្រ ប្រមាណ ៥,០០០ នាក់ ចូលរួមធ្វើកូដកម្ម ទាំងអស់គ្នា ដើម្បីទាមទារអោយមានការ តំឡើងប្រាក់ខែគោល ១៦០$ ក្នុង ១ខែ។
ករណីប្រើអំពើហិង្សាដោយ កងកម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករ គ្មានអាវុធ នោះបានកើត ឡើងនៅម៉ោង ប្រហែលជា ៩ព្រឹក ទៅលើក្រុមកម្មករ ប្រហែល ១០០នាក់ នៅពេលដែលកម្មករ ទាំងនោះ កំពុងធ្វើកូដកម្មដោយសន្តិវិធី។ នៅក្នុងហេតុការណ៍នៃការបង្ក្រាប ដោយហិង្សា លើកទី១ នោះ កងកម្លាំងប្រដាប់អាវុធ បានចាប់ខ្លួនកម្មករ ចំនួន ៣នាក់ ដោយមិនអោយ ក្រុមអង្គការសង្គមស៊ីវិល ចូលជួបអ្នកទាំង ៣នាក់នោះទេ។ ក្រោយពីការបង្ក្រាប ទៅលើកទី១ នៅម៉ោង ប្រហែលជា ១១ និង ២០នាទី ថ្ងៃត្រង់ ក៏មានការបង្ក្រាបជាលើកទី២ ទៅលើក្រុមតំណាងកម្មករ ដែលដឹកនាំដោយ លោក វន ពៅ នៅពេលដែល ក្រុមនេះ បានដឹកនាំ កម្មករប្រមាណជា ២០នាក់ ដោយប្រើរ៉ឺម៉ក កង់៣ ចំនួន ២គ្រឿង ទៅឃោសនាអោយ កម្មករដែល នៅក្នុង រោងចក្រ ឈប់ធ្វើការ ដើម្បី ចូលរួម បាតុកម្ម និង កូដកម្មអហិង្សា ដើម្បីទាមទារ អោយមានការដំឡើងប្រាក់ ខែ១៦០$ ក្នង ១ខែ ដូចកម្មករ រោងចក្រជាច្រើន ផ្សេងៗទៀតកំពុងធ្វើ។ ការបង្រ្កាប ដោយអំពើហិង្សាពី សំណាក់ កម្លាំងប្រដាប់អាវុធ ដោយគ្មាន តុល្យភាព នៃកម្លាំងនេះ បានធ្វើអោយ កម្មក និង ព្រះសង្ឃ ជាច្រើន នាក់ និងច្រើនអង្គ រងរបួស និង បានចាប់ខ្លួន លោក វន ពៅ តំណាងកម្មករ សកម្មជនសិទ្ធិមនុស្ស និង តំណាងសហគមន៍ ដីធ្លី បឹងកក់ ទៀតផង ក្រោយការចាប់ខ្លួន សមត្ថកិច្ច មិនអនុញ្ញាត អោយក្រុមអង្គការសង្គមស៊ីវិ ចូល ព្យាបាល អ្នករងរបួសនោះទេ។ លុះដល់ម៉ោង ៤និង ៣០នាទី ល្ងាច សមត្ថកិច្ច បានអនុញ្ញាត អោយក្រុមការងារ របស់អង្គការសហប្រជាជាតិ ចូលទៅក្នុងទីកន្លែង ឃាត់ខ្លួនប៉ុន្តែ មិនឃើញមានការដោះលែង កម្មករទាំងអស់នោះ អោយមានសេរីភាពនោះទេ។
សូមបញ្ជាក់ថា ករណីបាតុកម្មដោយសន្តិវិធី ដែលបានធ្វើឡើង ដោយ កម្មករ ដើម្បីទាមទារដំឡើង ប្រាក់ខែគោល អោយបាន ១៦០$ ក្នុង ១ខែនេះ អស់រយៈ ពេល ២សប្តាហ៍ មកហើយ គិតដល់ថ្ងៃនេះ ប៉ុន្តែ ការតវ៉ានេះ មិនត្រូវបាន រដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុងការរកដំណោះស្រាយ សមរម្យណាមួយ ជូនកម្មករទាំងអស់នោះទេ ផ្ទុយទៅវិញ ក្រសួងការងារ បានព្យាយាម បង្ខំអោយ កម្មករ ទទួលយកប្រាក់ខែគោល ចំនួន ១០០$ ក្នុង ១ខែ យោងតាមការ សំរេចរបស់ ក្រសួងការងារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ប៉ុន្តែ ការសំរេចនោះមិនត្រូវបានទទួល យកពីកម្មករ នោះទេដោយ កម្មករ អះអាងថា ប្រាក់ខែ ១០០$ក្នុង ១ខែ មិនអាចទ្រទ្រង់ជីវភាពរស់នៅ របស់ពួកគេបានទេ នៅក្នុងពេលនេះ ដោយសារតែ ម្ហូបអាហារ និងទំនិញ គ្រប់មុខ នៅលើទីផ្សារបានឡើងថ្លៃ ទ្វេដង។
សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ អោយមានការដោះលែង កម្មករ និង តំណាង កម្មករ ទាំងអស់អោយមានសេរីភាព ហើយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន និងត្រូវតែ ធ្វើការដោះស្រាយ បញ្ហាប្រាក់ខែគោល ជូនកម្មករ អោយបាន សមស្រប ទៅតាម តម្លៃទំនិញនៅលើទីផ្សារជាក់ស្ដែង ដើម្បីអោយពួកគេអាចរស់ បានសមរម្យជាមនុស្ស។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដ ០១៦ ៦៦៧៣៧៣