សមាគមការពារសិទ្ធិមនុស្សកម្ពុជា អាដហុក មានការខកចិត្តយ៉ាង ខ្លាំង ចំពោះការ លើកលែងចោទប្រកាន់ ទៅលើជនជាប់ចោទ ២នាក់ ដោយតុលាការសាលាដំបូង ខេត្តរតនគីរី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ក្នុងករណីឃាតកម្មទៅលើ អ្នកកាសែត វីរជនខ្មែរ គឺលោក ហង្ស សេរីឧត្តម ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២កន្លងមក។
នៅក្នុងករណីឃាតកម្មនេះ សមាគអាដហុក បានធ្វើការស៊ើបអង្កេត និង តាមដាន យ៉ាងយកចិត្តទុកដាក់ និងបានរកឃើញនូវការអនុវត្តន៍ ខុសនីតិវិធីច្បាប់ មួយចំនួន ដែលត្រូវបានប្រព្រឹត្តឡើងដោយ មន្រ្តីតុលាការ ខេត្តរតនគីរី មួយចំនួន ដែលមាន ការពាក់ព័ន្ធក្នុងចាត់វិធានការណ៍ នៅក្នុងរឿងក្ដីនេះ។ នៅក្នុងរឿងក្ដី ឃាតកម្ម ទៅលើ លោក ហង្ស សេរីឧត្ដម តុលាការសាលាដំបូងខេត្តរតនគីរី បានបើកសវនការ ជំនុំជំរះ ២លើក គឺ៖ សវនាការលើកទី១ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ដោយក្រុមជំរះ លោក ចៅក្រម អ៊ី សុវណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះនិងសំរេច ចាត់របៀប (ប្រកាសសាលក្រម ៣០/០៤/២០១៣) ដោយអោយមានការស៊ើប បន្ថែម ទៅលើ ភស្ដុតាងពីក្រុមហ៊ុនទូរស័ព្ទ និង ចម្លើយសាក្សី ដែលបានលឺសម្លេង ក្នុងហេតុការណ៍ ដែលចំណុចទាំងនេះ ចៅក្រមស៊ើបអង្កេត លើកទី១ (លោក ឡុច ឡៅ) មិនបានអនុវត្តក្នុង ដំណើរការស៊ើបអង្កេតលើកដំបូង អោយបានតាមការកំណត់ក្នុងមាត្រា ៩៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សវនាការលើកទី២ ក្រោយពីបានប្រកាស សាលក្រម នៃសវនាការលើកទី១ អស់រយៈពេល ៤ខែមក តុលាការខេត្តរតនគីរី ក៏បានបើកសវនាការ លើកទី២ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣។ នៅក្នុងសវនាការលើកទី២នេះ ត្រូវពិចារណាទៅលើការស៊ើបអង្កេតបន្ថែម នូវភស្ដុតាង បន្ថែមដូចជា ឯកសារឆ្លងឆ្លើយតាមទូរស័ព្ទដែលមាននៅក្នុងទិន្នន័យរបស់ ក្រុមហ៊ុនទូរស័ព្ទ (ត្រូវស៊ើបអង្កេតដោយ ចៅក្រមស៊ើបអង្កេត សួស ឡា) ប៉ុន្តែភស្ដុតាង ដ៏សំខាន់នេះ មិនអាចទទួលបាន ដោយក្រុមហ៊ុនទូរស័ព្ទ ឆ្លើយថា មិនអាចផ្ដល់ទិន្នន័យជូនបាន ដោយសារ ទិន្នន័យមានរយៈពេលលើសពី ១ខែទៅហើយ។ នៅក្នុងអង្គសវនាការ ចៅក្រមជំនុំជំរះ មិនបាន កោះហៅអ្នកបច្ចេកទេស ពីក្រុមហ៊ុនទូរស័ព្ទ មកធ្វើការឆ្លើយបំភ្លឺ នៅក្នុងសវនាការទេ ដែលការឆ្លើយ បំភ្លឺរបស់ក្រុមហ៊ុនទូរស័ព្ទ មិនអាចអោយជឿបានថាទិន្នន័យ អាចរក្សាទុក ក្នុងរយៈពេលតែ ១ខែ នោះ។ ម៉្យាងវិញទៀត នៅក្នុងសវនាការលើកទី២នេះ អវត្តមាន មន្រ្តីប៉ូលិសស៊ើបអង្កេត ករណីនេះ ដែលលោក បានសាកសួរ ជនជាប់ចោទ ស៊ឹម ស្រីវី ដែលជាប្រពន្ធជនជាប់ចោទ ហើយអ្នកស្រី ស៊ឹម ស្រីវី បានឆ្លើយសារភាពថា នៅពាក់កណ្តាលយប់ឃើញស្រមោលមនុស្ស ២ទៅ ៣ នាក់ដើរនៅមាត់បង្អូច ក្នុងនោះមានម្នាក់រូបរាងដូច កឹង ស៊ាងឡៃកូន មេ PM ខេត្ត បន្ទាប់មកបានលឺសំលេងបើកទឹកលាងដៃ ខ្លួនក៍ស្រែកសួរ ប្តីប្រាប់ថាគ្មានរឿងអីទេ (ប៉ូលិសមានខ្សែអាត់សម្លេងសារភាព) នៅក្នុងសវនាការ ប្រធានអង្គជំនុំជំរះ បានបដិសេធ ចម្លើយសារភាព ដោយចាតុទុថា ចម្លើយសារភាពនោះ បានមកពីការបង្ខិតបង្ខំ នៅក្នុងករណីនេះ ចៅក្រមត្រូវតែ បើកការស៊ើបអង្កេត ទៅលើចម្លើយសារភាពនេះ ដើម្បីរកអោយឃើញថា តើចម្លើយនោះ បានពីការបង្ខិតបង្ខំ ឬយ៉ាងណា ក្នុងករណីចម្លើយនេះបានពិការបង្ខិតបង្ខំ តុលាការត្រូវបើកការស៊ើបអង្កេត ទៅលើការបង្ខំ អោយឆ្លើយសារភាពនោះភ្លាម ហើយត្រូវផ្ដល់ដំណឹងនេះ ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីស្នើសុំទៅស្ថាប័នពាក់ព័ន្ធក្នុងការសំរេចដាក់ពិន័យ។
ទន្ទឹមនឹងមានភាព មិនប្រក្រតីក្នុង ការសាកសួរ យើងឃើញមានភាព មិនប្រក្រតី ក្នុងការពិនិត្យ និង ធ្វើកោសលវិច្ច័យ ទៅលើភស្ដុតាង សំខាន់ៗ ផ្សេងទៀត ដែលជាភស្ដុតាង ដាក់បន្ទុក។ ប៉ុន្តែភស្ដុតាង ទាំងអស់នោះត្រូវបាន ប្រធានអង្គជំនុំជំរះបដិសេធ ដូចជា ស្បែកជើងរបស់ជនរងគ្រោះ ដែលរកឃើញ ចំងាយប្រមាណ ១៥ ទៅ ២០ ម៉ែត្រ ពី ហាងម្លប់ទឹកដោះ ត្រូវបានចៅក្រមមិនលើកយកមកពិចារណា តាមការស្នើសុំរបស់មេធាវី។ ម៉្យាងវិញទៀត ការធ្វើកោសលវិច្ច័យពិនិត្យ ពិនិត្យឈាម (ស្នាមឈាម) ដែលប្រឡាក់កំរាលពូកនៅក្នុងហាង ម្លប់ទឹកដោះ ដើម្បីកំណត់ថាជា ឈាមមនុស្ស ឬ ជាឈាមអ្វី និងស្នាម ក្រយ៉ៅដៃដែលអាចមាន នៅលើរថយន្ត របស់ជនរងគ្រោះ ត្រូវបានតុលាការ បញ្ជូនទៅធ្វើកោសល្យវិច័្ចយនៅប្រទេស វៀតណាមទៅវិញ ហើយត្រូវបានទទួលលទ្ធផល ថាមិនមែនជាឈាមមនុស្ស និងមិនមានស្នាមអ្វីទាំងអស់នៅលើរថយន្ត។ ការបញ្ជូន អោយធ្វើកោសល្យវិច្ច័យ នៅប្រទេសវៀតណាម ដោយចៅក្រមស៊ើបអង្កេត នៃតុលាការខេត្តរតនគីរី ជាការអនុវត្តន៍រំលោភ ច្បាប់ ស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា ១៦៣, ១៦៤, ១៦៥និង ១៦៦។
គួររំលឹកផងដែរថា លោក ហង្ស សេរីឧត្ដម ជាអ្នកការសែត វីរជនខ្មែរ នៅខេត្តរតនគីរី ដោយជនមិនស្គាល់មុខ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងមកនេះ។ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោងប្រមាណ ៦ ទៅ ៧យប់ លោក ហង្ស សេរីឧត្ដម បានចាកចេញពីផ្ទះ ដោយប្រាប់ ប្រពន្ធរបស់លោកថា មានគេ ទូរស័ព្ទ ហៅឲ្យជួបនៅខាងក្រៅ អ្នកស្រីមិនបានដឹងថា អ្នកនោះ ជានរណាទេ។ លុះបាត់ខ្លួនមិនត្រឡប់មកផ្ទះវិញ ចំនួន២យប់ ។ នៅព្រឹកថ្ងៃអង្គារ៍ ទី១១ ខែកញ្ញា ឆ្នាំ២០១២ ទើប អ្នកស្រី រាយការណ៍ប្រាប់សមត្ថកិច្ច និងមិត្តរួមការងារមួយចំនួន អំពីករណីបាត់ខ្លួនប្តី។ ទាក់ទិន ទៅនឹងករណីនេះ សមាគមអាដហុក បានរកឃើញថា សកម្មភាពកន្លងមក របស់ លោកហង្ស សេរីឧត្តម ច្រើនតែដើរយកពត៌មាន ស្តីពី បទល្មើសដឹកឈើប្រណិត នាំចេញ ដោយខុសច្បាប់ ពីសំណាក់ អ្នកមានលុយ និងសមត្ថកិច្ចមានអំណាចមួយចំនួនក្នុងខេត្ត។ នៅថ្ងៃទី០៦ និង ០៨ ខែកញ្ញា ឆ្នាំ២០១២ កាសែតវីរជនខ្មែរ បានចេញផ្សាយ អត្ថបទមួយ ដែលសរសេរ រិះគន់ ប៉េអ៊ឹម ខេត្តរតនគិរី ម្នាក់ ថាបានចាប់ឡានដឹកឈើកែឆ្នៃ ១គ្រឿង យកលុយ និងឈើ រួចហើយទើបដោះលែង។
នៅទី១៥ ខែកញ្ញា ឆ្នាំ២០១២ ប៉ូលិសខេត្តរតនគីរី បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ២រូប ជាប៉េអ៊ឹមខេត្ត ឈ្មោះ អ៊ាន ប៊ុនហេង (ហៅអេង) និង ប្រពន្ធរបស់ លោក អ៊ាន ប៊ុនហេង ឈ្មោះស៊ឹម វី នៅស្នងការនគរបាល។ នៅថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០១២ ស្នងការនគរបាលខេត្ត រតនគីរី បានបញ្ជូន ជនសង្ស័យ ទាំង ២នាក់ ទៅស្ថាប័ន អយ្យការ ចាត់ការបន្ត តាមនីតិវិធី តុលាការសាលាដំបូង ខេត្តរតនគីរី និង ត្រូវបានតុលាការសំរេច ឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគាខេត្តរតនគីរី។ ក្រោយពីឃុំខ្លួនជនទាំង២នេះ នៅពន្ធនាគារ ជនជាប់ចោទម្នាក់ បានសារភាពនៅចំពោះមុខ មន្រ្តីប៉ូលិស។
សមាគមការពារសិទ្ធិមនុស្ស អាដហុក យល់ឃើញថា ការលើកលែងចោទប្រកាន់ ដោយតុលាការសាលាដំបូង ខេត្តរតនគីរីក្នុងករណីឃាតកម្ម ទៅលើ លោក ហង្ស សេរីឧត្ដម ជាការបង្កើត អោយមានអំពើនិទណ្ឌភាពបន្ថែមទៀត និងជាការគំរាមដល់ស្មារតី អ្នកសារព័ត៌មាន ខាងសន្តិសុខយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ តុលាការ។
សមាគការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវដល់ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និង ឯកឧត្ដម អគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ មេត្តាពិនិត្យ និងធ្វើអន្តរាគមន៍ ក្នុងការរកយុត្តិធម៌ ជូនជនរងគ្រោះ។
ទំនាក់ទំនងបន្ថែម៖
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត សមាគអាដហុក ០១១ ២៧៤៩៥៩