២១ ឆ្នាំ រងចាំយុត្តិធម៌

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ សហជីព សកម្មជន កម្មករ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយប្រមាណជាង ១០០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធីដើម្បីដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធ នៅមុខរូបសំណាក លោក ជា វិជ្ជា ក្បែរវត្តលង្កា រាជធានីភ្នំពេញ ដើម្បីរំលឹកខួបគម្រប់២១ ឆ្នាំ នៃការបាញ់សម្លាប់លោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា គឺជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដ៏លេចធ្លោមួយរូប។ ពួកគេបានចូលរួមដាក់កម្រងផ្កានៅមុខរូបសំណាក និងថ្លែងស្នើឱ្យមានយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងសូមឱ្យបញ្ចប់និទណ្ឌភាពក្នុងសង្គម។ មន្រី្ដនគរបាលប្រមាណជា៥០ នាក់ ទាំងក្នុងឯកសណ្ឋាន និងសម្លៀកបំពាក់ស៊ីវិល ត្រូវបានដាក់ពង្រាយនៅទីតាំងជួបជុំនោះ ព្រមទាំងឃ្លាំមើល និងថតរូបអ្នកចូលរួម។ សមាគមអាដហុក អង្គការលីកាដូ  និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឃ្លាំមើលការជួបជុំនេះផងដែរ។