ព្រះវិហារៈ ប្រជាពលរដ្ឋក្រុងព្រះវិហារជាង៦០គ្រួសារបាននាំគ្នាមកដាក់ពាក្យនៅសមាគមការ-ពារសិទ្ធិមនុស្សអាដហុកខេត្ត ព្រះវិហារ ដើម្បីសុំឲ្យ សមាគអាដហុក ជួយរកដំណោះស្រាយក្នុងបញ្ហាដីធ្លី ដែលកំពុងរស់នៅ មុខព្រលានយន្តហោះចាស់ ខណៈដែលក្រុមនិស្សិតស្ម័គ្រចិត្តនិងអាជ្ញាធរខេត្តមិនព្រមវាស់ចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់។
លោក សយ សំអឿន អាយុ៥០ឆ្នាំជាប្រជាពលរដ្ឋរស់នៅក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានឲ្យដឹងពីម្សិលមិញថា គាត់និងពលរដ្ឋ៦១គ្រួសារទៀតបាននាំគ្នាដាក់លិខិតសុំអន្តរាគមន៍ពីសមាគមការពារសិទិ្ធមនុស្សឲ្យជួយរកដំណោះស្រាយដីធ្លីពួកគាត់ដោយសារតែអាជ្ញាធរនិងក្រុមនិស្សិតស្ម័គ្រចិត្តបដិសេធមិនវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីឲ្យ ពួកគាត់កាលពីសប្តាហ៍មុន។
លោកសយ សំអឿន បានបញ្ជាក់ថា៖«ពលរដ្ឋសុំឲ្យក្រុមនិស្សិតវាស់ដីឲ្យតែគេមិនព្រមវាស់ទេ។ ក្រុមនិស្សិតថាដីនេះមានទំនាស់។ យើងភ្ញាក់ផ្អើលគ្រប់ៗគ្នានិងឆ្ងល់ថា តើជាដីទំនាស់អី? ទំនាស់ជាមួយអ្នកណា? គេថា ពួកយើងរស់នៅលើដីរដ្ឋហើយដីនោះគេគ្រោងនឹងពង្រីកព្រលានយន្តហោះនោះ»។
លោក សយ សំអឿន បានអះអាងថា គ្រួសារគាត់បានកាន់កាប់ដីក្បាល៣៣ម៉ែត្រជម្រៅ៥០ម៉ែត្រតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ មានទាំងបង្កាន់ដៃទទួលស្គាល់ពីអាជ្ញាធរភូមិឃុំផង។ តាំងតែពីមកតាំងលំនៅកន្លែងនេះពុំមានអាជ្ញាធរណាមកហាមឃាត់គាត់ឡើយ។ ពលរដ្ឋប្រឆាំងដាច់ខាតចំពោះការដោះដូរដីដែលគាត់កំពុងរស់នៅបែបនេះ ។ ស្រ្តីវ័យ៥២ឆ្នាំ ជាពលរដ្ឋម្នាក់ទៀតបញ្ជាក់ថា៖ «យើងជាពលរដ្ឋ នាំគ្នាឆោឡាពេលដឹងថា គេពង្រីកព្រលានយន្តហោះចូលមកដីយើងហើយអាជ្ញាធរមិនដោះស្រាយឲ្យ។ អ៊ីចឹងមានតែទៅរកអង្គការសិទិ្ធមនុស្សឲ្យជួយហើយបើឲ្យសំណងតិចតួចក៏មិនដឹងយកធ្វើអីកើតដែរសម័យនេះ»។