ក្រុមហ៊ុន TTY ប្រើប្រាស់ ក្រុមសន្តសុខ បាញ់សម្លាប់ប្រជាពលរដ្ឋ ដោយសាររឿងទំនាស់ដីធ្លី

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៩​និង៣០ នាទីព្រឹក នៅចំណុចឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី និង ចំណុចភូមិក្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រុមហ៊ុន TTY ដែលគេដឹងថា ជារបស់ ឧកញ៉ា ណា ម៉ារ៉ាឌី បានបញ្ជារអោយកម្លាំងសន្តិសុខ ដែលមានឯកសណ្ឋាណ ជាយោធា និងប្រើប្រាស់ អាវុធ AK បាញ់រះ ទៅលើហ្វូងប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារ ទំនាស់ដីធ្លី បានបណ្ដាលអោយប្រជាពលរដ្ឋ ៤នាក់ រងរបួស។

នៅក្នុងអំឡុងឆ្នាំ២០០៦ មានប្រជាពលរដ្ឋប្រមាណជា ៥០០គ្រួសារ បានចូលមករស់នៅ​ ក្នុងតំបន់ខាងលើ ដោយបានដាំដំណាំ សំរាប់ចិញ្ចឹម ជីវិត ដោយមិនមាន អាជ្ញាធរណា ធ្វើការហាមឃាត់ឡើយ។ លុះដល់ឆ្នាំ២០០៨ ស្រាប់តែឃើញមាន ក្រុមហ៊ុន TTY ចុះធ្វើការឈូសឆាយ ដីនិងដំណាំរបស់ ប្រជាពលរដ្ឋ​ ដែលបានដាំនៅទីនោះ ដោយក្រុមហ៊ សំអាងថា មាន ស.ជ.ណ. ពីរដ្ឋាភិបាល​ ដោយក្រុមទទួលបាន សម្បទានដីសេដ្ឋកិច្ច ទំហំ ៩,៧៨០ ហិកតា។ នៅក្នុងឆ្នាំ២០០៨ ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរខេត្តក្រចេះ ដើម្បីសុំអោយមាន ​ការដោះស្រាយ ក៏ប៉ុន្តែ​ពាក្យបណ្ដឹង ​របស់​ប្រជាពលរដ្ឋ មិនត្រូវបានយកមក ធ្វើការដោះស្រាយនោះទេ ហើយចំណែកឯ ក្រុមហ៊ុនវិញ បានធ្វើសកម្មភាព ឈូសឆាយដី និង ដំណាំរបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ដោយមិនមានអាជ្ញាធរ ថ្នាក់មូលដ្ឋាន ធ្វើការហាមឃាត់ឡើយ។ រហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុន នៅតែបន្តធ្វើការឈូសឆាយ ដី និងដំណាំរបស់ ប្រជាពលរដ្ឋបន្តទៀត ដោយមានការដាក់ កម្លាំង​សន្តិសុខ​មកជាមួយផង នៅក្នុងព្រឹត្តិការណ៏ មានប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ បានធ្វើការទប់ស្កាត់ មិនអាយក្រុមហ៊ុនឈូសឆាយដំណាំរបស់ពួកគេ និងបានសំណូមពរដល់ក្រុមហ៊ុន សុំប្រមូលផលដំឡូង របស់ពួកគេសិន ក៏ប៉ុន្តែក្រុមហ៊ុន មិនឯកភាពតាមសំណូមពររបស់ ប្រជាពលរដ្ឋ និងថែមទាំង បញ្ជារអោយ កម្លាំងសន្តិសុខ ដែលមានឯកសណ្ឋាជា យោធាបាញ់រះលើហ្វូងប្រជាពលរដ្ឋ។