ខ្លឹមសារសង្ខេប
ឆ្នាំ ២០១១ ជាឆ្នាំដែលមានការផ្តល់សម្បទានដីសេដ្ឋកិច្ច ជាច្រើនរហូតដល់កាត់ដី ចេញពីឧទ្យានជាតិ ពីតំបន់ ការពារសត្វនិងរុក្ខជាតិ តាមរយៈការធ្វើអនុប្បយោគ ពីដីកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ មកជាដីកម្មសិទ្ធិឯកជន របស់រដ្ឋ។ ក្នុងឆ្នាំ ២០១១ នេះ រាជរដ្ឋាភិបាល បានចេញ អនុក្រឹត្យចំនួន ១២៣ អនុក្រឹត្យ ដើម្បីផ្តល់ សម្បទានដីសេដ្ឋកិច្ច ទៅអោយក្រុមហ៊ុនឯកជន ដែលមានផ្ទៃដីចំនួន ៧៥១,៨៨២ ហិកតា។
ក្នុងចំនួន នេះ ផ្ទៃដីជាង ២/៣ បានកាត់ចេញពី ដីការពារដោយ ព្រះរាជក្រឹត្យ ហើយមានដីតែ ២១៩,៤២៥ ហិកតា ប៉ុណ្ណោះ ដែលមិនប៉ះពាល់ ដីការពារដោយព្រះរាជក្រឹត្យ។ តួលេខនេះបញ្ជាក់ អោយឃើញ ច្បាស់ថា នៅប្រទេសកម្ពុជា ពុំមានដីទំនេរ ច្រើនទៀតទេ សំរាប់ផ្តល់ សម្បទានដីសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន។ ការផ្តល់ សម្បទានដីសេដ្ឋកិច្ច ដ៏ច្រើននេះ ក៏ជាមូលហេតុដ៏ចម្បងផងដែរ ដែលបង្កអោយមាន ទំនាស់ដីធ្លី នាពេលបច្ចុប្បន្ន និងទៅបណ្តា ឆ្នាំខាងមុខៗ ទៀត។
គិតមកទល់នឹង ឆ្នាំ២០១១ នេះ រាជរដ្ឋាភិបាល បានផ្តល់ សម្បទានដីសេដ្ឋកិច្ច ប្រមាណ ២,២៧៦,៣៤៩ ហិកតា ទៅដល់ក្រុមហ៊ុន ចំនួន ២២៥ ក្រុមហ៊ុន តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតាមរយៈ អនុក្រឹត្យ ផ្តល់សម្បទានដីសេដ្ឋកិច្ច ពីប្រមុខរាជរដ្ឋាភិបាល ដោយផ្ទាល់។ ចំនួន សម្បទានដីសេដ្ឋកិច្ច នេះអាច មានច្រើនជាងនេះទៀត ព្រោះមានក្រសួង មួយចំនួនទៀត មានសិទ្ធិ ផ្តល់សម្បទានដីសេដ្ឋកិច្ច សំរាប់វិស័យផ្សេងៗ ដូចជាសម្បទានដីសំរាប់រុករករ៉ែ ( ៥៦ សម្បទាន) តាមរយៈ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមានផ្តល់ សម្បទានដីសេដ្ឋកិច្ច សំរាប់ ពង្រីកតំបន់ សេដ្ឋកិច្ចពិសេស ដែលមានចំនួន ២២ សម្បទានទៀត។ មកទល់ពេលនេះ យើងពុំទាន់ឃើញមានការចាត់តាំង ពីរាជរដ្ឋាភិបាល ឲ្យស្ថាប័នរដ្ឋណាមួយ ដែលមានសិទ្ធិ ក្នុងការប្រមូលទិន្នន័យរួមមួយ នៃដីសម្បទានសេដ្ឋកិច្ច ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន ជាតិ និង អន្តរជាតិនៅឡើយនោះទេ។
សម្បទានដីសេដ្ឋកិច្ច ដែលបង្កឲ្យមាន ទំនាស់ជាមួយ សិទ្ធិកាន់កាប់ដីធ្លី របស់ប្រជាកសិករ និងជនជាតិដើមភាគតិច ជាទូទៅ គឺមានមូលហេតុ មកពីការមិនអនុវត្តន៍ ឲ្យបានត្រឹមត្រូវ តាមច្បាប់ភូមិបាល និង អនុក្រឹត្យ ស្តីពីការផ្តល់ សម្បទានដីសេដ្ឋកិច្ច (អនុក្រឹត្យលេខ១៤៦)។
ការមិនបានធ្វើការវាយតម្លៃ ពីផលប៉ះពាល់ ខាងបរិស្ថាន និង សង្គមជាមុននេះ គឺជាចំណុចសំខាន់បំផុត នៃចំណុចសំខាន់ ដទៃឯទៀត។ រាជរដ្ឋាភិបាល ថ្នាក់ជាតិ តែងតែលើកឡើង ជាសាធារណៈថា ឲ្យមានការឃ្វាល ដីស្រែ ចំការ របស់ប្រជាជន ចេញ តែការអនុវត្តជាក់ស្តែង ក្រុមហ៊ុន បានប្រើប្រាស់វិធីសាស្រ្ត គ្រប់បែបយ៉ាង ដើម្បីបណ្តេញប្រជាជន ឲ្យចេញពី ចំការដំណាំរបស់ពួកគេ ដោយមានសំណង ដែលមិនពេញចិត្តពីសំណាក់ប្រជាជន ដែលទទួល ផលប៉ះពាល់ ទាំងនោះ។
ការមិនផ្សព្វផ្សាយ ព័ត៌មានអំពី ការធ្វើសម្បទានដីសេដ្ឋកិច្ច ឬ លាក់ព័ត៌មាន ទាំងនោះ ថែមទៀត ពីសំណាក់ អាជ្ញាធរ មានសមត្ថកិច្ច។ ជាទូទៅ ប្រជាជន បានដឹងពី ការផ្តល់សម្បទានដីសេដ្ឋកិច្ច ទាល់តែក្រុមហ៊ុន បានចាប់ផ្តើម ឈូសឆាយដី ប៉ះពាល់លើ ដីស្រែ ចំការ ឬ ភូមិរបស់គាត់ ប៉ុណ្ណោះ។
មានក្រុមហ៊ុន ជាច្រើន បានធ្វើការឈូសឆាយ ដីស្រែចំការ និង លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដោយត្រឹមតែ មានសេចក្តីជូនដំណឹង (ស.ជ.ណ) តែប៉ុណ្ណោះ ។ យោងតាម គតិច្បាប់ ស.ជ.ណ មិនមែន ជាបទដ្ឋានគតិយុត្ត ដែលក្រុមហ៊ុន អាចចាប់ផ្តើម ធ្វើសកម្មភាព នោះទេ។ ប៉ុន្តែតាម ការអនុវត្ត ជាក់ស្តែង ក្រុមហ៊ុន ដែលមាន ត្រឹមតែ ស.ជ.ណ ហាក់បីដូចជា មានឥទ្ធិពល ខ្លាំងជាងក្រុមហ៊ុន ដែលមានកិច្ចសន្យា សម្បទាន ទៅទៀត។ នៅពេលទំនាស់ កើតឡើង ការដោះស្រាយ មានភាពអូសបន្លាយ ហើយដំណោះស្រាយមានភាពលំអៀង ច្រើនទៅរក ភាគីក្រុមហ៊ុន។ ក្នុងករណីជាច្រើន ការយកតុលាការ ដើម្បីកៀបសង្កត់ ភាគីប្រជាជន កាន់តែមាន ច្រើនឡើងៗ។ ក្នុងឆ្នាំ២០១១ តុលាការ បានចោទប្រកាន់ ទៅលើតំណាង ភាគីប្រជាជន មានចំនួន ៤២៧ករណី ច្រើនជាងឆ្នាំ២០១០ ដែលមានតែ ជាង៣០០ ករណី ប៉ុណ្ណោះ ក្នុងជម្លោះដីធ្លី គ្រប់ប្រភេទ។
គោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច ដោយផ្តោតលើ ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម គឺជា នយោបាយ ត្រឹមត្រូវ ព្រោះប្រទេសយើងមានលក្ខណៈ អំណោយផលល្អច្រើន ក្នុងវិស័យនេះ ប៉ុន្តែគំរូអភិវឌ្ឍន៍ កសិ-ឧស្សាហកម្ម មួយដែលផ្តល់ ដីដ៏ច្រើន សន្ធឹកសន្ធាប់ ទៅឲ្យ ក្រុមហ៊ុនឯកជនជាតិ និង អន្តរជាតិ និង ដេញប្រជាជនចេញ ពីដីរបស់ខ្លួន ដោយពុំមាន សំណងត្រឹមត្រូវ បែបដូចសព្វថ្ងៃនេះ គួរតែពិនិត្យ ពិចារណា ឡើងវិញ។ ព្រោះការ អភិវឌ្ឍន៍ បែបនេះមានតែ ក្រុមហ៊ុនទេ ដែលបាន ចំណេញ ច្រើន ប៉ុន្តែប្រជាជនដែល ទទួល ផលប៉ះពាល់ ពីសម្បទានដីសេដ្ឋកិច្ច ទាំងនេះ បានត្រូវខាតបង់ផលប្រយោជន៍ យ៉ាងច្រើន។
មានគំរូអភិវឌ្ឍន៍ មួយបែបទៀត ដែលយើងយល់ថា ជាគំរូ មានលក្ខណៈ ល្អប្រសើរ ជាងគំរូខាងលើនោះ គឺការទុកដី ចែកជូនដល់ប្រជាកសិករ មួយគ្រួសារៗ ដែលត្រូវការដី ក្នុងការផលិតដំណាំកសិកម្ម ហើយបង្ក លក្ខណៈ ឲ្យក្រុមហ៊ុនឯកជនជាតិ និង អន្តរជាតិ មកផ្តល់ពូជល្អៗ និងមកបណ្តុះបណ្តាល នូវបច្ចេកវិទ្យាថ្មីៗ ដល់កសិករ ដើម្បីបង្កើន ផលិតភាព កសិកម្មរ បស់ខ្លួន រួចក្រុមហ៊ុន ចាំប្រមូលទិញ ផលិតផល ដើម្បីច្នៃប្រឌិត សំរាប់នាំចេញ ព្រោះថា អភិវឌ្ឍន៍ បែបនេះ ទាំងប្រជាកសិករ ទាំងក្រុមហ៊ុន និង រដ្ឋ ទាំងអស់គ្នា នឹងទទួលបានផលចំណេញ ពីដំណើរ អភិវឌ្ឍន៍នេះ។
ក្រៅពីជម្លោះ សម្បទានដីសេដ្ឋកិច្ច ក៏មានបញ្ហា លើការបណ្តេញ សហគមន៍ក្រីក្រ ចេញដោយបង្ខំពីទីក្រុង ដោយអាជ្ញាធរ មានសមត្ថកិច្ច។ រហូតមកទល់ នឹងឆ្នាំ២០១១នេះ មានសហគមន៍ ចំនួន១២៧ សហគមន៍ ត្រូវបាន បណ្តេញចេញ ក្នុងនោះមាន ៨១សហគមន៍ នៅក្នុងរាជធានីភ្នំពេញ ។ ចំនួនប្រជាជន ដែលប៉ះពាល់ ដោយការបណ្តេញចេញនេះ មានចំនួន ៣០,០០៩គ្រួសារ។ យោងតាមស្ថិតិ អង្គការធាងត្នោត មានសហគមន៍ក្រីក្រ ទាំងអស់ចំនួន ៧៣៣ នៅទូទាំងប្រទេស។ ដូច្នេះ នៅមាន ៦០៦ សហគមន៍ ទៀត ដែលអាចស្ថិតនៅក្នុង ការប្រឈម ទៅនឹងការ បណ្តេញចេញ នាពេលអនាគត ទៀត។
មូលហេតុ នៃការបណ្តេញចេញនេះ គឺអាជ្ញាធរ មិនទទួលស្គាល់ នូវសិទ្ធិភោគៈ របស់ សហគមន៍ក្រីក្រ ទាំងនោះទេ ទោះបីជា សហគមន៍ទាំងនោះ បានរស់នៅ លើកន្លែងទាំងនោះ ពីយូរណាស់ មកហើយក្តី។ ប្រការនេះបានបង្ហាញឲ្យឃើញ អំពីការមិនទទួលស្គាល់ នូវសិទ្ធិ មានលំនៅដ្ឋាន ឲ្យដល់ប្រជាជនក្រីក្រ នានានៅក្នុងទីក្រុង នោះទេ។ នៅពេលបណ្តេញចេញ បើយកដីកន្លែងនោះ សំរាប់ធ្វើសំណង់ជាប្រយោជន៍ សាធារណៈ នោះ អាចមានទឡ្ហីករណ៍ ទទួលយកបានខ្លះ នៅពេល មានការផ្តល់សំណងសមរម្យ ដល់សហគមន៍ ទាំងនោះ។ ប៉ុន្តែជាទូទៅ ការបណ្តេញចេញភាគច្រើន គឺបានផ្តល់ដីកន្លែងនោះ ទៅឲ្យ ក្រុមហ៊ុនឯកជន ធ្វើជាសំណង់ឯកជន សំរាប់លក់ ដើម្បីមានបាន របស់ក្រុមហ៊ុន (ឧទាហរណ៍ៈសំណង់បុរី) ទៅវិញ។ ក្រោយការបណ្តេញចេញ ទីកន្លែងថ្មី សំរាប់ជាសំណងនោះ គឺពុំមាន ហេដ្ឋារចនាសម្ពន័្ធ ពុំមានទឹក ពុំមានភ្លើង សំរាប់អ្នកបណ្តេញចេញ ទាំងនោះទេ។ ភាគច្រើនលើសលប់ នៃអ្នកទាំងនោះ បានត្រឡប់ មករស់នៅ ក្នុងទីក្រុងវិញ ដោយហេតុថា អ្នកក្រីក្រត្រូវការមានចំណូល ប្រចាំថ្ងៃតាមរយៈ រកការងារ ប្រចាំថ្ងៃ ធ្វើនៅក្នុងទីក្រុង ព្រោះនៅ ជាយក្រុង ពួកគាត់ពុំអាចរកការងារ ប្រចាំថ្ងៃធ្វើបានទេ។ ផលប៉ះពាល់ ពីការបណ្តេញដោយបង្ខំ មានច្រើន (សូមអានរបាយការណ៍លំអិតទំព័រ ៨…)។
មានការរៀបចំចែក ដីជូនដល់អតីតយុទ្ធជន និងយោធិនពិការ តាម ទម្រង់សម្បទានដីសង្គមកិច្ច ក្នុង ១១ខេត្ត នៅទូទាំងប្រទេស (ឆ្នាំ ២០១១ មាន ៤៤,៨៩៧ ហិកតា)។ ប៉ុន្តែជាក់ស្តែង គណៈកម្មាធិការសម្បទានដីសង្គមកិច្ច បានចែកដីបាន ត្រឹមតែ ២,១០៨ គ្រួសារតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាសញ្ញាវិជ្ជមាន មួយដែរ ដែលបង្ហាញពីការ ខិតខំប្រឹងប្រែងនេះ។ ប៉ុន្តែទំហំដី សម្បទានដីសង្គមកិច្ច នេះ ពុំមានតុល្យភាព ទៅនឹង សម្បទានដីសេដ្ឋកិច្ច នោះទេ គឺមានគម្លាតគ្នា ឆ្ងាយណាស់។ ប្រជាកសិករ ក្រីក្រនៅពុំទាន់បានទទួល ការយកចិត្តទុកដាក់ផ្តល់ សម្បទានដីសង្គមកិច្ច នេះជូនដល់ពួកគាត់ នៅឡើយទេ ព្រោះភាគច្រើនលើសលប់ នៃសម្បទានដីសង្គមកិច្ច គឺផ្តល់តែទៅដល់ អតីតយុទ្ធជន និងយោធិនពិការ ប៉ុណ្ណោះ។ ម្យ៉ាងទៀត សម្បទានដីសង្គមកិច្ច មួយចំនួនបាន ប៉ះពាល់ រំលោភ ទៅលើ ដីស្រែ ចំការ របស់ប្រជាជនដែលបានរស់នៅ ទីនោះជាយូរ មកហើយផងដែរ។
ការដោះស្រាយ ជម្លោះដីធ្លី ជាទូទៅបានត្រូវ អូសបន្លាយរាប់ឆ្នាំ ហើយអ្នកដែលមានសមត្ថកិច្ចដោះស្រាយ ច្រើនមានភាពលំអៀង ឬខ្លាចញញើត ដល់ភាគីក្រុមហ៊ុន ដែលមានខ្នងក្រាស់ៗ ឬភាគីអ្នកមានអំណាច។ ប្រការនេះបានបង្កឲ្យមានការកើនឡើង នូវការទាមទារតវ៉ា របស់ភាគីប្រជាពលរដ្ឋក្រីក្រ និងគ្មានអំណាច។ ក្នុងចំណោម ការទាមទារតវ៉ា ជាច្រើន មានការរារាំង ហាមឃាត់ និងវាយបំបែក ដោយប្រើហិង្សា ពីសំណាក់កងកម្លាំងប្រដាប់អាវុធ ចំនួន ៣៦លើក មកលើការទាមទារតវ៉ា របស់សហគមន៍ រងគ្រោះទាំងនោះ។
ការប្រើប្រាស់ ការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ក៏មានកាន់តែ កើនឡើងដែរ។ ឆ្នាំ ២០១១ មានមនុស្ស យ៉ាងតិច ៤២៧នាក់ បានត្រូវរង ការចោទប្រកាន់ (ឆ្នាំ ២០១០ មានតែ ៣១៩ ករណីប៉ុណ្ណោះ) ក្នុងនោះ មានមនុស្ស ៩៥នាក់ បានត្រូវចាប់ខ្លួន ហើយរហូត មកដល់នឹងពេលនេះ នៅមានមនុស្ស ៤៨នាក់ ទៀត ដែលកំពុង នៅជាប់ឃុំឃាំង នៅឡើយ។ អ្នកនៅសល់ពីនេះកំពុងរត់ គេចខ្លួន ឬរង់ចាំការកាត់ក្តី ពីតុលាការ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានមន្រ្តី សិទ្ធិមនុស្ស តំណាងរាស្រ្ត អ្នកសារព័ត៌មាន មេធាវី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជំទប់ មួយចំនួនផងដែរ។