នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកូដករនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានដាក់ញត្តិតាមដានពាក្យបណ្តឹងរបស់ខ្លួនជូន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយកដ្ឋានវិវាទការងារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងស្នើសុំពន្លឿននីតិវិធីលើពាក្យបណ្តឹងទាមទាររបស់ពួកគេចំនួនបីចំណុចទាក់ទងនឹងករណីវិវាទ ដោយយោងតាមកម្មវត្ថុដូចតទៅ៖
១. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៩នាក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល (Naga Academy) ចូលធ្វើការវិញ និងគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ។
២. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ២៨១នាក់ និង ETP ចំនួន ១១នាក់ ដែលបានចូលរួមធ្វើកូដកម្មចូលធ្វើការនៅកន្លែងដើមវិញ និងគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
៣. ទាមទារក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន ៨៥នាក់ ដែលក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់ចូលធ្វើការវិញ ដោយគិតប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ។
ក្រោយពីជួប លោក និន វណ្ណៈ អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងនីតិកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ សន្យាថានឹងយកញត្តិទៅដោះស្រាយ និងព្យាយាមស្វែងរកដំណោះស្រាយជូនកូដករ។ ទោះជាយ៉ាងណាក៏ដោយ លោក ណាំ ទីវ័ន្ត តំណាងក្រុមកូដករបានឱ្យដឹងថា លោកហាក់មិនទាន់មានជំនឿចិត្ត ព្រោះការទាមទារនេះមានរយៈពេល៣ឆ្នាំមកហើយ នៅមិនទាន់មានការដោះស្រាយនៅឡើយ។
គួររំលឹកថា ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មការទាមទារឱ្យមានការដោះស្រាយលើករណីវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ និងមានការជួបចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើកផងដែរ ក៏ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនេះនៅឡើយទេ៕