សមាគមការពារសិទ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថាអាដហុក (ADHOC) សូមជំរុញរដ្ឋាភិបាលកម្ពុជា បង្កើនការចាប់អារម្មណ៍ចំពោះបញ្ហានិទណ្ឌភាពនៃជនជាតិថៃ ប្រព្រឹត្តិអំពើទារុណកម្មនិង រំលោភលើសេចក្តីថ្លៃថ្នូររបស់ស្ត្រីខែ្មរម្នាក់ទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី ២៨ វិច្ឆិកា ២០១៣ ដល់ថ្ងៃទី១៧ ធ្នូ ២០១៣ ។
ក្នុងករណីនេះ សាខាសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹងពី សាច់ញាតិនារីរងគ្រោះ និងជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីសង្រ្គោះនារីរងគ្រោះមកដល់ផ្ទះវិញ។
សមាគមអាដហុកមានកង្វល់ជាខ្លាំង ជុំវិញករណីថៅកែជនជាតិថៃ និងបក្ខពួកបានប្រព្រឹត្តអំពើទារុណកម្ម និងថតរូបបង្ហោះរូបភាពអាសអាភាស ព្រមទាំងបង្ខាំងនារីខ្មែរជាបុគ្គលិកបំរើការនៅកាស៊ីណូរបស់ខ្លួន។ ទង្វើទាំងនេះបានផ្ទុយនឹងស្មារតីនៃច្បាប់ជាតិមានច្បាប់រដ្ឋធម្មនុញ ក្រមព្រហ្មទណ្ឌ ច្បាប់បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងប្រឆាំងនឹងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងអនុសញ្ញាស្តីពីការលុបបំបាត់នូវរាល់ទម្រង់នៃរើសអើងប្រឆាំងនឹងនារីភេទ ។
តាមពត៌មានដែលយើងបានដឹងរហូតមកទល់ពេលនេះ ថៅកែថៃរូបនេះ ពុំទាន់បានត្រូវទទួលការដាក់ទណ្ឌកម្ម ពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយទេ។
ទង្វើបែបនេះជាការប្រមាថមើលងាយ និង រំលោភសិទ្ធិស្រ្តី ដែលបណ្តាលអោយប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ប្រជាពលរដ្ឋកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ។
ដើម្បីដោះស្រាយបញ្ហានេះ និងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះផ្ទាល់ សមាគមអាដហុក សូមអំពាវនាវដល់ រាជរដ្ឋាភិបាលមេត្តាជំរុញអោយមានការចាត់វិធានការផ្លូវច្បាប់ជាមួយនឹងតុលាការថៃ ឬរាជរដ្ឋាភិបាលថៃ ជាបន្ទាន់ដើម្បី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្មារីនីជនជាតិខ្មែរ ដែលត្រូវបានថៅកែជនជាតិថៃវាយធ្វើទារុណកម្មយ៉ាងឃោរឃៅ និងអំពើអាសគ្រាមនៅលើទឹកថៃ ។
ភ្នំពេញ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣
ពត៌មានបន្ថែមសូមទំនាក់ទំនង៖
‑លោកស្រី ជួន ចំរុង ប្រធានកម្មវិធីស្ត្រី និងកុមារ នៃសមាគមអាដហុក ទូរស័ព្ទលេខៈ ០១៧ ៧៣៨ ៣៨៧
‑លោកស្រី លឹម មុនី អនុប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមអាដហុក ទូរស័ព្ទលេខៈ ០១២ ៨៣៤ ៤៤៩